ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរស្រុកឆែប និងមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃ បានចុះបង្ក្រាបបទល្មើសព្រៃឈើដោយចាប់ឃាត់រថយន្តសាំយ៉ុង០១គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារលេខ២ខុសច្បាប់ពេញណែនស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប។ ម្ចាស់បទល្មើសព្រៃឈើបានយល់ព្រមចូលខ្លួនដោះស្រាយបង់ប្រាក់ពិន័យជាមួយសមត្ថកិច្ចផងដែរ។
នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃ លោកសេង លាង បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈថា រថយន្តដឹកឈើអារប្រភេទផ្តៀក គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើខាងលើម៉ាកសាំយ៉ុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ2P-0367 ត្រូវបានចាប់ឃាត់កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបន្តថា មុនចុះបង្ក្រាបបទលើ្មសព្រៃឈើនេះ លោកបានរាយការណ៍សុំការអនុញ្ញាតពីលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារផងដែរ ក្នុងនោះបានសហការជាមួយ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុកឆែប និងកម្លាំងនគរបាលស្រុកឆែបជាច្រើននាក់ទៀត។ វត្ថុតាងឈើនៅលើរថយន្តល្មើសមានចំនួន២៣៥សន្លឹកប្រភេទឈើផ្តៀកស្មើនឹង៤,៣៧៥ម៉ែត្រគូប បានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែបរីឯម្ចាស់ឈើឈ្មោះឆាយប៊ុនទ្បេង រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារបានយល់ព្រមចូលខ្លួនទៅដោះស្រាយបង់ប្រាក់ផាកពិន័យ១គុណនឹង៣ផងដែរ៕