ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ការងារ ​៖ ​រឿង​ពលករ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ជា​បញ្ហា​សាកលលោក​

ភ្នំពេញ​ ៖​ ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​ពី​សំណាក់​ក្រុម​ប្រឆាំង​ពី​បញ្ហា​ពលករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នោះ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា​ វា​ជា​បញ្ហា​សាកលលោក​នោះ​ទេ ​មិនមែន​មានតែ​ប្រទេស​កម្ពុជា​នោះ​ទេ ​សូម្បីតែ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​អឺរ៉ុប​ក៏មាន​ប្រជាជន​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែរ​ដោយសារតែ​ប្រាក់​ឈ្នួល​ប្រទេស​គេ​ច្រើនជាង​ប្រទេស​ខ្លួន​។

លោក​រដ្ឋមន្ត្រី​ចាត់ទុកថា ​នេះ​វា​ជា​កាល​នុ​វត្ត​ភាព​មួយ​របស់​យើង​មួយ​ដែរ​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៧ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង​ការងារ​ឲ្យ​ដឹង​ទៀត​ថា ​តាម​អង្ក​ការ​អាយ​ឡូ​បង្ហាញ​ថា ​បច្ចុប្បន្ន​នេះ​មាន​ពលករ​សន្ត​ប្រវេសន៍​ប្រមាណ​ជាង​២០០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

ជាក់​ស្តែង​ថ្មីៗ​នេះ​នៅ​សហរដ្ឋអាមេរិក​ប្រធានាធិបតី​ដូ​ណា​ត្រាំ ​បាន​សម្រេច​សង់​ជញ្ជាំង​នៅ​ជាប់​ព្រំដែន​ប្រទេស​ម៉ិចស៊ិក​កូ ​ដែល​បញ្ហា​នេះ​បណ្តាល​មក​ពី​ក្នុង​មួយ​ឆ្នាំ​មាន​ប្រជាជន​ម៉ិចស៊ិក​កូ​ចូល​មក​រក​ការងារ​នៅ​អាមេរិក​ច្រើន​ដោយសារ​ប្រាក់ខែ​ខ្ពស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​អាមេរិក​។

ក្រៅ​ពី​នេះ​នៅ​ទ្វីប​អឺរ៉ុប​ដូចជា​នៅ​ប្រទេស​បារាំង​ ដែល​ជា​ប្រទេស​អ្នកមាន​ដែរ​ក៏​មាន​ប្រជាជន​ទៅធ្វើ​ការ​នៅ​ប្រទេស​ស្វី​ស​ប្រមាណ​ជា​៥០​នាក់​ដែរ ​ក្នុង​១​ឆ្នាំៗ​ហើយ​មូលហេតុ​មកពី​ប្រាក់ខែ​ខ្ពស់​នេះឯង។

លោក ​អ៊ិត ​សំហេង​ បាន​បន្ថែម​ថា ​ងាក​មក​នៅ​តំបន់​អាស៊ាន​យើង​វិញ​ប្រទេស​ដែល​មាន​ពលករ​ទៅ​ធ្វើ​ការ​មាន​ប្រទេស​ថៃ សាំង​ហ្គា​ពួរ ម៉ាឡេស៊ី​និង​ប្រ៊ុយណេ​។ ចំណែក​ប្រទេស​៦​ទៀត​រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ភូមា ឡាវ​និង​កម្ពុជា​សុទ្ធ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តែ​ច្រើន​ជាង​គេ​មាន​ប្រទេស​ហ្វីលីពីន​មាន​ប្រជាជន​ប្រមាណ​ពី​៨​ទៅ​១០​លាន​នាក់​ធ្វើការ​នៅក្រៅ​ប្រទេស​ហើយ​ដោយ​រក​ចំណូល​មក​ក្នុងស្រុក​វិញ​ប្រមាណ​ជាង​២០​ពាន​លាន​ដុល្លារ​អាមេរិក។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​អញ្ចឹង​ទេ​នេះ​ គឺជា​បាតុភាព​សាកលលោក​ទាំងមូល​ហើយ​ខ្ញុំ​គិត​ថា ​វា​ក៏​ជា​កាលានុវត្តនភាព​មួយ​ដែរ​ សម្រាប់​បងប្អូន​ពលករ​យើង​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​ជីវភាព​រីកចម្រើន​»។

លោក ​អ៊ិត ​សំហេង ​បាន​ឲ្យ​ដឹង​ទៀត​ថា ​គិត​ត្រឹម​ក្នុង​ឆ្នាំ​២០១៦​ មាន​ពលករ​-​ពល​ការិនី​កម្ពុជា ដែល​ចេញទៅ​ធ្វើការ និង​រស់នៅ​ក្រៅ​ប្រទេស​មា​ន​ចំនួន ១,១៥០,០០០​នាក់ ​ដោយ​បាន​ផ្ញើ​ថវិកា​ជូន​ក្រុមគ្រួសារ​វិញ​ជាង​១.៧​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​ពលករ​ទាំងនោះ​ភាគច្រើន​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែលមាន​ជិត​១​លាន​នាក់​ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មិន​ទាន់​មាន​ឯកសារ​ត្រឹមត្រូវ ប្រហែល ៣៦០,០០០​នាក់​។ ​ក្រៅពីនេះ​ធ្វើការ​នៅ​ប្រទេស​មួយចំនួនទៀត​ដូចជា កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី​ជាដើម។

បើ​តាម​លោក ហេង សួរ ដែល​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន​១,១៥​លាន​នាក់​ធ្វើការ​នៅបរទេស​នោះ​ មាន​ពលករ​១​លាន​៦​ម៉ឺន​នាក់​ ហើយ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​បាន​ផ្ញើ​ថវិកា​ទំហំ​១៣០០​លាន​ដុល្លារ ​ចូល​មក​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​កំណើត​វិញ​។

លោក​ហេង​ សួរ​ បាន​បញ្ជាក់​ថា​ ក្រៅពី​ប្រទេស​ថៃ​ មាន​ពលករ​ខ្មែរ​ចំនួន​៤៦០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​សាធារណរដ្ឋ​កូរ៉េ ៤​ម៉ឺន​នាក់ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ៤​ពាន់​នាក់​ផ្សេងទៀត​នៅក្នុង​ប្រទេស​ជប៉ុន និង​៤០០​នាក់​នៅក្នុង​ប្រទេស​សិង្ហ​បុរី។

លោក ​អ៊ិត ​សំហេង ​បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ពលករ​ខ្មែរ​យើង​ធ្វើការ​នៅ​បរទេស​ពិសេស​នៅ​ប្រទេស​ថៃ​ដោយសារ​តែ​មាន​ពលករ​ប្រមាណ​ជា​៣០​ភាគរយ​ទៀត​ នៅ​មិន​ទាន់​មាន​ឯកសារ​ត្រឹមត្រូវ​នៅឡើយ​។ តែ​យ៉ាងណាក៏ដោយ​ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​រវាង​កម្ពុជា​ និង ​ថៃ​ បងប្អូន​ពលករ​ដែល​មិន​ទាន់​មាន​ឯកសារ​ទាំងនោះ​អាច​រស់នៅ​និង​ធ្វើការ​បាន​នៅ​ប្រទេស​ដោយសារតែ​ថៃ​បាន​ចេញ​ប័ណ្ណ​ស៊ី​ជម្ពូ​ដល់​ពួកគេ ​ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ដូចជា​ពលរដ្ឋ​ថៃ​អីចឹង​ដែរ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ​ដូចនេះ​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​ត្រូវ​ផ្តល់​ឯកសារ​តាម​ផ្លូវ​ច្បាប់​ដល់​ពលករ​ទាំង​នោះ​ ហើយ​ការងារ​នេះ​យើង​បាន​សហការ​ជាមួយ​ភាគី​ថៃ​ហើយ​។ ដូចជា​បើក​កន្លែង​ផ្តល់​លិខិតឆ្លងដែន​និង​ប័ណ្ណ​ការងារ​ដល់​បងប្អូន​ពលករ​ហើយ​ថ្មីៗ​នេះ​យើង​បាន​សហការ​ជាមួយ​ថៃ​បើក​មជ្ឈមណ្ឌល​ច្រកចេញចូល​ជាច្រើន​កន្លែង​ថែមទៀត​តាម​បណ្តា​ខេត្ត​ហើយ​នឹង​បញ្ជូន​សំណុំ​ឯកសារ​និង​លិខិតឆ្លងដែន​និង​ប័ណ្ណ​ការងារ​ដល់​ពលករ​នៅ​តាម​រោងចក្រ​នៅ​ប្រទេស​ថៃ​ណា​ដែលមាន​ពលករ​ខ្មែរ​ធ្វើ​ការ​ចាប់​ពី​៨០​នាក់​ឡើងទៅ។

លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ ​សូម​កុំ​ជឿ​លើ​ការ​ញុះញង់​ផ្សេងៗ​ព្រោះ​វា​មិន​មាន​ប្រយោជន៍​អី​ទេ​យើង​នឹង​ខិតខំ​ដោះស្រាយ​ទាំង​ក្នុង​ប្រទេស​ និង ​ក្រៅ​ប្រទេស​មិន​ឲ្យ​បងប្អូន​មាន​បញ្ហា​ដូចជា​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ និង ​ធ្វើ​ឲ្យ​បង្អូន​មាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ស្រុក​គេ​ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684