ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​យោធា​ភូមិភាគ​៤​ ចាប់​ពស់ថ្លាន់​១​ក្បាល​ទម្ងន់​៨​គីឡូក្រាម​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ថែរក្សា​បន្ត

សៀមរាប​ ៖ មន្ត្រី​យោធា​បាន​ឃើញ​ពស់ថ្លាន់​ញី​១​ក្បាល​ នៅ​លើ​ត្រង់​សេ​ ក្នុង​បន្ទាយ​ទាហាន​អតីត​ភូមិភាគ​៤​ ខណៈ​ពេលដែល​ពួកគេ​បាន​ចេញពី​ប្រជុំ​ជួរ​ក្នុង​បន្ទាយ​របស់​ខ្លួន ​រួច​បាន​ធ្វើ​ការ​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដើម្បី​យកទៅ​ថែរក្សា​បន្ត។

ក្នុង​ការ​ប្រគល់​សត្វ​ពស់ថ្លាន់​ញី​១​ក្បាល​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ នោះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​អតីត​បន្ទាយ​ភូមិភាគ​៤ (​ចាស់​)​ក្នុងភូមិ​ខ្វៀន សង្កាត់គោកចក ក្រុង​សៀមរាប។

​លោក វរសេនីយ៍ទោ សោម វុត្ថា មេបញ្ជាការរង វរ​៦៩ និង ជា​នាយរង​វរ ប្រចាំ​ទិស​ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ថា មុនដំបូង​ពួកគាត់​បាន​នាំ​គ្នា​មក​ប្រជុំ​ជួរ ដើម្បី​រៀបចំ​កម្លាំង​ការពារ​ព្រះមហាក្សត្រ ដែល​បាន​យាង​មក​ខេត្តសៀមរាប ខណៈ​ពេល​នោះ ក៏​នាំគ្នា​បែក​ជួរ​នៅ​កន្លែង​រៀងៗ​ខ្លួនៗ ស្រាប់តែ កូនចៅ​របស់​លោក បាន​ឃើញ​សត្វ​ពស់ថ្លាន់​ញី​១​ក្បាល ដែល​វា​មកពី​ក្រោម​អង់​តែ​ន ក្នុង​បន្ទាយ​។

លោក​បាន​បន្ត​ថា បន្ទាប់ពី​ពួកគេ​បាន​រាយការណ៍​រួចមក លោក​ក៏បាន​បញ្ជា​ឲ្យ​ទៅ​តាម​រករុន​របស់​វា​ស្រាប់តែ​ពេលនោះ​ពួកគេ​ក៏​ឃើញ បម្រុង​ចូល​រន្ធ​ក៏​ចាប់​ទាញ​អូស​យកចេញ​ពី​រន្ធ មក​ទុក​នៅ​ក្នុង​បន្ទប់ទឹក រួច​ក៏​រាយការណ៍​ទៅ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​មក​យក។

លោក​ម៉ុង ប៊ុន​លីម នាយ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​ប្រាប់​ថា ក្រោយពី​មាន​ព័ត៌មាន​រាយការណ៍​ពី​កម្លាំងយោធា​អតីត​ភូមិភាគ​៤(​ចាស់​)​រួចមក ​លោក​ក៏បាន​ចុះ​ផ្ទាល់​ទៅដល់​កន្លែង​នោះ​ហើយក៏​បាន​ទទួល​សត្វ​ពស់ថ្លាន់​ញី ​ដែល​មាន​ទម្ងន់​៨​គីឡូក្រាម​យក​ទៅ​ព្រលែង​នៅ​ចម្ការ​ពូជ​ព្រៃ​គ្រញូង​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684