ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​សវន​ការ

ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក អ៊ី​វ៉ា​យ ស៊ី​ហ្គេ​គី​( IWAI Shigeki) សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ប៉ុន ចូល​ជួប​សវនាការ និង​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​វិមាន​ព្រឹទ្ធសភា។

នៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ លោក អ៊ី​វ៉ា​យ ស៊ី​ហ្គេ​គី សមាជិក​ព្រឹទ្ធសភា​ជប៉ុន បាន បញ្ជាក់​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាពេលនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ជំនួយ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ លោក​សង្ឃឹមថា​ ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​រវាង​ព្រឹទ្ធសភា រដ្ឋាភិបាល​ជប៉ុន និង​ព្រឹទ្ធសភា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​កាន់តែ​រឹងមាំ​ថែមទៀត​។

លោក បាន​រំលឹក​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ព្រឹទ្ធសភា​ជប៉ុន និង​ព្រឹទ្ធសភា​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​គណៈប្រតិភូ​គ្នា​ទៅវិញទៅមក​គ្រប់​កម្រិត​។ ជាក់​ស្តែង​កាលពី​ខែសីហា ឆ្នាំ​២០១៤ លោក​អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ផងដែរ។

លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ហែល​ឆ្លង​នូវ​សោ​នាដកម្ម និង​មហន្តរាយ​នៃ​សង្គ្រាម​ដូច​ប្រទេស​ជប៉ុន​ដែរ​។

លោក​បាន​បញ្ជាក់​ថា ប្រទេស​ជប៉ុន​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​ទំនើប​។​ប្រទេស​ជប៉ុន​មាន​សេចក្តី​សប្បាយរីករាយ​ណាស់ បើសិនជា​មានឱកាស​យ​ក​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន មក​ចែករំលែក​ប្រើប្រាស់ ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ពីព្រោះ​ប្រទេស​ជប៉ុន​មាន​បទពិសោធន៍​ច្រើន​ទាក់ទង​នឹង​វិស័យ​អភិវឌ្ឍន៍។

ជាការ​ឆ្លើយតប សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សម្តេច​មាន​ជំនឿ​ជឿជាក់ និង​មុតមាំ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នេះ ពិតជា​បាន​រួម​ចំណែក​ដល់​ការ​លើកកម្ពស់ និង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ក៏ដូចជា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​។

សម្តេច​បាន​សម្តែង​នូវ​ការពេញចិត្ត ដោយ​បាន​ឃើញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ឥតឈប់ឈរ​។ ប្រទេស​កម្ពុជា​សូម​ថ្លែង​នូវ​អំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់​នូវ​ជំនួយ​ឥតសំណង កម្ចីសម្បទាន និង​ជំនួយ​បច្ចេកទេស ការ​វិនិយោគទុន​ព្រមទាំង​ចំនួន​អ្នកទេសចរ​ជប៉ុន​នៅ​កម្ពុជា​កើន​ឡើង បាន​រួម​វិភាគទាន​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ដូច​ពេល​បច្ចុប្បន្ន​។

ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម ការ​ដោះមីន ការ​ព​ន្លឿ​ន​នូវ​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​គុណភាព​។ នៅ​ក្នុង​គម្រោង​នោះ មាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​៥ ដែលជា​ផ្លូវជាតិ​ដ៏​សំខាន់ ត​ភ្ជាប់​គ្នា​ខាងលិច និង​ខាងកើត ក្នុង​ក្របខណ្ឌ​អាស៊ាន​។ ចំណែក​ឯ​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ពី​ទីក្រុង​តូ​ក្យូ មក​រាជធានី​ភ្នំពេញ ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការផ្លាស់ប្តូរ​មនុស្ស វប្បធម៌ ប្រពៃណី ទេសចរណ៍ ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ជប៉ុន។

ទន្ទឹម​គ្នា​នេះ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស និង​អ្នកជំនាញ​ការជួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងការ​ចុះបញ្ជី​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ធានា​នូវ​ការជឿទុកចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សម្តេច​បាន​ឯកភាព​ចំពោះ​លោក​ប្រធាន​គណៈប្រតិភូ​ជប៉ុន ដែល​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ព្រឹទ្ធសភា​ប្រទេស​ទាំងពីរ តែងតែបាន​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​សហភាព​អន្តរ​សភា​។ ព្រឹទ្ធសភា​កម្ពុជា ក៏បាន​ចាត់តាំង​ក្រុម​មិត្តភាព​កម្ពុជា​-​ជប៉ុន​ហើយ​ផងដែរ​។

សម្តេច បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​គណៈប្រតិភូ ដែល​បាន​ចាប់​អារម្មណ៍​អំពី​ការរីក​ចម្រើន​របស់​កម្ពុជា​។ ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​សន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​។​

កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយនេះ​ ទទួល​បាន​កំណើន​ជា​មធ្យម​៧​ភាគរយ និង​មាន​ស្ថិរភាព អាស្រ័យ​ដោយ​កម្ពុ​ជាមាន​វឌ្ឍនភាព​រឹងមាំ​លើ​វិស័យ​កសិកម្ម វិស័យ​សំណង់ វិស័យ​ទេសចរណ៍ និង​ការនាំចេញ​ផលិតផល​វាយនភណ្ឌ។

សម្តេច​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ត្រូវការ​ការ​ជួយឧបត្ថម្ភ គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រទេស​ជប៉ុន ជា​ជំនួយ​ឥតសំណង កម្ចីសម្បទាន ការ​វិនិយោគទុន ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​។ សម្តេច​បាន​ស្នើ​លោក​ប្រធាន​គណៈប្រតិភូ​ជប៉ុន ជួយ​ជំរុញ​អ្នក​វិនិយោគិន ជប៉ុន​ឲ្យ​មក​វិនិយោគទុន​នៅ​កម្ពុជា និង​ទេសចរណ៍​ជប៉ុន​មក​ទស្សនា​នៅ​កម្ពុជា កាន់​តែ​ច្រើន​ទៀត​នា​ពេល​អនាគត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684