Connect with us

ព័ត៌មានជាតិ

សៀវភៅ «សត្វស្លាបកម្ពុជា» មាន​ជិត ៥០០ ប្រភេទ​ សម្ពោធ​ផ្សព្វផ្សាយជា​ផ្លូវការ

បានផុស

នៅ

សៀវភៅស្តីពី​ «សត្វស្លាបកម្ពុជា» បាន​សម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ ដែល​សៀវភៅ​នេះ​មានសារៈសំខាន់មិនអាចកាត់ថ្លៃបាន នឹង​ជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថានបាន​ឲ្យ​ដឹង​ថា ការបង្កើតសៀវភៅបរិស្ថានតួយ៉ាង សៀវភៅ «សត្វស្លាបកម្ពុជា» មានសារៈសំខាន់ព្រោះសៀវភៅនេះនឹងជួយបង្កើនការស្រឡាញ់បរិស្ថាន​ធម្មជាតិ ក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។

សៀវភៅស្តីពី «សត្វស្លាបកម្ពុជា» ជាស្នាដៃរបស់អ្នកនិពន្ធខ្មែរបោះពុម្ពលើកទី ៣ ពិពណ៌នាពីប្រភេទសត្វស្លាបចំនួន​៤៥០ ប្រភេទ នៃចំនួនសត្វស្លាបសរុបចំនួន ៦៤១ ប្រភេទ។ ប្រភេទសត្វស្លាបទាំងនេះត្រូវបានកំណត់និងបែងចែកស្ថានភាពអភិរក្សតាមចំណាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ជាប្រភេទជិតផុតពូជបំផុត ប្រភេទ​​ជិតផុតពូជ ប្រភេទកំពុងទទួលរងការគំរាមកំហែង ប្រភេទជិតទទួលការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួច។

ស្នាដៃសៀវភៅនេះ បានចងក្រងឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យមានស្រាប់ ការប្រមូលព័ត៌មានថ្មីបន្ថែមពាក់ព័ន្ធទៅនឹងរូបសាស្ត្រ ជីវសាស្ត្រ ទីជម្រក របាយ និងរដូវកាលបន្តពូជរបស់ប្រភេទសត្វស្លាបនីមួយៗនៅតាមទីវាល ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ ការស្វែងយល់ និងការសិក្សាស្រាវជ្រាវក៏ដូចជាការបំពេញបន្ថែម និងបង្កើនពុទ្ធិថ្មីៗដល់​អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅស្តីពីប្រភេទសត្វស្លាបនៅព្រះរាជាណាចក្រកម្ពុជា

លោក កែន សេរីរដ្ឋា បាន​បញ្ជាក់ថា កាលណាមនុស្សមានក្តីស្រឡាញ់ចំពោះបរិស្ថាន ឬធនធានធម្មជាតិ ប្រាកដណាស់ពួកគាត់នឹងចូលរួមថែរក្សាធនធានធម្មជាតិជាក់ជាពុំខាន។

កាលពីម្សិលមិញនេះ ក្នុងពិធី​សម្ពោធ «សៀវភៅសត្វស្លាបកម្ពុជា» ក៏​មាន​ការ​ប្រកាស​សាលា​រៀនចំនួន ៦ ដែល​ទទួល​បាន​ជយលាភី​ជា​សាលាមេត្រីបរិស្ថាន ក្រោម​វត្តមាន​លោក​​រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងមកពី​ក្រសួងអប់រំ យុវជន និងកីឡា។

សាលាបឋមសិក្សា និងវិទ្យាល័យដែលទទួលបានពានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះរួមមាន៖ សម្រាប់កម្រិតបឋមសិក្សា៖ ទី១)សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន ៤ លានរៀល ទី២) សាលាបឋមសិក្សាត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកាឧបត្ថមចំនួន ៣ លានរៀល និងទី៣)សាលាបឋមសិក្សាបារ៉ែនលើ ខេត្តកណ្តាល ទទួលបានបណ្ណជ័យ​លាភីសំរឹទ្ធិ និងថវិកាចំនួន ២ លានរៀល។ ចំណែកសម្រាប់កម្រិតមធ្យមសិក្សា៖ ទី១)វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ខេត្តកំពត ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២) វិទ្យាល័យ ហ៊ុន សែន ទួលសុភី ខេត្តត្បូងឃ្មុំ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកា៣លានរៀល និង​ទី៣.)​អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន ២ លានរៀល។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ចាត់ទុកសាលារៀនគឺជាកន្លែងបណ្តុះមនសិការស្រឡាញ់បរិស្ថាន ក៏ដូចជាកន្លែងដែលធ្វើឱ្យសន្តិភាពនៅជាមួយប្រជាជនជាដរាប។ លោក​ចង់ឱ្យសិស្សានុសិស្សដែលចេញពីសាលាក្លាយទៅជាប្រជាជនសកល ដែលមានមនសិការ ទំនៀមទម្លាប់ ប្រពៃណីជាខ្មែរ និងជាប្រជានដែលស្រឡាញ់សន្តិភាព ហើយបន្តមរតកនៃសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីរកបានមក និងបន្សល់ទុកឱ្យ។

នេះជាការចូលរួមយ៉ាងមានសារៈសំខាន់និងជាយុទ្ធសាស្ត្រក្នុងការកសាងភាពរីកចម្រើនរបស់កម្ពុជា ដែលជាការរៀបចំជាមួយជំហានពិតប្រាដកហើយច្បាស់លាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម