ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ថ្មី​របស់ UN នឹង​ប្រមូល​ភស្តុតាង​ដើម្បី​នាំយក​អ្នកប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ស៊ី​រី​មក​កាត់ទោស

មន្ដ្រី​អង្គការសហប្រជាជាតិ​បាន​និយាយថា អង្គភាព​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង​ដោយ UN​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដើម្បី​ត្រៀម​នាំយក​អ្នកប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​មក​កាត់ទោស​។

មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា សេចក្តីប្រកាស​នេះ​គឺជា​គោលនយោបាយ​ដ៏​ធំ​លើកដំបូង​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថ្មី​លោក Antonio Guterres ។ អង្គភាព​នេះ​នឹងត្រូវ​វិភាគ​ព័ត៌មាន រៀបចំ​និង​ត្រៀម​ឯកសារ​លើ​ការរំលោភបំពាន​អាក្រក់​បំផុត​ដែល​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​។

មន្ត្រី​បាន​បន្ថែមថា ក្រុម​នេះ​នឹងធ្វើ​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​អំពើ​ប្រល័យពូជសាសន៍​ហើយ​រកមុខ​អ្នក​ដែល​ទទួលខុសត្រូវ​។ បើទោះបីជា​វា​នឹង​មិនអាច​កាត់ទោស​បាន​ក៏ដោយ អង្គភាព​នេះ​នឹង​រៀបចំ​ឯកសារ​ដែល​អាច​ត្រូវបាន​ប្រើ​នៅក្នុង​ការកាត់ទោស​នាពេល​អនាគត​ដោយ​រដ្ឋ​ឬ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​។​
​ការផ្តោត​លើ​ការកាត់ទោស​នេះ​ក៏មាន​ន័យ​ផងដែរ​ថា ភស្តុតាង​ដែល​ប្រមូល​បានគិត​ចាប់តាំងពី​ឆ្នាំ​២០១១​មក​ដោយ​គណៈកម្មការ​ស៊ើបអង្កេត​មួយ​របស់​អង្គការសហប្រជាជាតិ​អាច​ត្រូវបាន​ដាក់ចូល​ទៅក្នុង​សកម្មភាព​ផ្លូវច្បាប់។

សកម្មជន​និង​អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​។ លោក Andrew Clapham សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​អន្តរជាតិ​នៅឯ​វិទ្យាស្ថាន​ការ​អភិវឌ្ឍ​និង​សិក្សា​អន្តរជាតិ​របស់​ទីក្រុង​ហ្សឺ​ណែវ​បាន​ថ្លែងថា “​ការផ្តោត​អារម្មណ៍​គឺ​នៅលើ​ការប្រមូល​ភស្តុតាង​”។

ស្រប​ពេល​ជាមួយគ្នា​នោះ លោក Jeremie Smith នៃ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សិទិ្ធ​មនុស្ស​ទីក្រុង​គែរ​បាន​ឲ្យ​ដឹង​ថា អង្គការសហប្រជាជាតិ​ត្រូវតែ​ចាក់គ្រឹះ​សម្រាប់​ការកាត់ទោស​មុនពេល “​ការចាកចេញ​” របស់​ជនល្មើស​ណាមួយ​នៅពេលដែល​សង្គ្រាម​ត្រូវបាន​បញ្ចប់​។ លោក​បាន​បន្ថែមថា “​នេះ​គឺជា​វិធី​តែមួយគត់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ឧក្រិដ្ឋជន​មិនបាន​ទៅ​ឆ្ងាយ​ដោយ​រត់​ភៀសខ្លួន​ចេញពី​កន្លែងកើតហេតុ​នោះទេ​”៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684