ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​គ្រាប់បែក​នៅ Mogadishu សម្លាប់​មនុស្ស​ យ៉ាងតិច​៣៤​នាក់​ ខណៈ​ក្រុម Shabaab គំរាម​បង្កើន​ការវាយប្រហារ​

មនុស្ស​យ៉ាងហោចណាស់ ​៣៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ នៅពេលដែល​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​សូ​ម៉ាលី​ខណៈដែល​ក្រុម​ឥស្លាម​និយម Shabaab បាន​គំរាម​បង្កើន​ការវាយប្រហារ​ក្នុង “​សង្គ្រាម​សាហាវ​” ប្រឆាំង​រដ្ឋាភិបាល​ថ្មី​។​

រថយន្ត​បាន​ផ្ទុះឡើង​នៅ​ចំណុចប្រសព្វ​មួយ​ដែល​ពោរពេញ​ដោយ​ជន​ស៊ីវិល អ្នកជំនួញ​និង​កងកម្លាំង​សន្តិសុខ​។ នេះ​គឺជា​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ចាប់តាំងពី​ការជាប់ឆ្នោត​របស់លោក​ប្រធានាធិបតី Mohamed Abdullahi Mohamed ដែលមាន​រហ័ស​នាម​ថា Farmajo ។​

លោក Ahmed Abdulle Afrah ស្នងការ​សង្កាត់ Wadajir នៃ​ទីក្រុង Mogadishu បាន​និយាយថា “​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯង​នៅក្នុង​ទីផ្សារ​នេះ​ចំពេល​មមាញឹក​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣៤​នាក់​និង​រងរបួស​មនុស្ស​ជាច្រើន​ទៀត​”​។​

សម្ព័ន្ធ​ក្រុម​អាល់​កៃ​ដា​គឺ​ក្រុម Shabaab មិនបាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ហេតុការណ៍​នេះ​បានកើត​ឡើង​ចំ​ថ្ងៃ​ដូចគ្នា​ខណៈដែល​ក្រុម​នេះ​គំរាម​ធ្វើ​“​សង្គ្រាម​សាហាវ​”​ប្រឆាំង​លោក Farmajo និង​រដ្ឋាភិបាល​ថ្មី​របស់គាត់​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់ SITE ដែល​តាមដាន​គណនីរ​បស់​ក្រុម​ជី​ហាដ​។​

លោក​ប្រធានាធិបតី​បាន​រៀបរាប់​ការវាយប្រហារ​នេះ​តាមរយៈ Twitter ថា​ជា “​ការ​រន្ធត់​” និង​បាន​ចែករំលែក​រូបភាព​រប​ស់​ខ្លួន​ដែល​បានមក​មើល​ជនរងគ្រោះ​នៅក្នុង​មន្ទីរពេទ្យ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏បាន​រាយការណ៍​ផងដែរ​ថា គាត់​បានផ្តល់​រង្វាន់​១០០,០០០​ដុល្លារ​សម្រាប់​ព័ត៌មាន​អំពី​អ្នក​ដែល​បាន​អនុវត្ត​ការវាយប្រហារ​នេះ​។​

មន្ត្រីជាន់ខ្ពស់​ក្រុម Shabaab លោក Sheikh Hassan Yaqub Ali បាន​និយាយ​ក្នុង​សុន្ទរកថា​ចាក់ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ​មួយ​ថា លោក Farmajo ត្រូវបាន​គេ​ចាត់ទុកថា​មាន​គ្រោះថ្នាក់​ជាង​ប្រធានាធិបតី​មុន​ទៅទៀត​ដោយសារតែ​គាត់​មាន​ពាក់ព័ន្ធ​នឹង​អាមេរិក​។​

គួរ​បញ្ជាក់ថា ការផ្ទុះ​នេះ​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្តរជាតិ​ខណៈដែល​សហ​ភាព​អឺរ៉ុប​បាន​ហៅ​វា​ថា​ជា​ទង្វើ​ភេរវកម្ម​មួយ​ផ្សេងទៀត​ដែល​ផ្ដោត​សំខាន់​លើ​ពលរដ្ឋ​សូ​ម៉ាលី​ដោយ​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរីកចម្រើន​ឆ្ពោះទៅរក​ស្ថិរភាព​និង​សុវត្ថិភាព​ក្នុងប្រទេស​សូ​ម៉ាលី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684