ព័ត៍មានទាន់​ហេតុការណ៏
Search

ពាណិជ្ជកម្ម​អាវុធ​ សកល​ឈាន ដល់​ចំណុច​ខ្ពស់បំផុត​ ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​មក​

ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា ពាណិជ្ជកម្ម​អាវុធ​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ត្រូវបាន​ជំរុញ​ដោយ​តម្រូវការ​មកពី​មជ្ឈិមបូព៌ា​និង​តំបន់​អាស៊ី​។​

បើ​យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ទីក្រុង Stockholm (SIPRI) បាន​ឲ្យ​ដឹងថា នៅ​ចន្លោះ​ឆ្នាំ​២០១២​ដល់​២០១៦ ការ​នាំចូល​អាវុធ​ដោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​និង​អូ​សេ​អា​នី​មាន​ចំនួន​ស្មើនឹង​៤៣​ភាគរយ​នៃ​ការនាំ​ចូល​ជាស​កល​ដែល​នេះ​ជាការ​កើនឡើង​៧,៧​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​មុន​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ដល់​២០១១​។​

វិទ្យាស្ថាន​ឯករាជ្យ​មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការផ្ទេរ​អាវុធ​សំខាន់ៗ​នៅ​ចន្លោះ​ឆ្នាំ​២០១២-១៦​បាន​ឈានដល់​ទំហំ​ខ្ពស់បំផុត​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​បើ​គិត​ចាប់តាំងពី​ចុង​សង្គ្រាមត្រជាក់​មក​”​។​

ភាគហ៊ុន​នៃ​តំបន់​អាស៊ី​និង​អូ​សេ​អា​នី​ក្នុងការ​នាំចូល​ពី​អន្តរជាតិ​គឺ​ខ្ពស់ជាង​បន្តិច (៤៤​ភាគរយ​) នៅ​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១១​។​

ភាគហ៊ុន​នៃ​បណ្តា​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​និង​ប្រទេស​រាជានិយម​ឈូង​សមុទ្រ​បាន​កើនឡើង​ពី ១៧​ភាគរយ​ដល់​២៩​ភាគរយ​ដោយ​នាំមុខ​អឺរ៉ុប (១១​ភាគរយ​ដែល​ធ្លាក់ចុះ​ប្រាំពីរ​ភាគរយ​), អាមេរិក (៨,៦​ភាគរយ ធ្លាក់ចុះ​២,៤​ភាគរយ​) និង​អាហ្វ្រិក (៨,១​ភាគរយ ធ្លាក់ចុះ​១,៣​ភាគរយ​) ។​

វិទ្យាស្ថាន SIPRI បាន​និយាយថា ការនាំ​ចូល​និង​នាំចេញ​អាវុធ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​បាន​ឈានដល់​កម្រិត​កំណត់ត្រា​ចាប់តាំងពី​ឆ្នាំ​១៩៥០​មក​។​

អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ប្រទេស​នាំចូល​អាវុធ​ធំ​បំផុត​ទី​ពីរ​នៅលើ​ពិភពលោក (​កើនឡើង​២១២​ភាគរយ​) នៅ​ពីក្រោយ​ឥណ្ឌា​ដោយ​មិនមែនជា​ប្រទេស​ចិន​ឡើយ​។​

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​នាំចេញ​អាវុធ​កំពូល​ដោយមាន​ភាគហ៊ុន​ទីផ្សារ​៣៣​ភាគរយ (​កើនឡើង​៣​ភាគរយ​) នាំមុខ​ប្រទេស​រុស្ស៊ី (២៣​ភាគរយ​ពោលគឺ​ធ្លាក់ចុះ​១​ភាគរយ​) ចិន (៦,២ ភាគរយ កើនឡើង​២,៤​ភាគរយ​) និង​បារាំង (៦​ភាគរយ ធ្លាក់ចុះ​០,៩​ភាគរយ​) ដោយ​វ៉ា​ដាច់​ប្រទេស​អាល្លឺម៉ង់ (៥,៦​ភាគរយ ធ្លាក់ចុះ​៣,៨​ភាគរយ​) ។​
​ប្រទេស​ទាំង​ប្រាំ​នេះ​មាន​ចំនួន​ស្មើនឹង​ប្រហែល​៧៥​ភាគរយ ​នៃ​ការនាំចេញ​សព្វាវុធ​ធន់​ធ្ងន់​ទូទាំង​ពិភពលោក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684