Connect with us

ព័ត៌មានជាតិ

សកម្មភាព​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត របស់​គណបក្សប្រជាជន​កម្ពុជា​ខេត្តសៀមរាប

បានផុស

នៅ

​សៀម​រា​ប ៖ នាព្រឹក​ថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ​២០២៣​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​ប្រារព្ធ​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី ៧២​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣) និង បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក​នៅ​តំបន់​ឃុ​ង​យ្យូ ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​សមាជិកា​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត ប្រធាន និង សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​ខេត្ត មន្ទីរ អង្គភាព ក្រុង សង្កាត់ ព្រមទាំង​អស់លោក​លោក​ស្រី​ជា​សមាជិក សមាជិកា មកពី​សាខា​បក្ស​មន្ទីរ អង្គភាព និង សង្កាត់​ទាំង​១២ ប្រមាណ ជា​២​ម៉ឺន​២​ពាន់​នាក់ ដោយ​រួមការ​ដង្ហែ​ក្បួន​យុទ្ធនាការ​របស់​សមាជិក​បក្ស​ស្រុក​ទាំង​១១​ផងដែរ។

បន្ទាប់ពី​បាន​ស្តាប់ និង ទស្សនា​ការផ្សាយ​ផ្ទាល់​នូវ​សន្ទរកថា​នយោបាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មិ​ទិ្ទ​ញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង ពិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ ២០២៣ របស់​សមាជិក​សមាជិកា​រួចមក មានប្រសាសន៍​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ចាប់​តាំង​ពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម។

ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមក​នេះ កម្ពុជា​បាន​ប្រែក្លាយ​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រាំ​រ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផេះផង់​ទៅជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ។ សម្តេច​បាន​ថ្លែង​ថា ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណា​ក្ដី​ក៏ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រក្សា​ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដើម្បី​កសាង និង ការពារ​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។ ការសម្រេចបាន កំណើន​សេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ ចីរភាព​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ចេញ​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​ខិតខំ​ពុះពារ​សម្រេច​នូវ​ចក្ខុវិស័យ​របស់ខ្លួន ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០។

សម្តេច​បាន​បន្ត​ទៀត​ថា ភាព​ក្រីក្រ​របស់​ប្រជាជន​ត្រូវ​បាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ជីវភាព​របស់ ប្រជាជន​ត្រូវ​បាន​លើកកម្ពស់​ជា​លំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​សង្គម​មាន​ភា​ព​ល្អប្រសើរ លទ្ធិប្រជាធិបតេយ្យ ចាក់ឫស​កាន់តែ​រឹងមាំ​ក្នុងសង្គម​ខ្មែរ។ កម្ពុជា​បាននឹងកំពុង​ចូលរួម​ដោយ​ស្មើភាព និង ស្មើ​សិទ្ធិ ក្នុង​កិច្ចការ​អន្តរជាតិ​នានា​ទាំង​ក្រប​ខណ្ឌ​តំបន់ និង​សកល។ បច្ចុប្បន្ន ប្រជាជន​យើង​កំពុង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា មាន​ក្តីសង្ឃឹម និង​មានឱកាស​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​សម្រាប់​ក្មួយ​ៗ ជា​យុវជន​ជំនាន់​ក្រោយ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ចូលរួម ដោយឡែក​ខេត្តសៀមរាប មាន​គណបក្ស​នយោបាយ ចំនួន​១៤​គណបក្ស​ដែល​បាន​ចូលរួម។ ក្នុង​នោះ​ដែរ​សម្តេច​ក៏មាន​សង្ឃឹម​ជឿជាក់​ថា គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត និង មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត និង ធ្វើ​ឲ្យ​សកម្មភាព ក្នុង​ដំណាក់​ការ​យុទ្ធនា​ការឃោសនា ក៏​ដូច​នៅពេល​បោះឆ្នោត និង ក្រោយពេល​បោះឆ្នោត នឹង​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ និង នីតិ​វិធី​ដែល​បានកំណត់ ព្រមទាំង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ក្នុង​ជំហរ​គោរព​សិទ្ធិ​សេរីភាព ឆន្ទៈ និង ផលប្រយោជន៍​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ព្រមទាំង​ជំរុញ​ដល់​សមាជិក​បក្ស​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុងនោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ធ្វើការ​ប្រកាស​យ៉ាង​ឧឡារិក ក្នុង​ការ​ហែក្បួន​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​នៅ​ខេត្តសៀមរាប ។ ក្នុង​ក្បួន​ហែ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ របស់​គណបក្ស​ប្រជាជន​នៅតាម​បណ្តា ស្រុក ឃុំ​ទូទាំង​ខេត្តសៀមរាប ក៏បាន​ធ្វើ​ពិធី​ដង្ហែ​យ៉ាង​អធិកអធម ដោយ​មានការ​លាយឡំ​ទៅ​នឹង​សម្លេង​ឧគ្ឃោសនស័ព្ទ និង សម្រែក​ជ័យ​ឃោស ប្រកប​ទៅ​ដោយ​ខ្លឹម សារ​អត្ថន័យ នៃ​គោលនយោបាយ​របស់​គណ​បក្ស ហើយ​ក្បួន​ដង្ហែ​ទាំងនោះ ក៏បាន​ដង្ហែ​ឆ្ពោះទៅកាន់​សង្កាត់ ឃុំ​រៀងៗ​ខ្លួន​ផងដែរ។ មធ្យោបាយ​ចូលរួម​ដង្ហែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងឱកាស​នោះ​មាន​រថយន្ត​តូច ធំ​ចំនួន ៥៧០​គ្រឿង ម៉ូតូ​ចំនួន ២​ពាន់​១៣០​គ្រឿង ម៉ូតូ​រ៉ឺម៉ក់ ចំនួន ៣៦០​គ្រឿង​ផង​ដែរ។

ក្នុង​យុទ្ធនាការ​នៅ​ថ្ងៃ​ដំបូង យើង​សង្កេតឃើញ​មានការ​ដង្ហែ​ក្បួន​យុទ្ធនា​ការឃោសនា របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​តែប៉ុណ្ណោះ។ តាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រៅពី គណបក្ស​ប្រជាជន គណបក្សនយោបាយ​ផ្សេងទៀត និង​ធ្វើការ​ដង្ហែ​ក្បួន​របស់ខ្លួន​ទៅតាម​កម្មវិធី​ដែល​គណបក្សនយោបាយ​នីមួយៗ​បានកំណត។ សូម​បញ្ជាក់​ផង​ដែរ​ថា ចំនួន​គណបក្ស​នយោបាយ​ដែលមាន​ក្នុង​ខេត្ត​ចំនួន​១៤​គណបក្ស ដែលមាន​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​តែប៉ុណ្ណោះ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម