ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​២​គ្រឿង​បុក​គ្នា​លាន​ដូច​រន្ទះ​ ស្លាប់​១ ​របួសធ្ងន់​៣ ​

បន្ទាយមានជ័យ ៖​ ​យ៉ាងហោចណាស់​ ក៏មាន​មនុស្ស​ម្នាក់ស្លាប់​ នៅ​នឹង​កន្លែង​ និង​មាន​មនុស្ស​រងរបួស​ធ្ងន់​៣​ទៀត ​ដោយសារ​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាលី​ហ្វ​នីញ៉ា​សំប៉ែត​១​គ្រឿង ​បុក​គ្នា​ជាមួយ​រថយន្ត​កាមរី​ ដូចគ្នា​លាន់​ដូច​រន្ទះ​ នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​២០​ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ម្តុំ​សាលា​ក្រហម​ក្នុងភូមិ​សុរិយា​ថ្មី ឃុំ​កូប​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ ​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​នោះ ​មាន​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​កាលី​ហ្វ​នីញ៉ា​សំ​ប៉ែ​ត​ពណ៌ កណ្តុរ​ប្រមេះ​ឆ្នាំ​១៩៩១ ពាក់​ស្លាក​លេខ​ភ្នំពេញ​២G ០៣២០​ ទំនងជា​ម្ចាស់របស់វា ទើប​ចេញពី​ ពិធី​ផឹក​ស៊ីឡើង​ស្រវឹង​ជោកជាំ​បើក​ ពី​ទិស​កើត​ ទៅ​លិច​ ស្រប​ទិស​គ្នា ​ក្នុង​ល្បឿន​លឿន ​លុះ​បើក​មកដល់​ចំណុច​កុងត្រូល​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ​នៅ​សាលា​ក្រហម​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ពេញទំហឹង​ម៉ាក​កាមរី​ដូចគ្នា​លាន់​ដូច​រន្ទះ ​បើក​ទៅបុក ​បង្គោល​ភ្លើង ​និង​ក្រឡាប់​ខ្ទាត​ចេញពី​ថ្នល់ជាតិ​ខ្ទាត​មនុស្ស​៥​នាក់​ចេញពី ​រថយន្ត​របួស ​និង​ស្លាប់​រដូករណែល​ពេញ​ស្នាមភ្លោះ។ ​ក្រោយពី​កើតហេតុ​​ អ្នកបើករថយន្ត​គេចខ្លួនបាត់​។

​លោក​វរសេនីយ៍ត្រី ជា ពិសី​បានបញ្ជាក់​ទៀតថា​ ជនរ​ង​គ្រោះ​មានឈ្មោះ​ខាត់ សុវណ្ណ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​អ្នករបួសធ្ងន់​៣​នាក់​មានឈ្មោះ សៅ បោ​ន ភេទ​ប្រុស​ អាយុ​ជាង​៤០​ឆ្នាំ​ ជាង​ផ្សា​ដែក ​និង​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​។​

លោក​វរសេនីយ៍ត្រី ជា ពិសី​បាន​បញ្ជាក់ទៀតថា ​ក្រោយពី​កើតហេតុ​ ​ជនរងគ្រោះ​ទាំង ​៣​នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ ​ផងដែរ ចំ​ណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សម្ថកិច្ច​ ដឹក​យកទៅ​រក្សាទុក​នៅ​អធិកា​រស្រុក​អូរជ្រៅ ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។ ​ចំណែក​សព​បងប្អូន​បានមក​ទទួល​ពី​សមត្ថ​កិច្ច​យកទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684