ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ណាត់​មុខសញ្ញា​ តាម​ទូរ​ស័ព្ទ​ ឲ្យ​មក​យក​ថ្នាំញៀន​ បន្ទាប់ពី​ចាប់​ជនសង្ស័យ​ជួ​ញ​ដូរ​បាន​ម្នាក់​

​តាកែវ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ ​នគរបាល​ស្រុក​គិរីវង់ ​បាន​ប្រើល្បិច​ដោយ យក​ទូរ​ស័ព្ទ​ជនសង្ស័យ​ធ្វើការ​ណាត់ជួប​ ជាមួយនឹង​ជនសង្ស័យ​ផ្សេងទៀត​ ខណៈពេលដែល​ពួកគេ​ទាក់ទង​គ្នា​តាម​ទូរ​ស័ព្ទ​ដើម្បី​ជួញដូរ​។

ហេតុការណ៍​ខាងលើនេះ​ ធ្វើឡើង​បន្ទាប់ ពី​សមត្ថកិច្ច​ឆ្មក់​ចូលទៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ ហេងៗ ដែល​ស្ថិតក្នុង ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​ និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន ​យ៉ាងសកម្ម​បាន​ម្នាក់​រួម​នឹង​សារធាតុ​ញៀន​មួយចំនួនធំ​ផងដែរ។  ​ស្រប​ពេលដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នោះ ស្រាប់​តែមាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​នាក់​បានខ​ល​ចូល​ទូរស័ព្ទ​របស់​ជនសង្ស័យ​ក្នុង​គោលបំណង​ទិញ​ថ្នាំញៀន​យកទៅ​ប្រើប្រាស់ ក៏​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កម្លាំង​តាម​ការ​ណាត់​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​បន្ថែមទៀត​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់​បាន​ប្រាប់ថា បន្ទាប់ពី​ទទួលបាន ​ព័ត៌មាន​ថា​មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​ចូលទៅក្នុង​ផ្ទះសំណាក់ ហេងៗ ក្នុង​បន្ទប់​លេខ​០៥ កម្លាំង​លោក​បាន​ចុះ​ទៅដល់​គោលដៅ​ជាបន្ទាន់​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ង៉ែត ហាយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្រពុំ​ឈូក ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្ដែត ខេត្តតាកែវ ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​០៣​កញ្ចប់​ធំ ១០​កញ្ចប់​តូច​និង​ទូរស័ព្ទដៃ​១​គ្រឿង​ផងដែរ។​

ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ទៀត ​ដែល​ណាត់​ឲ្យ​មក​យក​សារធាតុ​ញៀន​ និង​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ ៖ ទី​១​ឈ្មោះ កិល ម៉ូ​វ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ​សាន តាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៣​ឈ្មោះ សុខ សារ៉ាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ភូមិ​ខ្មល់ ឃុំ​កំណប់ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ពិនិត្យឃើញថា​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ខ​ល​ណាត់​មក​ទិញ​តាម​ទូរ​ស័ព្ទ​នេះ​ពិត​ជាមាន​សារជាតិ​ញៀន​ក្នុង​ខ្លួន​ប្រាកដ​មែន​ និង​ត្រូវបាន​កម្លាំង​ជំនាញ​អធិការ​ស្រុក​គិរីវង់ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទាំង​៤​នាក់មក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់ការ បន្ត​តាមច្បាប់​ក្រោម​បទ​ចោទ​ជួញដូរ​និង ប្រើប្រាស់​ម្នាក់ ចំណែក​បីនាក់​ទៀត​ក្រោម បទ​ចោទ​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684