ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុករ​ប្រឆាំង​លោក Trump រាប់ពាន់នាក់​ស្រែកថា “​មិនមែនជា​ប្រធានាធិបតី​របស់ខ្ញុំ​ទេ​”

បាតុករ​ប្រឆាំង​លោក Trump ប្រមាណ​១០,០០០​នាក់​បាន​ដើរ​ក្បួន​តវ៉ា​ក្នុង​ទីក្រុង New York ដើម្បី​ស្រែកថា “​មិនមែនជា​ប្រធានាធិបតី​របស់ខ្ញុំ​ទេ​” កាលពី​ថ្ងៃ​ចន្ទ​ដោយមាន​ការចូលរួម​ពី​មនុស្ស​ជាច្រើន​ផ្សេងទៀត​នៅតាម​បណ្តា​ទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក​អំឡុង​ថ្ងៃ​ឈប់សម្រាក​នៃ​ទិវា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​។​

ក្រោយពី​រយៈពេល​មួយខែ​នៃ​ការចូល​កាន់តំណែង​ដ៏​ចម្រូងចម្រាស លោក​ប្រធានាធិបតី Donald Trump បាន​ត្រឡប់​ទៅ​ទីក្រុង Washington វិញ​បន្ទាប់ពី​ចំណាយពេល​ចុង​សប្តាហ៍​នៅ​វិមាន Mar-a-Lago របស់គាត់​នៅ​ឆ្នេរ Miami នៃ​រដ្ឋ Florida ។

ការតវ៉ា “​ទិវា​មិនមែនជា​ប្រធានាធិបតី​របស់ខ្ញុំ​ទេ​” គឺមាន​គោលបំណង​ដើម្បី​បង្ហាញ​ពី​ការប្រឆាំង​ទាំងស្រុង​ចំពោះ​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ដែល​នៅតែ​រឹងទទឹង​ក្នុង​រយៈពេល​មួយខែ​បន្ទាប់ពី​ការសម្ពោធ​ចូលកាន់​តំណែង​របស់លោក​កាលពី​ថ្ងៃទី​២០​ខែមករា​។​
​សកម្មជន​ប្រឆាំង​លោក Trump បាន​ទាញយក​ប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​មួយ​នេះ​
ដើម្បី​រៀបចំ​ការប្រមូលផ្តុំ​គ្នា​នៅ Atlanta, Chicago, Los Angeles, Washington និង​ទីក្រុង​ដទៃទៀត​។ ថ្ងៃ​ឈប់សម្រាក​នេះ​គឺជា​ទិវា​ដើម្បី​ឧទ្ទិស​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​
​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង New York ដែលជា​ផ្ទះ​របស់លោក Trump បាតុករ​គ្រប់​វ័យ​បាន​ប្រមូលផ្តុំ​គ្នា​
នៅ​រង្វង់​មូល Columbus Circle នៅខាងមុខ​សណ្ឋាគារ Trump International និង​នៅ​ជិត​ឧទ្យាន Central Park ដើម្បី​បង្ហាញ​ពី​ការ​អន់ចិត្ត​របស់​ពួកគេ​។​

អ្នក​តវ៉ា​ម្នាក់​ដែលជា​ពេទ្យ​ខាង​ចិត្ត​វិទ្យា​ចូលនិវត្តន៍​ឈ្មោះ Rima Strauss បាន​ពាក់អាវ​ក្រៅ​ដែលមាន​សញ្ញា​ថា “​មិនមែនជា​ប្រធានាធិបតី​របស់ខ្ញុំ​ទេ​” និង​បាតុករ​ម្នាក់ទៀត​បានបង្ហាញ​រូបភាព​ប្រធាន​ធិបតី​រុស្ស៊ី​លោក Vladimir Putin បី​លោក Trump ដែលមាន​ស្លៀក​កន្ទប​កូនក្មេង​។​

ក្នុង​ទីក្រុង Los Angeles ក្រុមអ្នកតវ៉ា​ប្រឆាំង​លោក Trump បាន​កាន់​សញ្ញា​នៅ​ខាងក្រៅ​សាលា ក្រុង​ដោយមាន​ខ្លះ​សរសេរថា “១​ទប់ទល់ ២​ចោទប្រកាន់​” និង “Trump មាន​ជំងឺផ្លូវចិត្ត​” ដោយ​អក្សរ U ក្នុង​ឈ្មោះ​របស់គាត់​ត្រូវបាន​ជំនួស​ដោយ​សញ្ញា​កុ​ម្មុយ​និ​ស្ត​រុស្ស៊ី​រូប​ញញួរ​និង​កណ្តៀវ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684