ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Atuheire Kipson ឡើងឈរ​កំពូល​តារាង​ក្នុង​បញ្ជី​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាង ក្នុង​សប្ដាហ៍​ទី​១​លីក​កំពូល​កម្ពុជា​

កីឡាករ​ជនជាតិ​រ្វាន់​ដា Atuheire Kipson បាន​ឡើងឈរ​កំពូល​តារាង​ក្នុង​បញ្ជី​កីឡាករ​ដែល​ទាត់​ប​ញ្ជូ​ល​ទី​បាន​ច្រើន​ជាង​គេ គិត​ត្រឹម​សប្ដាហ៍​ទី​១​នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា Metfone Cambodian League 2017 ក្រោយ​រក​បាន​គ្រាប់​បាល់​៤​គ្រាប់​ម្នាក់ឯង​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល យកឈ្នះ​អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល​៤​ទល់​១។

សរុប​គ្រាប់​បាល់​នៅ​សប្ដាហ៍​ដំបូង​នេះ​ ក្រុម​ទាំងអស់​បាន​ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​១៧​គ្រាប់ ហើយ​ក្រៅពី​កីឡាករ Atuheire Kipson ឈរ​កំពូល​តារាង​គេ​សង្កេតឃើញ​កីឡាករ Shane Booysen របស់​ភ្នំពេញ​ក្រោ​ន រកបាន​២​គ្រាប់​តាម​ពីក្រោយ​ខណៈ​កីឡាករ Michael Osei Tutu របស់​ស៊ីម៉ាក់ កីឡាករ Okereke Timothy របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ កីឡាករ ផាន់​នី អ៊ី​រដ្ឋា របស់​អគ្គីសនី​កម្ពុជា កីឡាករ អ៊ិន សុដាវី​ត របស់​ភ្នំពេញ​ក្រោ​ន កីឡាករ​ស៊ុន សុវណ្ណ​ដេ​ត របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (​ប៉ូលីស​) កីឡាករ នួន បូរី របស់​ប៉ូលីស កីឡាករ Baldwin Ngwa របស់​ប៉ូលីស កីឡាករ No San-min របស់​ប៉ូលីស កីឡាករ វី រ៉ា​ទីន របស់​គីរីវង់​សុខ​សែន​ជ័យ កីឡាករ នេន សុធា​រ័ត្ន របស់​ព្រះខ័ន​រាជ​ស្វាយរៀង និង​កីឡាករ សឿ​យ វិសាល របស់​ព្រះខ័ន​រាជ​ស្វាយរៀង សុទ្ធតែ​រក​គ្រាប់​បាល់​ម្នាក់​១​គ្រាប់​តាម​ពីក្រោយ។

សូម​រំលឹកថា ​ការប្រកួត​សប្ដាហ៍​ដំបូង​នេះ​មិនទាន់​គិតពី​ប្រកួត​រវាង​ក្រសួងការពារជាតិ ជាមួយ​បឹងកេត​អង្គរ​នោះ​ទេ ព្រោះថា​ ប្រកួត​នេះ​ត្រូវ​លើក​ពេល​ទៅ​រៀបចំ​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​បឹងកេត​អង្គរ ជាប់​ចេញទៅ​ប្រកួត​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 ជាមួយ​ក្លិប Johor Darul Ta’zim FC របស់​ម៉ាឡេស៊ី​។

សូម​រំលឹក​ថា ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លី​កកំពូល​របស់ខ្លួន​ឲ្យ​កើន​ឡើង​រហូតដល់​១២​ក្លិប ដោយ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង​បន្ត​វគ្គ​Play-Off ដោយ​ចាប់​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ពានរង្វាន់ AFC Cup ជាដើម​។

សម្រាប់​សប្ដាហ៍​ទី​២ នឹង​បន្ត​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ដោយមាន​ការប្រកួត​៦​គូ​ផ្សេងគ្នា​គឺ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ វេលា​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ក្នុង​ថ្ងៃ​សៅរ៍ ទី​២៥ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃ​ជាមួយគ្នានេះដែរ​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែកុម្ភៈ ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ជួប​ក្រុម​ស៊ីម៉ាក់ វេលា​ម៉ោង​៣​រសៀល​នៅ​ស្ដា​ត​ចាស់ ហើយ​ក្រុម​បឹងកេត​អង្គរ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អគ្គិសនី​កម្ពុជា ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114