ព័ត៍មានទាន់​ហេតុការណ៏
Search

ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​CARABAO ៖ រឿង សោ​ភ័​ណ្ឌ​ជួប​Thav Oulan ឯ ឡុង សុវណ្ណ​ឌឿ​ន​ជួប​Keng Kat​ ​ ​

​ព្រឹត្តិការណ៍​ ប្រកួត​ដណ្តើម ​ខ្សែក្រវាត់​ជើងឯក​CARABAO​ទម្ងន់​៦៩​គីឡូក្រាម បាន​ឈាន​ មកដល់​វគ្គ​ ពាក់កណ្តាល ​ផ្តាច់ព្រ័ត្រ​ហើយ នា​រសៀល​ថ្ងៃ​សៅ​រិ៍​ ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧​ ចុងសប្តាហ៍​នេះ នៅលើ​សង្វៀន​ អាស៊ីអាគ្នេយ៍។

សម្រាប់​ការជួបគ្នា​ ក្នុង​វគ្គ​ពាក់កណ្តាល​ ផ្តាច់ព្រ័ត្រ​នេះ រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍​លេខ​១​ពូ​ល​ខ្មែរ ត្រូវ​ជួប​ ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ឡាវ​Thav Oulan លេខ​២ ពូ​ល​ថៃ ហើយ​អ្នក​ប្រដាល់​ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាល​វ័​ន្ត​កីឡា​លេខ​២​ពូ​ល​ខ្មែរ ជួប​អ្នក​ប្រដាល់​ថៃ​Keng Kat លេខ​១​ពូ​ល​ថៃ។​

រឿង សោ​ភ័​ណ្ឌ គេ​មាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត​ជម្រុះ​ ៤​ប្រកួត ​ក្នុង​ពូ​ល​កីឡាករ​ខ្មែរ ដោយបាន​១០​ពិន្ទុ គឺ​ឈ្នះ​៣​ចាញ់​១​ប្រកួត។ ឯ Thav Oulan​គេ​មាន​ចំណាត់ថ្នាក់​លេខ​២​មាន ៨ ពិន្ទុ ដោយ​ឈ្នះ​២​ប្រកួត ចាញ់​២​ប្រកួត ក្នុងការ​ប្រកួត​ជម្រុះ​ ក្នុង​ពូ​ល​កីឡាករ​ថៃ​៤ ​ប្រកួត​ដូចគ្នា​នោះ។​ ​រវាង​ពួកគេ​ ទាំងពីរ ធ្លាប់​ប៉ះគ្នា​ ក្នុង​ជុំ​ជម្រុះ​ម្តង​ហើយ ដោយ​រឿង សោ​ភ័​ណ្ឌ ឈ្នះ​ដោយ​ពិន្ទុ​ទាំង​វេទនា។ ក្នុងការ​ជួបគ្នា​ពេលនោះ មាន​ស្ថានភាព​តឹងតែង​បំផុត ដោយ​សោ​ភ័​ណ្ឌ​ ឈ្នះ​ ដោយ​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។​

សម្រាប់​ការប្រកួត ​លើក​នេះ អ្នកណា​ចាញ់​នោះ គឺ​ហាលអាវ និង​ក៏ដូចជា​បាត់បង់​ខ្សែក្រវាត់​ព្រមទាំង​ប្រាក់រង្វាន់​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​រូបមន្ត ​ប្រកួត​ខ្សែក្រវាត់​នេះ ពុំ​តម្រូវឲ្យមាន​ ចំណាត់ថ្នាក់​លេខ​៣ លេខ​៤ នោះទេ។ ពោលគឺ​ តម្រូវ​យកតែ​ពីរ​នាក់ គឺ​អ្នកឈ្នះ​ក្នុង វគ្គ​ពាក់កណ្តាល ​ផ្តាច់ព្រ័ត្រ​នេះ​តែប៉ុណ្ណោះ។​

ចំពោះ​ការជួបគ្នា​រវាង​ឡុង សុវណ្ណ​ឌឿ​ន និង Keng Kat វិញ ក៏​ដូចគ្នា​ដែរ តែ​ចាញ់​គឺ​ខាត​លាភ​សំណាង​ហើយ។ ឡុង សុវណ្ណ​ឌឿ​ន មាន​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ប្រកួត​ជម្រុះ ដោយបាន​១០​ពិន្ទុ ក្នុង​៤​ប្រកួត គឺ​ឈ្នះ​៣​ប្រកួត ចាញ់​១​ប្រកួត។

Keng Kat គេ​មាន​ចំណាត់ថ្នាក់​លេខ​១ ដោយបាន​១០​ពិន្ទុ ក្នុងការ​៤​ប្រកួត​ដូចគ្នា​គឺ​ឈ្នះ​៣​ប្រកួត និង​ចាញ់​១​ប្រកួត ។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើក​នេះ ទោះបីជា​សុវណ្ណ​ឌឿ​ន​ធ្លាប់​ចាញ់ Keng Kat ម្តង​ហើយ​ក្នុង​វគ្គ​ជម្រុះ​ក៏ដោយ ក៏​មិនទាន់​ប្រាកដថា​ចាញ់​ទៀត​ដែរ។ ការ​ចាញ់​លើក​មុន​នោះ សុវណ្ណ​ឌឿ​ន​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

ដូច្នេះ សម្រាប់​ការជួបគ្នា​ក្នុង​វគ្គ​ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ មិន​ថា​អ្នកណា​ខ្លាំង ឬ​អន់​ជាង​អ្នកណា​ទេ តែ​ប្រហែស​និង​មើលស្រាល​គូប្រកួត​នោះ គឺ​ច្បាស់​ជា​ហាលអាវ​ហើយ ។ ចាំមើល តើន​រណា​ឈ្នះ​រវាង​ឡុង សុវណ្ណ​ឌឿ​ន និង Keng Kat នេះ ?។​

ព្រឹត្តិការណ៍​ប្រកួត​ ដណ្តើម​ខ្សែក្រវាត់​ជើងឯក​CARABAO ទម្ងន់​៦៩​គីឡូក្រាម​នេះ មាន​កីឡាករ​ខ្លាំង​ចំនួន​៨​រូប​ចូលរួម គឺ​ខ្មែរ ​៤​នាក់​ និង​ថៃ​ ២​នាក់​-​ឡាវ ​២​នាក់​។ ​ឥឡូវនេះ ៤​រូប​ បាន​ឡើងទៅ​ពាក់កណ្តាល ​ផ្តាច់ព្រ័ត្រ ហើយ​៤​រូប ​បាន​ជ្រុះ​ធ្លាក់​ចេញ ពី​ការប្រកួត។​ អ្នកធ្លាក់​ទាំង​ខ្មែរ ​ទាំង​ថៃ​ឡាវ​៤​នាក់​នោះ គឺ​កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ,​កីឡាករ​អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ , Sang Yout (​ថៃ​)​និង Thav Phoulekvong (​ឡាវ​)​។​

គួរ​បញ្ជាក់ថា អ្នក​ជាប់​ជា​ជើងឯក​លេខ​១ នឹង​ទទួលបាន​ ខ្សែក្រវាត់​១​ និង​ទឹក​ប្រាក់សុទ្ធ​ចំនួន​៥.០០០​ដុល្លារ លេខ​២ បាន​៣.០០០ ដុល្លារ​។​

ចំពោះ​គូប្រកួត ​អម​គូ​ខ្សែក្រវាត់​នេះ​វិញ ធី តុង​ហ៊ី អ្នក​ប្រដាល់ ​ក្លិប​សាល​វ័​ន្ត​កីឡា ​នឹង​ទទួល​ស្វាគមន៍​ការសុំ​សងសឹក​របស់​វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់ ​ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង។​
​ពីរ​នាក់​ជួបគ្នា ​ក្នុង​ទម្ងន់​ ៦៩​គីឡូក្រាម​ដែរ។ ពួកគេ​ ទើបតែ​ប៉ះគ្នា​ ម្តង​កាលពី​ថ្ងៃទី​១៣​ ខែមករា ឆ្នាំ​២០១៧​ កន្លង មកនេះ ដោយ​តុង​ហ៊ី ​ឈ្នះ​សុវណ្ណ​ដោយ​ពិន្ទុ។ ​ចាំមើល ជួបគ្នា​លើក​នេះ​វ៉ែន សុវណ្ណ អាច​យកឈ្នះ​ធី តុង​ហ៊ី​វិញ​បាន​ឬ​អត់​?។​
​សំណាង សម្បត្តិ អ្នក​ប្រដាល់​ក្លិប​បាត់ដំបង​ពាយ័ព្យ ត្រូវគេ​ផ្គូ​ឲ្យ ​ជួប​ប្រកួត​ ជាមួយ​ រឿន ឈី អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ ​ខេត្តសៀមរាប ដោ​យ ​ប្រកួត​គ្នា​ក្នុង​ ទម្ងន់​ ៥៧​គីឡូក្រាម៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684