ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់​ប៊ុន​លាភ​- ​ហាក់​ប៉ាន់​ធី​- ​ឈួន​រិទ្ធី​ និង​ ផាន​ចំណាន ​ជួបគ្នា ​ដណ្តើមពាន​រង្វាន់ បាយ័ន​ទម្ងន់​៦៥​គ​.​ក្រ​ ​

អ្នក​ប្រដាល់​៤​រូប ត្រូវបាន​គេ​ ជ្រើសរើស ​ឲ្យចូល​រួម​ប្រកួត ដណ្តើមពាន​ អនុស្សាវរីយ៍ ​បាយ័ន​លើក​ទី​២ សម្រាប់​ប្រភេទ​ ទម្ងន់​៦៥​គីឡូក្រាម សម្រាប់ ​ឆ្នាំ​២០១៧​នេះ។​

អ្នក​ប្រដាល់​ទាំង​៤​រូបនោះ រួមមាន ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​, ហាក់ ប៉ាន់​ធី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​, ឈួន រិទ្ធី អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ និង ផាន ចំណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី។​

ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី​២៥​កុ​ម្ភះ​២០១៧​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។ ការប្រកួត​ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុងពេល​តែមួយ ។​



​ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន។​

​គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ។​
​ ​
ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ សុទ្ធតែ​ធ្លាប់​ជួបគ្នា​ក្នុងការ​ប្រកួត​កន្លងមក លើកលែងតែ​ចាន់ ប៊ុន​លាភ​ប៉ុណ្ណោះ ដែល​មិនដែល​ជួប​ជាមួយ​អ្នក​ណាមួយ​ក្នុង​បីនាក់​នោះ។ ប៉ុន្តែ​ចាន់ ប៊ុន​លាភ ជា​អ្នក​ប្រដាល់​ខ្លាំងជាងគេ​ក្នុងចំណោម​៤​នាក់​នេះ។ ទន្ទឹមនេះ ចាន់​ប៊ុន​លាភ គេ​ធ្លាប់​វាយ​ឈ្នះ​ពានរង្វាន់​បាយ័ន​ទម្ងន់​៦៥​គីឡូក្រាម​នេះ​ម្តង​ហើយ​កាលពី​ថ្ងៃទី​២០​សីហា​២០១៦ ដោយ​គេ​បាន​យកឈ្នះ​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។



ចំពោះ ហាក់ ប៉ាន់​ធី គេ​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ​ផាន ចំណាន និង​ធ្លាប់​ចាញ់​ឈួន រិទ្ធី​ក្នុង​ទឹក​ទី​១។ ចំណែក ឈួន រិទ្ធី គេ​ធ្លាប់​ឈ្នះ​ហាក់ ប៉ាន់​ធី ក្រៅពី​ហ្នឹង​គេ​ពុំដែល​ជួប​ប្រកួត​ជាមួយ​នោះទេ។
តាម​ប្រវត្តិ​ប្រកួត​នេះ ឃើញថា​ពួកគេ​ទាំង​៤ គឺ​ល្អ​និង​ខ្លាំង​ប្រហាក់ប្រហែលគ្នា គ្រាន់តែ​ចាន់ ប៊ុន​លាភ មានបទពិសោធន៍​ច្រើន និង​ល្អ​ជាងគេ។ បើតាម​ការកត់សម្គាល់​ពី​សមត្ថភាព​របស់​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ គេ​បាន​វាយតម្លៃថា ចាន់ ប៊ុន​លាភ ទំនងជា​នឹង​ទទួលបាន​ពានរង្វាន់​បាយ័ន​ទម្ងន់​៦៥​គីឡូក្រាម​នេះ​ម្តងទៀត។​

តាម​កម្មវិធី​ផ្គូផ្គង សម្រាប់​ការប្រកួត​នេះ ចាន់ ប៊ុន​លាភ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ហាក់ ប៉ាន់​ធី។​ហាក់​ប៉ាន់​ធី ថ្វីត្បិតតែ​វាយ​ល្អ តែ​ប្រហែលជា​មិនអាច​ឈ្នះ ប៊ុន​លាភ នោះទេ។ ឯ ឈួន រិទ្ធី ដែល​ត្រូវ​ជួប​ជាមួយ​ផាន ចំណាន​នោះ គឺ​ពិបាក​ទស្សន៍ទាយ​ណាស់ ព្រោះថា​ឈួន រិទ្ធី ថ្វីត្បិតតែ​វាយ​ខ្លាំង ប៉ុន្តែ​គេ​ប្រកួត​ពុំ​សូវ​ទៀងទាត់ ជួន​ល្អ ជួន​អន់។ ទោះជា​យ៉ាងណា អ្នក​ដែល​អាច​ឈានទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ គឺ​មានតែ​ចាន់ ប៊ុន​លាភ​និង​ឈួន រិទ្ធី ដែល​ច្បាស់​ជាងគេ ឯ​ហាក់​ប៉ាន់​ធី និង​ផាន ចំណាន ប្រហែលជា​មិនមាន​សំណាងល្អ​ឡើយ​។​

ដោយឡែក សម្រាប់​ការប្រកួត​គូ​ឯក​វិញ​នោះ គឺ​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​ម៉ន លី​ហួរ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក។ ពួកគេ​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕



ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួប​ប្រកួត​គ្នា​ទេ​កន្លងមក។ ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​នូវ ដា​រ៉ូ និង ម៉ន លី​ហួរ​នេះ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ គឺ​សុទ្ធតែ​តឹងតែង​និង​វេទនា​ហើយ ព្រោះ​អ្នក​ប្រដាល់​ទាំងពីរ​នេះ សុទ្ធតែជា​ជើង​ខ្លាំង​និង​ជា​ជើងចាស់​ដូចគ្នា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684