ព័ត៍មានទាន់​ហេតុការណ៏
Search

ការបោះឆ្នោត ​ប្រធានាធិបតី​ អេ​ក្វា​ដ័​រ ​ត្រូវ​បន្ត ទៅ​ដំណាក់កាល​ទី​ពីរ​

ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការបោះឆ្នោត​ដ៏​តានតឹង​របស់​ប្រទេស​អេ​ក្វា​ដ័​រ​ កំពុង​ឈានទៅ​ដំណាក់កាល​ទី​ពីរ ​បន្ទាប់ពី​លទ្ធផល​បង្ហាញថា បេក្ខជន​របស់​គណបក្ស​កំពុងកាន់​អំណាច​លោក Lenin Moreno ត្រូវការ​សំឡេង​តែ​បន្តិច​ប៉ុណ្ណោះ​ដើម្បី​ក្តោប​យកជ័យ​ជម្នះ​ទាំងស្រុង​។​

លទ្ធផល​នេះ​បានបញ្ចប់​ការ​ធុញថប់​រយៈពេល​ពីរ​ថ្ងៃ​ខណៈ​អ្នកគាំទ្រ​បេក្ខជន​គណបក្សប្រឆាំង​លោក Guillermo Lasso បាន​ប្រមូល​ផ្តុំគ្នា​តាម​ដងផ្លូវ​ដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​អ្វីដែល​ពួកគេ​បាន​និយាយថា ជាការ​ប៉ុនប៉ង​លួច​បន្លំ​សន្លឹកឆ្នោត​ជួយ​លោក Moreno ដែលជា​បេក្ខជន​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រធានាធិបតី Rafael Correa ដើម្បី​ជំនួស​តំណែង​គាត់​។​

ប្រទេស​នៅ​រដ្ឋ Andean មួយ​នេះ​នឹង​រៀបចំ​ការបោះឆ្នោត​ជុំ​ទី​២​នៅ​ថ្ងៃទី​២​ខែមេសា​ដែលជា​ការបោះឆ្នោត​មួយ​នឹង​ត្រូវបាន​តាមមើល​យ៉ាង​ជិតស្និត​ក្នុងប្រទេស​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​ខណៈ​លោក Moreno ត្រូវ​ប្រឈមមុខ​នឹង​លោក Lasso ដែលជា​អតីត​ធនាគារិក​អភិរក្ស​មួយរូប​។​
​ក្រុមមន្ត្រី​បាន​និយាយថា លោក Moreno បានទទួល​សំឡេង​ជាង​៣៩​ភាគរយ​ក្នុងការ​បោះឆ្នោត​ថ្ងៃអាទិត្យ​ខណៈ​លោក Lasso តាម​ពីក្រោយ​១១​ភាគរយ​បន្ទាប់ពី​ទទួលបាន​សំឡេង​២៨​ភាគរយ​។ លោក Moreno ចាំបាច់​ត្រូវការ​សំឡេងឆ្នោត​៤០​ភាគរយ​ដើម្បី​ឈ្នះ​ទាំងស្រុង​។​

លោក Moreno ទំនងជា​នឹង​ជួបប្រទះ​ការប្រកួតប្រជែង​ជាច្រើន​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ខណៈដែល​បេក្ខជន​ជាច្រើន​របស់​គណបក្សប្រឆាំង​ពង្រឹង​ការគាំទ្រ​របស់​ពួកគេ​លើ​លោក Lasso ។​

បេក្ខជន​ជាច្រើន​ដែល​ចាញ់ឆ្នោត​បានដាក់​ការគាំទ្រ​របស់​ពួកគេ​រួចទៅហើយ​លើ​លោក Lasso សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​ពីរ​នេះ​ដោយ​រួមទាំង​អតីត​សមាជិកសភា​លោកស្រី Cynthia Viteri ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​បី​ដោយមាន​សំឡេង​ជាង​១៦​ភាគរយ​ផងដែរ​។​

អតីត​អភិបាលក្រុង Quito លោក Paco Moncayo ដែលជា​អ្នក​ឆ្វេងនិយម​តែ​ម្នាក់​គត់​ក្នុងចំណោម​បេក្ខជន​តាម​ពីក្រោយ​ចំនួន​ប្រាំពីរ​នាក់​បាន​ថ្លែងថា លោក​នឹងមិន​ស្នើ​ឲ្យ​សំឡេង​៧​ភាគរយ​នៃ​អ្នកបោះឆ្នោត​ដែល​គាំទ្រ​គាត់​ដើម្បី​បោះឆ្នោត​ឲ្យ​បេក្ខជន​ណាមួយ​នោះទេ​៕ AP