Connect with us

សន្តិសុខសង្គម

ចាប់រថយន្តដឹកទារស់ ៦ ពាន់ក្បាល ចំនួន ២ ករណី មកពីវៀតណាម ចូលទឹកដីកម្ពុជា

បានផុស

នៅ

ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឃាត់​ចាប់​រថយន្ត​ដឹក​សត្វ​ទា​រស់ ៦០០០ ក្បាល បាន​ចំនួន ២ ករណី ដឹក​មកពី​ប្រទេស​វៀតណាម ចូល​មក​ទឹកដី​កម្ពុជា ដោយ​គ្មាន​លិខិត​អនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ៥ ខែ​កក្កដា ឆ្នាំ ២០២៣ ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ចុះ​ឃាត់​ចាប់​រថយន្ត​ដឹក​សត្វ​ទា​រស់ បាន​ចំនួន ២ ករណី។

កិច្ច​ប្រតិបត្តិការ​នេះ ដោយ​ករណី​ទី​១-នៅ​វេលា​ម៉ោង ២២ និង ៤២ នាទី ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឃាត់​រថយន្ត ១ គ្រឿង ម៉ាក HYUNDAI ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ ២.៥ តោន ស្លាក​លេខ​បន្ទាយមានជ័យ ៣A-១៧៣៧ ពណ៌​ស ដឹក​សត្វ​ទា​រស់ ចំនួន ៣០០០ ក្បាល មកពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​គ្មាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់។ ឃាត់​ចាប់​នៅ​ចំណុច​ភូមិ​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។ ចំពោះ​វត្ថុតាង យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។

ដោយឡែក ករណី​ទី ២ នៅ​វេលា​ម៉ោង ២២ និង ៥៥ នាទី ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឃាត់​ចាប់​រថយន្ត ១ គ្រឿង​ទៀត ម៉ាក HYUNDAI ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ ២.៥ តោន ស្លាក​លេខ​ភ្នំពេញ ៣G ១០០៦ ពណ៌​ស ដឹក​សត្វ​ទា​រស់ ចំនួន ៣០០០ ក្បាល មកពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​របៀង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​ខេត្ត​កណ្ដាល ដោយ​គ្មាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់។ ឃាត់​ចាប់​នៅ​ចំណុច​ភូមិ​ស្នោ ឃុំ​ជៃ​កំពក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ ចំណែក​វត្ថុតាង នាំ​យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម