ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖ ​បឹងកេត​អង្គរ បរាជ័យ​ក្នុង​ប្រកួត​បើកឆាក​ពូ​ល F ក្រោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ JDT របស់​ម៉ាឡេស៊ី​

​ក្រុម​បឹងកេត​អង្គររបស់​កម្ពុជា​ បាន​រង​បរាជ័យ​ក្នុង​ការប្រកួត​បើកឆាក​ពូ​ល F នៃ​ពានរង្វាន់​លំដាប់​ទី​២ ​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ ​Johor Darul Ta’zim FC (JDT) ដោយ​លទ្ធផល ៣​ទល់​០ នា​ល្ងាច​ថ្ងៃ​អង្គារ ទី​២១ ខែកុម្ភៈ ​លើ​ទីលាន​កីឡដ្ឋាន​ Tan Sri Dato Haji Hassan Yunos Stadium ក្នុង​ទីក្រុង Johor Bahro ប្រទេស​ម៉ាឡេស៊ី​។​

​ក្រោម​ការ​កាត់សេចក្តី​ពី​លោក​អាជ្ញាកណ្ដាល ​Akrami ជនជាតិ​អ៊ីរ៉ង់ ក្រុម JDT ដែលជា​ជើងឯក​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ​២០១៥ រកបាន​៣​ពិន្ទុ​ ក្នុង​ការប្រកួត​ដំបូង​ខណៈ Guerra, Nazmi Faiz Mansor និង Safiq Rahim បា​នរក​គ្រាប់​បាល់​ម្នាក់​១​គ្រាប់​ផងដែរ​។ សូម​រំលឹក​ផងដែរ​ថា​ក្នុង​ពូ​ល F ដូចគ្នា​ក្រុម Global FC ​របស់​ហ្វីលីពីន បាន​ប្រកួត​ឈ្នះ​ក្រុម Magwe របស់​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ១​ទល់​០ នៅ​ថ្ងៃ​ជាមួយគ្នា​ផងដែរ​។​

​សរុប​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្នុង​ពូ​ល F នេះ​ឃើញថា​ក្រុម JDT ឡើងឈរ​កំពូល​តារាង​មាន​៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Global FC មាន​៣​ពិន្ទុ​ដែរ​ តែ​ខុស​គ្រាប់​បាល់​ចំណេញ ហើយ​ក្រុម Magwe ឈរ​លេខ​៣ និង​ក្រុម​បឹងកេត​អង្គរ របស់​កម្ពុជា ឈរ​លេខ​៤ ​មិនទាន់មាន​ពិន្ទុ​ដូចគ្នា​។ សម្រាប់​ប្រកួត​បន្ទាប់​ គឺធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​៧ ខែមីនា ខាងមុខ​ដោយ​ក្រុម​បឹងកេត​អង្គរ ត្រូវ​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម Global FC របស់​ហ្វីលីពីន ហើយ​ក្រុម Magwe របស់​មី​យ៉ាន់​ម៉ា ត្រូវ​ទទួល​ក្រុម JDT របស់​ម៉ាឡេស៊ី នៅវេលា​ម៉ោង​៥​ល្ងាច​។​

​ក្រុម​បឹងកេត​អង្គរ​ ដឹកនាំ​ដោយ​លោក ស៊ីវ ថា ជា​ប្រធាន​ក្លិប​អមដោយ​លោក បែ មករា ជា​អ្នកចាត់ការ​ទៅ​របស់​ក្លិប ​និង​លោក​ John McGlynn ជា​គ្រូបង្វឹក បានចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែកុម្ភៈ សប្ដាហ៍​មុន ខណៈ​ក្រុម​ទាំងមូល​បានធ្វើ​ដំណើរ ​មកដល់​រាជធានី​ភ្នំពេញវិញ ​តាំងពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ​ម្ល៉េះ​។ កីឡាករ​ក្នុង​បញ្ជី​មាន​ចំនួន​១៨​នាក់​ ដែល​ធ្វើដំណើរ​ទៅជា​មួយ​ក្លិប​រួមមាន ស៊ូ យ៉ា​ទី​, គឹម មករា​, រស់ សំអឿន​, ស្លេះ សេន​, ស៊ុន សុវណ្ណ​រិទ្ធី​, ទូច បញ្ច​រ៉ុង​, ខៀវ វិបុល​, សុខ សុវណ្ណ​, លី វ៉ា​ហេ​ទ​, Tomoki Muramatsu, Hikaru Mizuno, លី មី​ហ្សា​ន​, សុខ ផេង​, ឈុន សុធា​រ័ត្ន​, ឃួន ឡា​បូ​រ៉ាវី​, Silva Calijuri Maycon Gogerio, ជា វេស​លី និង សា រ៉ូ​ហ្សេ​ប​។​

​នេះ​ជា​ឆ្នាំ​ទី​១៤ ហើយ​ដែល​ពានរង្វាន់ AFC Cup បានធ្វើការ​ប្រកួតប្រជែង ក្រោម​ការ​រៀបចំឡើង​ដោយ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​។ សម្រាប់​ឆ្នាំ​២០១៧ នេះ​មាន​ក្រុម​ចំនួន​៥២ មកពី ​២៩ ប្រទេស​ចូលរួម​ប្រកួតប្រជែង ចាប់ពី​ខែសីហា ឆ្នាំ​២០១៦ មកម្ល៉េះ​ក្នុង​វគ្គ​ជម្រុះ​បឋម ហើយនឹង​បន្ត​ប្រកួត​ពីថ្ងៃ​ទី​៣០ ខែមករា តទៅ​រហូតដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទើប​បញ្ចប់​។ ចំណែក​វគ្គ​ចែក​ពូ​ល​នេះ​នៅសល់​ក្រុម​ចំនួន​៣៤​ក្រុម​ប៉ុណ្ណោះ ដោយ​ចែកជា​៩​ពូ​ល​ផ្សេងគ្នា (​របស់​ពី A ដល់ I)​។ ក្រុម​លេខ​១ ដែលមាន​ពិន្ទុ ​លើ​គេ​ប្រចាំ​ពូ​ល​នីមួយៗ​នេះ​ នឹង​មានឱកាស​ឡើងទៅ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់ (Knockout stage) បូករួម​ជាមួយ​ក្រុម​លេខ​២ ល្អ​ដែលមាន​ពិន្ទុ​ខ្ពស់​ចេញពី​៣ ពូ​ល (​ពូ​ល F,G និង H)៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684