ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​បាល់ទាត់​ជាតិ មាន​គម្រោង​បញ្ជូន​កីឡាករ​របស់​ខ្លួន​២​កម្រិត​ទៅ​ប្រកួត​ និង​ហ្វឹកហាត់​នៅក្រៅ​ប្រទេស

សាលា​បាល់ទាត់​ជាតិ ដែល​មាន​ទីតាំងនៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ក្រោម​ការគ្រប់គ្រង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រោង​បញ្ជូន​កីឡាករ​របស់​ខ្លួន​ចំនួន​២​ក្រុម​ផ្សេងគ្នា​ទៅ​ហ្វឹកហាត់​និង​ប្រកួត​នៅក្រៅ​ប្រទេស​នៅ​ខែមីនា ខាងមុខនេះ​។

​សម្រាប់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ ​របស់​សាលា​បាល់ទាត់​ជាតិ​គ្រោង​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន Asian Dream នៅ​រាជធានី​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៧ ​ដោយមាន​កីឡាករ​ចំនួន ២០​រូប និង​គ្រូ​បង្វឹក​ចំនួន​៥ រូប ខណៈ​ក្រុម​ទាំងមូល​ត្រូវធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា វិញ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ពានរង្វាន់​នេះ​។

ចំណែក​ក្រុម​យុវជន​ក្រោម​អាយុ​១៧ ឆ្នាំ មាន​គម្រោង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ចំនួន​១០​ថ្ងៃ ដោយ​ក្រុម​ទាំងមូល​នឹង​ចេញដំណើរ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​។ កីឡាករ​ចំនួន ២០រូប​ រួមទាំង​គ្រូ​បង្វឹក​ចំនួន​៥​រូប នឹងធ្វើ​ការហ្វឹកហាត់​នៅ​ទីក្រុង Kashima City​របស់​ប្រទេស​ជប៉ុន លើក​នេះហើយ​ក្រុម​ទាំងមូល​ត្រូវ​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ការហ្វឹកហាត់​នេះ។

​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ចាប់ដៃគ្នា​បង្កើតឡើង​ដើម្បី​បណ្តោះ​បណ្តាល​ធនធាន​កីឡាករ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​។ ពេលនេះ​សាលា​មាន​បណ្តុះបណ្តាល​យុវជន​ចំនួន​២​ជំនាន់​គឺ​ក្រុម​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ ចំនួន​១​ជំនាន់ និង​ជំនាន់​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U-17)​។

​សូម​រំលឹក​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ កន្លងទៅ​ក្រុម​យុវជន​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​ប្រកួត​ឈ្នះ​ក្រុម​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ FC Vikings របស់​តៃវ៉ាន់ (​ឆាយ​នី​ស​តៃប៉ិ​) ដោយ​លទ្ធផល​១០-០ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​បាទី ហើយ​នៅ​ថ្ងៃ​ជាមួយគ្នា​នេះ​ដែរ ក្រុម​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ បាន​ប្រកួត​ឈ្នះ​ក្រុម​FC Vikings ក្រោម​អាយុ​ក្រោម​អាយុ​១៦​ឆ្នាំ ដោយ​លទ្ធផល ២-១៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114