ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុម​ស៊ីម៉ាក់ អះអាង​ថា​ ស្ថានភាព​របួស​របស់​ខ្លួន​កាលពី​ប្រកួត​បើកឆាក​លីក​កំពូល​កម្ពុជា កាន់តែ​ប្រសើរ​វិញ​ហើយ

កីឡាករ កា​មា​រ៉ូ​ទីន សូ​ហៃ​មី ជា​ខ្សែ​ការពារ​ខ្មែរ​-​អ៊ីស្លាម ព្រមទាំង​ជា​ប្រធាន​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) បាន​រង​បួស​បែក​ក្បាល​ពេល​ប្រកួត​បើកឆាក​ពានរង្វាន់​លីក​កំពូល​កម្ពុជា Metfone Cambodian League 2017 ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ។

​ការប្រកួត​ដែល​ធ្វើឡើង​នៅ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប នេះ​កីឡាករ កា​មា​រ៉ូ​ទីន សូ​ហៃ​មី បាន​ឲ្យ​ក្រោយ​ចប់​ការប្រកួត​ថា «​ពេល​ហ្នឹង​ខ្ញុំ​លោត​តែ​តបាល់​ជាមួយ​កីឡាករ Okereke Timothy​ហើយ​ប៉ះ​ក្បាល​និង​ក្បាល​។ ខ្ញុំ​ងងឹត​មុខ​បន្តិច តែ​សម្រាក​ក៏​ស្រឡះ​មុខ​នឹង​ដឹងខ្លួន​វិញ​។ មែនទែន​ទៅក្នុង​ប្រកួត​នឹង​ខ្ញុំ​ប៉ះ​ត្រូវ​ត្រង់​ក្បាល​នឹង​ចំនួន​២​លើក ដោយ​គេ​ធាក់​ត្រូវ​ក្បាល​ក្នុង​តង់​ទី​១​ម្ដង តែ​មិន​អី​ហើយ​តង់​ទី​២ តែ​ត​ត្រូវ​ម្ដង​ទៀតហើយ​របួស​តែម្ដង​។ ពេលនេះ​របួស​មិន​មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្ញុំ​នោះទេ​។ ខ្ញុំ​ស​ង្ឃឹម​ថា​ នឹង​អាច​ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម​នៅ​ប្រកួត​ក្រោយៗ​ទៀត​»។

សូម​រំលឹក​ថា ​លទ្ធផល​ប្រកួត​បើកឆាក​របស់​ក្រុម​ស៊ីម៉ាក់ បាន​ប្រកួត​ស្មើគ្នា ១​ទល់​១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ស្រប​ពេល​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Okereke Timothy បា​នរក​គ្រាប់​បាល់​ឲ្យ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ហើយ​កីឡាករ​ជនជាតិ​ហ្គា​ណា Michael Osei Tutu ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ក្រុម​ស៊ីម៉ាក់។

ចំពោះ​កីឡាករ កា​មា​រ៉ូ​ទីន សូ​ហៃ​មី ជា​សមាជិក​ជើងចាស់​ម្នាក់​របស់​ក្រុម​ស៊ីម៉ាក់ ពោល​គឺ​បាន​ចូលរួម​ជាមួយ​ក្រុម​ដែល​បង្កើត​ដំបូង​តាំងពី​ឆ្នាំ​២០១២ ដែល​មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។ កីឡាករ​វ័យ​ជាង​២០​ឆ្នាំ​រូប​នេះ​បាន​រំពឹង​ថា ​ខ្លួន​និង​មិត្ត​រួម​ក្រុម អាច​ជួយ​ក្លិប​បញ្ចប់​ទៅ​ក្នុង​ចំណាត់ថ្នាក់​ល្អ​មួយ​ក្នុង​រដូវ​កាល​ថ្មី​នេះ។

ក្រុម​ស៊ីម៉ាក់ ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៥ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា ស្រប​ពេល​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​) ក្នុង​ថ្ងៃអាទិត្យ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ចុង​សប្ដាហ៍​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114