ព័ត៍មានទាន់​ហេតុការណ៏
Search

កាណាដា​ ស្វាគមន៍​ ជនភៀសខ្លួន Yezidi ១.២០០​នាក់មកពី​អ៊ី​រ៉ា​ក់​

​ប្រទេស​កាណាដា នឹង​ផ្តល់​ការ​តាំងពី​លំនៅ​ថ្មី ដល់​ជនភៀសខ្លួន​ជា​ ជនជាតិភាគតិច Yezidi ដល់​ទៅ​១.២០០​នាក់ ដែល​បាន​ប្រឈម​ទៅនឹង​ ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ក្រុម IS។ នេះ​ជាការ​លើកឡើង​ដោយ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ លោក Ahmed Hussen ។​

​ការផ្តួចផ្តើម​អនុវត្តតាម​ដំណោះស្រាយ​របស់​រដ្ឋសភា កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំទៅ​មិញ ដែល​ផ្តោតទៅលើ​ក្រុម​ជន​ជាតិ​ភាគតិច Yezidi ដែល​កំពុងតែ​ប្រឈម​ នឹង​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ ​ដែល​ស្ថិតក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម IS ឬ​ហៅ​តាម​ភាសា​អា​រ៉ា​ប់​ថា Daesh នោះ​។​
​ ​
ការផ្តួចផ្តើម គឺ​ការនាំយក​ទាំង​ស្ត្រី ​និង​ក្មេងស្រី ដែល​ប្រឈម​នឹង​ហានិភ័យ​ក៏ដូចជា​កុមារៗ​ត្រូវបាន​ជួយ​ឲ្យ​ទៅ​តាំង​ទីលំនៅ​ជាថ្មី​ នៅក្នុង​ប្រទេស​កាណាដា​។​

​លោក Hussen បាន​ឲ្យ​ដឹងថា ក្រុម​អន្តោប្រវេសន៍ កំពុងតែ​មកដល់​ជា​បន្តបន្ទាប់​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម ដែល​ប្រតិបត្តិ​ការដឹកជញ្ជូន​តា​ម​យន្តហោះ​នោះ ត្រូវ​ចំណាយ​ដល់​ទៅ​២៨​លាន​ដុល្លារ​កាណាដា (២១​លាន​ដុល្លារ​អា​មេរិ​ក​)​។ តាំងពី​ឡើង មកកាន់​អំណាច​មក​នៅ​ចុងឆ្នាំ​២០១៥​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​លោក Justin Trudeau បានផ្តល់​ការតាំង​ទីលំនៅ​ថ្មី​ឡើងវិញ ឲ្យ​ដល់​ជនភៀសខ្លួន​ស៊ី​រី ចំនួន​៤០.០០០​នាក់​រួចហើយ​។​

​ជន​អម្បូរ Yezidis គឺជា​ជនជាតិភាគតិច​និយាយ​ភាសា​ឃើ​ដ ដែលមាន​ប្រភពដើម​ចេញ​មកពី​អម្បូរ Zoroastrianism នៃ​ទឹកដី Persia បុរាណ​។ ក្រុម​ជនជាតិ​នេះ មិនមែនជា​អា​រ៉ា​ប់​ ហើយក៏​មិនមែនជា​អ្នក​កាន់សាសនា​មូស្លីម​នោះដែរ ហើយ​ក្រុម IS បានចាត់ទុក​ជនជាតិ​នេះ​ថា​ជា​ក្រុម​អ្នក​ប្រកាន់​បែប​ពហុ​
​ទេព​និយម​ដោយ​អញ្ញ​មតិ (polytheistic heretics) ថែម​ទៀតផង ដែល​ក្រុម​ជ្រុលនិយម​ត្រូវតែ​លុបបំបាត់ចោល​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684