ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេសិត​អាមេរិក​លោក Tillerson ទៅ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​ទៅដល់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​កាលពី​ថ្ងៃ​ពុធ​សម្រាប់​កិច្ចពិភាក្សា​ ដើម្បី​បន្ធូរបន្ថយ ​ភាព​តានតឹង​លើ​ គោលនយោបាយ​ពាណិជ្ជកម្ម ​និង​អន្តោប្រវេសន៍​របស់លោក​ប្រធានាធិបតី Donald Trump។​

លោក Trump បានធ្វើ​ឲ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​ខឹងសម្បារ​ដោយ​ការ​សន្យាថា​នឹង​កសាង​ជញ្ជាំង​មួយ​នៅតាម​បណ្តោយ​ព្រំដែន ​ដើម្បី​ការពារ​ជន​អន្តោ​ប្រវេសន៍ ​ដែល​លោក​ហៅថា​ជា​ជន​រំលោភ​និង​ឧក្រិដ្ឋជន​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​។​

រដ្ឋាភិបាល​របស់លោក​ កាលពី​ថ្ងៃ​អង្គារ ​បានចេញ​បញ្ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ចាប់ផ្តើម​ចាប់ខ្លួន​ និង​និរទេស​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ដែល​ពួកគេ​ភាគច្រើន​ គឺជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​។​
​លោក Trump ក៏បាន​គំរាមថា ​នឹង​រារាំង​ចំពោះ​ការនាំចេញ​របស់​ម៉ិ​ក​ស៊ិ​ក ផ្លាស់ប្តូរ​ការងារ​មក​ពី​ប្រទេស​នោះ​ត្រឡប់​ទៅកាន់​សហរដ្ឋអាមេរិក​វិញ ​និង​បញ្ឈប់​ការផ្ញើ​រប្រាក់​ ដោយ​ជនជាតិ​ម៉ិ​ក​ស៊ិ​កនៅ​សហរដ្ឋអាមេរិក​ត្រឡប់​ទៅ​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​។​

ឥឡូវនេះ​គាត់​បាន​បញ្ជូន​លោក Tillerson និង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​លោក John Kelly ទៅកាន់​ទីក្រុង Mexico City ដើម្បី​បន្ថយ​ភាព​តានតឹង​និង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Enrique Pena Nieto អំពី​របៀប​ក្នុងការ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ និង​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។​

លោក Sean Spicer អ្នកនាំពាក្យ​សេត​វិមាន ​បាន​ប្រាប់​អ្នកកាសែត​ កាលពី​ថ្ងៃ​ពុធ​ថា “​វា​ជាការ​សំខាន់​ដែល​លោក​ប្រធានាធិបតី​បាន​បញ្ជូន​រដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ វា​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ដែល​ប្រទេស​ទាំងពីរ​មាន​”​។​

លោក​បន្តថា “​ទាំងនេះ​គឺជា​កិច្ចប្រជុំ​ដ៏​សំខាន់​ទាក់ទង​នឹង​របៀបវារៈ​របស់លោក​ប្រធានាធិបតី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ជីវិត​រស់នៅ​សម្រាប់​ទាំង​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក ដោយ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​គ្រឿងញៀន​និង​ការស្វែងរក​វិធី​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​យើង​ទាំងពីរ​តាមរយៈ​ទំនាក់ទំនង​ទូលំទូលាយ​”​។​

គួរ​បញ្ជាក់ថា ជំហរ​របស់លោក Trump លើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕ AFP