ព័ត៍មានទាន់​ហេតុការណ៏
Search

លោកLavrov ៖ រុស្ស៊ី​កំពុង​រង់ចាំ​អាមេរិក​ផ្តល់​សេចក្តីលម្អិត​លើ​តំបន់​សុវត្ថិ​ភាពស៊ី​រី​​ ដែល​ស្នើឡើង​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោក Sergei Lavrov បាន​និយាយថា ក្រុង​មូ​ស្គូ​កំពុង​រង់ចាំ​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ដាក់ចេញ​នូវ​សេចក្ដីលម្អិត​អំពី​របៀប​ដែល​ខ្លួន​មានបំណង​បង្កើត​តំបន់​មាន​សុវត្ថិភាព​ក្នុងប្រទេស​ស៊ី​រី​។ លោក​បន្ថែមថា សំណើ​នេះ​ត្រូវតែ​ឯកភាព​ដោយ​រដ្ឋាភិបាល​ស៊ី​រី​។​

លោក Lavrov បាន​និយាយថា បញ្ហា​នេះ​ត្រូវបាន​លើកឡើង​កាលពី​សប្តាហ៍​មុន​ក្នុងអំឡុង​កិច្ចសន្ទនា​របស់គាត់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នៅក្រៅ​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ក្នុង​ទីក្រុង Bonn នៃ​ប្រទេស​អាល្លឺម៉ង់​។​

អ្នកការទូត​កំពូល​រូបនេះ​បាន​និយាយថា ភាគី​ខាង​សហរដ្ឋអាមេរិក​បាន​ជូនដំណឹង​យើង​ថា គំនិត​នៃ​តំបន់​មាន​សុវត្ថិភាព​នេះ​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ទៅមុខ​។ លោក​និយាយទៀតថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​រង់ចាំ​សម្រាប់​សេចក្តីលម្អិត​បន្ថែមទៀត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

លោក​រដ្ឋមន្ត្រី​បាន​និយាយថា ប្រទេស​រុស្ស៊ី​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពិចារណា​លើ​សំណើ​នេះ​ព្រមទាំង​សំណើ​ដទៃទៀត​ដែល​អាមេរិក​អាច​សហប្រតិបត្តិការ​ក្នុងប្រទេស​ស៊ី​រី​ហើយ​លោក​បាន​សំដែង​ក្តី​សង្ឃឹមថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឥឡូវនេះ​គឺ​ពិត​ជាមាន​ចំណាប់អារម្មណ៍​ក្នុងការ​ធ្វើការ​ជាមួយ​ទីក្រុង​មូ​ស្គូ​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​។​

លោក​បាន​សង្កត់ធ្ងន់ថា “​គំនិត​ផ្តួចផ្តើម​បែបនេះ​គួរតែ​បង្ហាញ​ពី​ស្ថានភាព​ពិតប្រាកដ​នៅលើ​ដី ក្នុងប្រទេស​ស៊ី​រី​ដែលជា​កន្លែង​ភាគី​ជាច្រើន​កំពុងធ្វើការ​ជាមួយ​កងកម្លាំង​ដីគោក​និង​ដែនអាកាស​ស៊ី​រី​” ។​

លោក Lavrov បាន​បន្ថែមទៀតថា “​ជាការ​ពិតណាស់ យើង​នឹង​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​ទឹកដី​ស៊ី​រី​គឺ​ចាំបាច់​ត្រូវការ​ការព្រមព្រៀង​គ្នា​ដោយ​រដ្ឋាភិបាល​ស៊ី​រី​។ បើ​មិន​ដូច្នោះ​ទេ វិធានការ​ទាំងនេះ​និង​ដទៃទៀត​នឹង​ប្រហែលជា​មិនមែនជា​ការងាយស្រួល​ទេ​ដើម្បី​អនុវត្ត​”​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​បានប្រកាស​កាលពី​ចុងខែ​មករា​ថា លោក នឹង​បង្កើត​តំបន់​មាន​សុវត្ថិភាព​នៅក្នុង​ប្រទេស​ស៊ី​រី​នោះ​គឺ​បាន​រំលឹក​ឡើងវិញ​នូវ​ផែនការ​របស់លោក​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយថា វា​នឹង​ក្លាយជា​រឿង​ល្អ​ក្នុងការ​បង្កើត​កន្លែង​សម្រាប់​ជន​ស៊ីវិល​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ដូច្នេះ​ពួកគេ​អាច​ស្នាក់នៅ​ទីនោះ​ហើយ​រស់នៅ​ដោយ​សុវត្ថិភាព​ជំនួស​ឲ្យ​ការនាំយក​ពួកគេ​ទៅកាន់​សហរដ្ឋអាមេរិក​៕ RT



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684