ព័ត៍មានទាន់​ហេតុការណ៏
Search

មហាសេដ្ឋីឥណ្ឌូនេស៊ី​ បួន​នាក់ ​មានទ្រព្យ​សម្បត្តិ​ស្មើ​អ្នកក្រ​១០០​លាន​នាក់​

បុរស​មាន​ជាងគេ​បំផុត​បួន​នាក់ ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ គឺមាន​ទ្រព្យសម្បត្តិ​ស្មើនឹង​ពលរដ្ឋ​ក្រីក្រ​បំផុត​១០០​លាន​នាក់​របស់​ប្រទេស​នេះ ​បើទោះបីជា​ប្រធានាធិបតី​ សន្យា​ម្តង​ហើយ ​ម្តង​ទៀតថា​នឹង​ប្រយុទ្ធ​ចំពោះ​កម្រិត “​គ្រោះថ្នាក់​” នៃ​វិសមភាព​នេះ​ក៏ដោយ​។​

អង្គការ Oxfam បាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ឥណ្ឌូនេស៊ី​ គឺជា​ផ្នែក​មួយ​នៃ​បណ្តា​ប្រទេស​វិសមភាព​បំផុត​នៅក្នុង​ពិភពលោក ​ដែល​ចំនួន​មហាសេដ្ឋី​បាន​កើនឡើង​ពី​ម្នាក់​ក្នុង​ឆ្នាំ​២០០២​ដល់​២០​នាក់​នៅក្នុង​ឆ្នាំ​២០១៦​។​

អង្គការ​នេះ​បាន​បង្ហាញថា ជនជាតិ​ឥណ្ឌូនេស៊ី​ មាន​បំផុត​ចំនួន​បួន​នាក់​ ដែល​នាំមុខ​ដោយ​បងប្អូន Budi និង Michael Hartono គឺ​បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​២៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ស្មើនឹង​អ្នកក្រ​បំផុត​៤០​ភាគរយ ​ក្នុងចំណោម​ប្រជាជន​សរុប​២៥០​លាន​នាក់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា លោក Hartonos ដែលជា​ម្ចាស់​ក្រុមហ៊ុន​បារី​ គឺអាច​រកប្រាក់​បាន​គ្រប់គ្រាន់​ក្នុង​មួយឆ្នាំ ​ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ធ្ងន់ធ្ងរ​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

អង្គការ Oxfam បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា “​ចាប់តាំងពី​ឆ្នាំ​២០០០​មក ប្រទេស​ឥណ្ឌូនេស៊ី​គឺ មាន​កំណើនសេដ្ឋកិច្ច​។ ទោះបីជា​យ៉ាងណាក៏ដោយ ផលប្រយោជន៍​នៃ​ការរីកលូតលាស់​នេះ​មិន​ត្រូវបាន​ចែករំលែក​ស្មើភាព​គ្នា​ទេ ​ហើយ​មនុស្ស​រាប់លាន​នាក់​នៅតែមាន​បញ្ហា​ជាពិសេស​ស្ត្រី​”​។​

អង្គការ Oxfam បាន​ឲ្យ​ដឹង​ទៀតថា បើទោះបី​ជា មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែលមាន​ចំនួន​ជា​មធ្យម​៥​ភាគរយ ​ចន្លោះ​ពី​ឆ្នាំ​២០០០​ ដល់​២០១៦​ ក៏ដោយ ការកាត់បន្ថយ​ភាពក្រីក្រ ​បាន​ជាប់គាំង​។ ជនជាតិ​ឥណ្ឌូនេស៊ី​ ប្រមាណ​៩៣​លាន​នាក់​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​។​

គួរ​បញ្ជាក់ថា នៅពេលដែល​លោក​ប្រធានាធិបតី Joko Widodo ជាប់ឆ្នោត​នៅក្នុង​ឆ្នាំ​២០១៤ លោក​បាន​សន្យាថា​នឹង​ផ្តល់​អាទិភាព​ដល់​ការបិទ​គម្លាត​ទ្រព្យសម្បត្តិ​។ លោក​បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Bloomberg បន្ទាប់ពី​ការជាប់ឆ្នោត​ថា “​កំណើនសេដ្ឋកិច្ច​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​រដ្ឋបាល​របស់ខ្ញុំ​និង​សម្រាប់​ប្រជាជន​របស់ខ្ញុំ​ប៉ុន្តែ​វា​កាន់តែ​សំខាន់​ក្នុងការ​បង្រួម​គម្លាត​នេះ​”៕ The Guardian