ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​អ៊ី​ស៊ុយ​ហ្ស៊ុ​យ “D-Max” ទទួលបាន​ពាន “​ម៉ាក​ដែលមាន​ឥទ្ធិពល​បំផុត នៅ​ប្រទេស​ថៃ ឆ្នាំ​២០១៦” ​

ទីក្រុង​បាងកក​, ប្រទេស​ថៃ​ ៖ ក្រុមហ៊ុន​ផលិត​រថយន្ត អ៊ី​ស៊ុយ​ហ្ស៊ុ​យ នៅ​ប្រទេស​ថៃ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដោយសារតែ​រថយន្ត​អ៊ី​ស៊ុយ​ហ្ស៊ុ​យ “D-Max” របស់ខ្លួន​ត្រូវបាន​ជ្រើសរើស ឲ្យ​ទទួលបាន​ពាន់រង្វាន់​ជា “​ម៉ាក​ដែលមាន​ឥទ្ធិពល​បំផុត នៅ​ប្រទេស​ថៃ ឆ្នាំ​២០១៦” ក្នុង​ប្រភេទ​រថយន្ត Pick-Up ពី​មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ និង​គណនេយ្យ នៃ​សាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkor) កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ ក្រុមហ៊ុន​ផលិត​រថយន្ត អ៊ី​ស៊ុយ​ហ្ស៊ុ​យ នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ការទទួលបាន​ពានរង្វាន់ “​ម៉ាក​ដែលមាន​ឥទ្ធិពល​បំផុត នៅ​ប្រទេស​ថៃ ឆ្នាំ​២០១៦” គឺ ធ្វើឡើង​ដោយ មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ និង​គណនេយ្យ នៃ​សាកលវិទ្យាល័យ ជូឡាឡុងកន នេះ​គឺ​ដោយសារ​បាន​ចុះ​ធ្វើ​ការស្ទង់មតិ ពី​ប្រជាពលរដ្ឋ​ប្រមាណ ១២,០០០ នាក់ នៅក្នុង​ខេត្ត​ចំនួន ១៤ នៅក្នុង​ប្រទេស​ថៃ​។​



ប្រទេស​ថៃ​គឺជា​ប្រទេស ដែលមាន​ការប្រើប្រាស់រ​ថ​យន្ត​ច្រើន​បំផុត ក្នុងចំណោម​ប្រទេស​ដទៃទៀត​ដែលជា​សមាជិក​នៃ​ប្រជាជាតិ​អាស៊ាន ហើយ​កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ ជា​ប្រទេស​ដែលមាន​ការកកស្ទះ​ចរ​ចរណ៍ ខ្លាំង​បំផុត​នៅលើ​ពិភពលោក​។​

អ្នកស្រី ប៉ា​ណាត់​ដា (Panatda Chennavasin) នាយិកា​រង​ប្រតិបត្តិ ក្រុមហ៊ុន ទ្រី​ផេ​ក អ៊ី​ស៊ុយ​ហ្ស៊ុ​យ (Tri Petch Isuzu Sales) ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹ​ថា ថៃ​គឺជា​ប្រទេស​នៅក្នុង​សមាជិក​អាស៊ាន​តែមួយគត់ ដែល​ត្រូវបាន​កត់សម្គាល់ថា ជា​ប្រទេស​ដែលមាន​ប្រជាជន​និយម​ចូលចិត្ត ប្រើប្រាស់​រថយន្ត​ប្រភេទ Pick-UP ច្រើនជាងគេ​បំផុត នៅលើ​សកលលោក ដោយមាន​តួលេខ​រថយន្ត Pick-UP សរុប​រហូតដល់​ជាង ១ លាន​គ្រឿង ក្នុងនោះ​មាន​រថយន្ត អ៊ី​ស៊ុយ​ហ្ស៊ុ​យ ប្រមាណ ៣៦ ភាគរយ គឺ​ស្មើនឹង​ជាង​មួយ​ភាគបី​។​

លោកស្រី​បន្ថែមថា​ ៖ ”​ថៃ​គឺជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​លេខ ១ ចំពោះ​រថយន្ត Pick-UP ដែលមាន​ចំណុះ ១ តោន នៅលើ​សកលលោក និង​អាមេរិក​ស្ថិតនៅ​លំដាប់​លេខ ២​។ តែបើ​គិតពី​ចំណុះ ១,៥ តោន​ឡើងទៅ ប្រទេស​អាមេរិក ឈរ​នៅ​លំដាប់​លេខ ១ នៅលើ​ពិភពលោក ហើយ​ថៃ នៅត្រឹម​លេខ​រៀង​ទី ២ វិញ​។ បើ​មក​មើល​នៅក្នុង​តំបន់​អាស៊ាន​វិញ ប្រជាជន​ថៃ​និយម​ចូលចិត្ត​ប្រើប្រាស់​រថយន្ត Pick-Up ច្រើនជាងគេ​បំផុត ហើយ​បន្ទាប់មក​គឺ​ប្រទេស ហ្វីលីពីន ក៏​ចូលចិត្ត​ប្រើ​រថយន្ត Pick Up ដែរ​”​។​

បច្ចុប្បន្ន អ៊ី​ស៊ុយ​ហ្ស៊ុ​យ មាន​រោងចក្រ​ផលិត​រថយន្ត​ភី​ក​អាប់​ចំនួន​២​កន្លែង​នៅក្នុង​ប្រទេស​ថៃ គឺ​រោងចក្រ​អ៊ី​ស៊ុយ​ហ្ស៊ុ​យ​សំរោង ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន និង​រោងចក្រ អ៊ី​ស៊ុយ​ហ្ស៊ុ​យ​ហ្គេ​ត​វ៉េ​យ៍ ក្នុង​ខេត្ត​ឆាក់​ឆឺង​សៅ ដែលមាន​ទំហំ​ដី ៦០ ហិកតា​។ ចំពោះតែ​រោងចក្រ អ៊ី​ស៊ុយ​ហ្ស៊ុ​យ​ហ្គេ​ត​វ៉េ​យ៍ មាន​សមត្ថភាព​អាច​ផលិត​រថយន្ត អ៊ី​ស៊ុយ​ហ្ស៊ុ​យ Pick-UP បាន​ជាង ១ សែន​គ្រឿងក្នុង​មួយឆ្នាំ ដោយ​ជា​រៀងរាល់ថ្ងៃ​ផលិត​បាន​រថយន្ត​ចំនួន ៣៣០ គ្រឿង គឺ​សម្រាប់​នាំ​ចេញទៅ​បរទេស​ចំនួន ១១០ ប្រទេស​នៅលើ​សកលលោក និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​ថៃ​ផងដែរ​៕