ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ព​អ៊ី​រ៉ា​ក់​ រៀបចំខ្លួន​សម្រាប់​ ការវាយលុក​យក​ព្រលានយន្តហោះ​ក្រុង Mosul

​កងទ័ព​អ៊ីរ៉ាក់ បាន​ត្រៀម​រៀបចំខ្លួន​រួចជាស្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ការវាយលុក​មួយ​ទៅលើ​ព្រលានយន្តហោះ​ក្រុង Mosul ។​ ​កងកម្លាំង​សម្រាំង​ប្រយុទ្ធ​បាន​ពង្រឹង​ទីតាំង​ឈរជើង​របស់ខ្លួន​ដែល​ដណ្តើម​យកមក​បាន​តាំងតែ​ពី មានការ​វាយ​រុញច្រាន​កាលពីពេល​ថ្មីៗ​នេះ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ដែល​ត្រូវបាន​ចាប់ផ្តើម​ធ្វើការ​វាយលុក កាលពី​ថ្ងៃអាទិត្យ ខណៈដែល​ជន​ស៊ី​វិល​រាប់រយ​នាក់​បាន​ភៀសខ្លួន​ចេញពី​ភូមិឋាន ទើបតែ​វាយ​ដណ្តើមយក​នោះ​។​
​ ​
ប៉ូលិស​សហព័ន្ធ​បាន​និយាយថា មនុស្ស​ប្រមាណ ៤៨០​នាក់ បាន​បម្លាស់​ទីកន្លែងរ​ស់​នៅ​របស់ខ្លួន​ពី តំបន់ al-Yarmuk កំពុងតែ​ផ្ទេរ​ឲ្យ​ទៅ​ស្នាក់នៅ តាម​តំបន់​ទាំងឡាយ​ដែល​រំដោះ​យកបាន​មកវិញ នៅ​ភាគខាងត្បូង​ទីក្រុង​។ ​កងទ័ព​​អ៊ីរ៉ាក់ បាន​វាយ​ដណ្តើមបាន​មកវិញ​នូវ​ចំណុច​ត្រួតពិនិត្យ​ដ៏​សំខាន់​មួយ​នៅតាម​ដងផ្លូវ​ហាយវ៉េ​នៃ​ក្រុង​បា​ដា​ដ ភាគខាងត្បូង​ក្រុង Mosul ហើយនឹង​ភូមិ Al-Buseif ជា​ភូមិ​ធម្មជាតិ ​ដែល​គេ​អាច​មើលឃើញ​ដល់​ព្រលានយន្តហោះ ហើយនឹង​ភាគខាងត្បូង​ទាំងស្រុង​នៃ​ទីក្រុង Mosul នេះ​។​

​មិនមាន​ការបើក​ប្រតិបត្តិការ​ធំៗ នៅក្បែរ​ក្រុង Mosul នោះទេ កាលពី​ថ្ងៃ​ពុធ ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ថ្មី​របស់​​អ៊ីរ៉ាក់ បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ភូមិ​ដែល​បាន​រំដោះ ហើយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វិញ ត្រូវបាន​គេ រំពឹងថា​ស្ថិត​នៅឯ​ខ្សែត្រៀម​ជួរមុខ​។​ ​កងឯកភាព​ឆ្លើយតប​ភ្លាមៗ​ជា​កងកម្លាំង​គាំទ្រ​របស់​ក្រសួងមហាផ្ទៃ​​អ៊ីរ៉ាក់ ក៏​អាច​នឹង​រំកិល​ចូលទៅ​ព្រលានយន្តហោះ​នោះ​ផងដែរ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខជា​មុខសញ្ញា​ដ៏​សំខាន់​មួយ​មុនពេល​ខាង​ទាហាន​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​នៅតាម​ដងផ្លូវ​ដ៏​តូចចង្អៀត​នៅ​ជ្រោយ​ខាងលិច​នៃ​ក្រុង Mosul នោះ​។​

​មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អា​មេ​រិ​ក នា​សប្តាហ៍​នេះ ប៉ាន់​ស្មានថា មាន​អ្នក​ប្រយុទ្ធ IS តែត្រឹម​២.០០០​នាក់​ប៉ុណ្ណោះ កំពុង​ការពារ​ទប់ទល់​នៅ​ភាគ​ខាងលិច​ក្រុង Mosul ដោយ​លើកឡើងថា ក្រុម​សកម្មប្រយុទ្ធ​រង​ការខាតបង់​យ៉ាង​ធ្ងន់​នៅក្នុង​ប្រតិបត្តិការ​សឹក​ជា​លើកទីមួយ​រយៈពេល​៤​ខែ​នោះ​៕
AFP