ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ គួច សុ​កុម្ភៈ ទំនង​ជួយ​ក្រុម​ណាហ្គា​វើ​ល បាន​វិញ​នៅ​សប្ដាហ៍​ទី​៤ ក្រោយ​ស្ថានភាព​របួស​ថ្មី​មិនទាន់​សះស្បើយ

កីឡាករ គួច សុ​កុម្ភៈ អតីត​ខ្សែបម្រើ​ប្រយុទ្ធ​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​និង​ជា​អនុប្រធាន​ក្រុម​ក្នុង​ក្លិប​ណាហ្គា​វើ​ល បន្ត​រងរបួស​ម្ដងទៀត ក្រោយ​សម្រាក​ព្យាបាល​របួស​ដាច់​សរសៃ​កែង​ជើងឆ្វេង​របស់​ខ្លួន ជាសះស្បើយ​ដោយ​ជោគជ័យ​ជាង​កន្លះ​ឆ្នាំ ខណៈ​តាម​ការរំពឹងទុក​របួស​ថ្មី​នេះ​នឹង​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ ពោលគឺ​ទំនង​សប្ដាហ៍​ទី​៤​នៃ​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2017​។

​កីឡាករ​មកពី​ខេត្ត​កំពង់ធំ រូប​នេះ​បាន​រង​របួស​អំឡុង​ពេល​ណាហ្គា​វើ​ល ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប មុន​បើក​រដូវ​កាល​ថ្មី ខណៈ​រូបគេ​ក៏​អវត្តមាន​ពេល​ក្រុម​ណាហ្គា​វើ​ល យកឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ដោយ​លទ្ធផល​ល ៤​ទល់​១ កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​ដែរ ព្រោះ​ត្រូវ​សម្រាក​ព្យាបាល​របួស​។ របួស​ថ្មី​នេះ​ត្រូវ​សម្រាក​ព្យាបាល​ចន្លោះ​ប្រហែល​ពី​១០​ទៅ​១៥​ថ្ងៃ ពោល​គឺ​អាច​នឹង​បង្ហាញខ្លួន​វិញ​នៅ​ដើមខែ​មីនា ខាងមុខ​ពេលណា​ហ្គា​វើ​ល ជួប​ក្រុម​ក្រសួងការពារជាតិ ក្នុង​សប្ដាហ៍​ទី​៤។

លោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល ថា​របួស​របស់​កីឡាករ គួច សុ​កុម្ភៈ មាន​ផល​ប៉ះពាល់​ដល់​ក្រុម​ផង​ដែរ ព្រោះ​កីឡាករ​ជើងចាស់​មួយ​នេះ​យល់​ពី​ទម្រង់​លេង​របស់​ក្រុម​ច្រើន​។ ប៉ុន្តែ​លោក​រំពឹង​ថា ​ពេល​ត្រឡប់​មក​លើ​ទីលាន​វិញ របស់ គួច សុ​កុម្ភៈ អាច​ពេល​ក្នុង​ប្រកួត​សំខាន់​ជាមួយ​គូប្រជែង​ដែល​ជា​ក្រុម​ខ្លាំង​ដែល​មិនអាច​មើលរំលង។

សូម​រំលឹក​ថា​ កីឡាករ គួច សុ​កុម្ភៈ បាន​រង​របួស​រយៈពេល​វែង ​ពោល​គឺ​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៦ ហើយ​បន្ត​អវត្តមាន​រហូត​ពេល​មួយ​រដូវ​កាល​ចាស់ ក្រោយ​ដាច់​សរសៃ​កែងជើង​ឆ្វេង ពេល​ប្រកួត​លីក​កំពូល​កម្ពុជា ជាមួយ​ក្រុម​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) ត្រឹម​សប្ដាហ៍​ទី​៦​។ របួស​នេះ​បានជា​សះស្បើយ​មិនបាន​ប៉ុន្មាន​ផង សុ​កុម្ភៈ ក៏​រងរបួស​ថ្មី​លើក​នេះ​ម្ដងទៀត។

​កីឡាករ គួច សុ​កុម្ភៈ បាន​ចាប់​ផ្តើម​លេង​បាល់ទាត់​នៅពេល​រូបគេ​ជា​សិស្សសាលា​បឋមសិក្សា កំពង់ធំ និង​បន្ត​លេង​ឲ្យ​ក្រុម​វិទ្យាល័យ​ប​ល្ល័​ង្គ​។ ឆ្នាំ​២០០២ រូបគេ​បាន​ជួយ​ឲ្យ​វិទ្យាល័យ​បល្ល័​ង្គ ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​ជ្រើសរើស​បាល់ទាត់​ទូទាំង ប្រទេស​។ ដោយសារ​តែមាន​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង លេចធ្លោ​អ្នកគ្រប់គ្រង​ក្លិប ខេមរា​កីឡា លោក លាស់ សា​ឡាក់​ខាន់ បាន​យក គួច ស​កុម្ភៈ មក​ធ្វើតេស្ត ហើយក៏​ជាប់​លេង​ក្រុម​ខេមរា​កីឡា​នៅ​ឆ្នាំ២០០៦។

ក្រោយមក​រូបគេ​បាន​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​ឆ្នាំ​២០១១ មុន​ពេល​ប្តូរ​មកលេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​ក្នុង​ឆ្នាំ​២០១៥​នេះ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114