ព័ត៍មានទាន់​ហេតុការណ៏
Search

លីក​កំពូល​កម្ពុជា ធ្វើដំណើរ​ដល់​សប្ដាហ៍​ទី​២​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ​ដោយមាន​ប្រកួត​៦​គូ​ផ្សេងគ្នា

ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ដែល​ហៅថា​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លីក (Metfone Cambodian League) រដូវ​កាល​ឆ្នាំ​២០១៧ មាន​ក្លិប​ជា​សមាជិក​មាន​ចំនួន​១២​ក្រុម បានចាប់ផ្ដើម​ដំណើរ​រដូវ​កាល​ថ្មី​របស់ខ្លួន ដល់​សប្ដាហ៍​ទី​២ ហើយ​នៅ​ចុង​សប្ដាហ៍ ដោយមាន​៦​គូ​ផ្សេងគ្នា ខណៈ​ព្រឹត្តិការណ៍​នេះ​ប្រើប្រាស់​ពេល​ជាង​១១​ខែ​ទើប​ស្វែង​រក​ឃើញ​ម្ចាស់​ជើងឯក ពោលគឺ​ប្រកួត​តែ​ថ្ងៃ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ។

​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​២ នេះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ វេលា​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ក្នុង​ថ្ងៃ​សៅរ៍ ទី​២៥ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃ​ជាមួយគ្នា​នេះ​ដែរ​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែកុម្ភៈ ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ជួប​ក្រុម​ស៊ីម៉ាក់ វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ហើយ​ក្រុម​បឹងកេត​អង្គរ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អគ្គិសនី​កម្ពុជា ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង។

​ចំណែក​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១​សប្ដាហ៍​កន្លងមក​នេះ​គឺ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឡើងឈរ​កំពូល​តារាង​មាន​៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ណាហ្គា​វើ​ល មាន​៣​ពិន្ទុ​ដូចគ្នា​តែ​គ្រាប់​បាល់​ចំណេញ​តិចជាង ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៣​មាន​៣​ពិន្ទុ​ដែរ​តែ​គ្រាប់​បាល់​ចំណេញ​តិច​ជាង​ដែរ ខណៈ​ក្រុម​លេខ​៤​ព្រះខ័ន​រាជ​ស្វាយរៀង មាន​៣​ពិន្ទុ​ដែរ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ​។ ចំណែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​លេខ​៥​មាន​១​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ស៊ីម៉ាក់ មាន​១​ពិន្ទុ​ដែរ​ខណៈ​បឹង​កេត​អង្គរ និង​ក្រសួងការពារជាតិ ឈរ​លេខ​៧​ស្ទួន ព្រោះ​មិនទាន់បាន​ប្រកួត​។ ចំពោះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៩ មិនទាន់​មាន​ពិន្ទុ ហើយ​ក្រុម​អគ្គិសនី​កម្ពុជា ឈរ​លេខ​១០ ក្រុម​អាស៊ី​អឺរ៉ុប នៅ​លេខ​១១​និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២​។

​សូម​រំលឹក​ថា​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លីក​កំពូល​របស់​ខ្លួន​ឲ្យ​កើន​ឡើង​រហូតដល់​១២​ក្លិប ដែល​បូក​រួម​ទាំង​អាស៊ី​អឺរ៉ុប និង ស៊ីម៉ាក់​យូ​ណាយ​ធី​ត ដែល​នៅ​បាត​តារាង​ឆ្នាំ​ចាស់ នឹង​បន្ត​វត្តមាន​របស់​ខ្លួន​ជាថ្មី​នៅ​រដូវ​កាល​២០១៧ ខណៈ​២​ក្រុម​ទៀត​មាន​ក្លិប​គីរីវង់​សុខ​សែន​ជ័យ និង​អគ្គិសនី​កម្ពុជា ដែល​ជា​ជើងឯក​និង​ជើងឯក​រង​លី​ក​ទី​២​ឆ្នាំ​បើកឆាក​២០១៦​នេះ​។ ចំណែក​ក្រុម​៨​ផ្សេងទៀត​មាន​ដូច​ជា​បឹងកេត​អង្គរ ក្រសួងការពារជាតិ ណាហ្គា​វើ​ល ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ​។

តាម​គម្រោង​ក្រុម​ទាំង​១២​ត្រូវ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង​បន្ត​វគ្គ​Play-Off ដោយ​ចាប់​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ពានរង្វាន់ AFC Cup ជាដើម​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114