ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​គីរីវង់​សុខ​សែន​ជ័យ ថា​ក្លិប​ត្រៀម​ខ្លូន​បាន​រយៈពេល​ខ្លី មុន​យុទ្ធនាការ​រដូវ​កាល​ថ្មី​ឆ្នាំ២០១៧

លោក ផាន់ ចាន់​ផាត គ្រូបង្វឹក​របស់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ថា​បាន​ត្រៀមខ្លួន​រយៈពេល​ខ្លី​បំផុត មុនពេល​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា Metfone Cambodian League 2017 ខណៈ​ក្រុម​បាន​បរាជ័យ​នៅ​ថ្ងៃ​បើកឆាក​ផងដែរ​។

​គ្រូបង្វឹក​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ មួយ​នេះ​បាន​លើកឡើង​ថា «​យើង​ត្រៀម​ជាប្រចាំ​ក្នុង​ការ​តទល់​ជាមួយ​ក្រុម​ខ្លាំង ប៉ុន្តែ​យើង​បាន​ប្រមូលផ្តុំ​កីឡាករ​សម្រាប់​ត្រៀម​លេង​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ទើបតែ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២ និង​បាន​ប្រកួត​មិត្តភាព​១​ប្រកួត​។ យើង​សង្ឃឹម​តិច​ក្នុងការ​ឈ្នះ ក្នុង​ដើមរដូវ​កាល​នេះ​ព្រោះ​យើង​មិនបាន​ត្រៀមខ្លួន​ឲ្យ​ល្អ​ដូច​គេ​ដែល​បាន​ត្រៀម​តាំងពី​ចប់​លី​ក​កំពូល​ឆ្នាំ​២០១៦ មកម្ល៉េះ​។ ចំពោះ​កីឡាករ​បរទេស​ដោយសា​រ​រយៈពេល​ខ្លី ធ្វើ​ឲ្យ​ខ្ញុំ​រៀបចំ​មិនទាន់​គឺ​យើង​មានតែ​អ្នកចាំទី​ជនជាតិ​វៀតណាម​មួយ​នាក់​ប៉ុណ្ណោះ​គឺ​កីឡាករ​Phan Truong Chinh»​។​

ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១​ទល់​០ កាលពី​សប្ដាហ៍​បើកឆាក​ពានរង្វាន់​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៧ ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ក្នុង​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥​ខែកុម្ភៈ ចុង​សប្ដាហ៍​នេះ​។

សូម​រំលឹក​ផងដែរ​ថា​គីរីវង់​សុខ​សែន​ជ័យ ជា​ក្រុម​ជើងឯក​ឡើងមក​ពី​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៦ (1st Cambodian 2nd League 2016) ក្រោយ​ប្រកួត​វិលជុំ​រយៈពេល​៩​សប្ដាហ៍​មាន​ពិន្ទុ​ច្រើនជាងគេ​។ ក្រុម​នេះ​ធ្លាប់ជា​សមាជិក​លី​គ​កំពូល​កម្ពុជា តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ​ប៉ុន្តែ​នៅ​រដូវ​កាល​ឆ្នាំ​២០១៦ ក៏​សម្រេច​ដក​ខ្លួន​ជា​បណ្តោះ​អាសន្ន​សិន​ដោយ​ហេតុផល​បណ្តុះបណ្តាល​ធនធាន​កីឡាករ​បន្ថែម។

យ៉ាងណាក្តី​ក្លិប​បាន​កសាង​កីឡដ្ឋាន​រួចរាល់​ហើយ​ដោយ​អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ​ជាង​៣០០០​នាក់​នៅក្បែរ​ទី​រួម​ខេត្តតាកែវ ដើម្បី​ធ្វើជា​ទីលាន​ផ្ទាល់ខ្លួន​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លីក​កំពូល​កម្ពុជា​។ ក្លិប​នឹង​ពិចារណា​ថែមទៀត​ទៅលើ​ការវិនិយោគ​លើ​ទីលាន​ប្រសិនបើ​មានការ​ចាំបាច់​ណាមួយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114