ព័ត៍មានទាន់​ហេតុការណ៏
Search

ពុទ្ធ ឆាយ​រិទ្ធី ជួប​ហុ​ ល្លង់ ខ​ណៈ យ៉េន​ ឌី​ណា​ និង​ចាន់​ សំអាត​ជួប​ថៃ​

​​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ ​អ្នក​ប្រដា​ល់ហុ​ល្លង់​ឈ្មោះ Alex Sit.Neung Trakan ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ឯ​យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងកសិកម្ម ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Fanimit Viriyak Farm ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ​ចាន់ សំអាត អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​ និង​កីឡា​ស្រុក​អន្លង់វែង ជួប​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Norng DongSitjeev ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ។ ការប្រកួត​ជាល​ក្ខ​ណៈ​អន្តរជាតិ​៣​គូ​នេះ នឹង​ប្រកួត​នា​យប់​ថ្ងៃ​សៅ​រ៍ ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧​នេះ នៅលើ​សង្វៀន​CNC ។​


​ ​
ពុទ្ធ ឆាយ​រិទ្ធី ជា​ជើង​ខ្លាំង​របស់​កម្ពុជា គេ​ធ្លាប់​ឡើង​ប្រកួត​ជា​លក្ខ​ណៈ​អន្តរជាតិ​នេះ ចំនួន​២៥​លើក​មកហើយ​កន្លងមក ដែល​ក្នុង​ចំនួន​២៥​លើក​នេះ គេ​វាយ​ឈ្នះ​១៦​លើក ចាញ់ ០៩​លើក និង​ស្មើ​០១​លើក។

​សម្រាប់​ការជួប​ជាមួយ Alex Sit.Neung Trakan អ្នក​ប្រដាល់​ជនជាតិ​ហុ​ល្លង់​នេះ មិនដឹងថា​ឆាយ ​រិទ្ធី​អាច​យកឈ្នះ​បានដែរ​ឬ​អត់​ទេ​?។ Alex មិនដែល​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តងណា​នោះទេ ហើយក៏​ពុំ​ដឹងថា​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនេះ មាន​សមត្ថភាព​ប៉ុនណា​ដែរ​ ដោយ​គ្រាន់តែ​ដឹងថា​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤០​លើក ឈ្នះ​៣០​លើក ចាញ់​០៨​លើក​និង​ស្មើ​០២​លើក។
​ ​
ឆាយ​រិទ្ធី មាន​ស្នៀត​ប្រដាល់​ល្អ​ហើយ ប៉ុន្តែ​អ្វីដែល​អាច​ឲ្យគេ​ចាញ់​នោះ គឺ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ។ ប្រកួត​២-៣​ទឹក​ដំបូង​មិន​អី​ទេ តែ​ចាប់ពី​ចុង​ទឹក​៣​ ឬ​ទឹក​ទី​៤​ទៅ គេ​អាច​យ៉ាប់ ដោយសារតែ​កម្លាំង​ចុះខ្សោយ ។ ដូចជា​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចុងក្រោយ​នេះ ពុទ្ធ ឆាយ​រិទ្ធី​ វាយ​ចាញ់​ Sang Yout ដោយ​ពិន្ទុ ព្រោះ​វ៉ៃ​គេ​មិន​ដួល​ ហើយ​ចុងក្រោយ​គេ​អស់​ស៊ុ​ហ្វ​នោះ​ បើ​កុំ​តែ​គេ​ឆ្លាត​ប្តូរ​ស្នៀត​ប្រើ​កែង និង​ជង្គង់​វិញ ទើប​អាច​ស្តារ​មក​ចាញ់​ថៃ​ត្រឹម​ពិន្ទុ​វិញ។​

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ​ក្រុមអ្នកវិភាគ​រំពឹងថា ពុទ្ធ ឆាយ​រិទ្ធី​មិន​ចាញ់​នោះទេ ត្បិត​ថា​អ្នក​ប្រដា​ល់ហុ​ល្លង់​ដែល​មក​ប្រកួត​នេះ មិនជា​ខ្លាំង​ណាស់ណា​ទេ គឹ​បានតែ​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ប៉ុណ្ណោះ។ ដូច្នេះបើ​ឆាយ​រិទ្ធី​ខំ​ហ្វឹកហាត់​ដិតដល់​យក​ស៊ុ​ហ្វ​ឲ្យ​ខ្លាំង គឺមាន​សង្ឃឹម​ឈ្នះ​ហើយ ព្រោះ​គេ​មាន​ផ្លែ​ល្អ​ជាង។ ​ឆាយ​ រិទ្ធី មានកំនត់​ត្រា​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៥៥​លើក ចាញ់​១៧​លើក​ និង​ស្មើ​០៣​លើក ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​បាន​១៦​លើក។​

យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Fanimit Viriyak Farm។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម។​
​អ្នក​ប្រដាល់​ថៃ Fanimit Viriyak Farm នេះ ដែល​មកជួប​យ៉េន ឌី​ណា​នេះ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ប៉ុន្តែ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។​ នេះ​បើតាម​អ្នក​ផ្គូផ្គង​នៅ​CNC ឲ្យដឹង។ Fanimit Viriyak Farm នេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៨៤​លើក ឈ្នះ​១៣១​លើក ចាញ់​៥១​លើក ស្មើ​០២​លើក និង​ធ្លាប់​វាយ​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤០​លើក។​

ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ​មកជួប​ជាមួយ​យ៉េន ឌី​ណា ដែលជា​ជើង​ខ្លាំង​របស់​កម្ពុជា​នោះ មិន​ប្រាកដថា​អាច​ឈ្នះ​យ៉េន ឌី​ណា នោះឡើយ ព្រោះថា​ឌី​ណា​នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ប្រណី​ដៃ​ថែមទៀត។​



យ៉េន ឌី​ណា ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​បំបាក់​ថៃ​ និង​អឺរ៉ុប​អស់​ប្រមាណ​ជាង​២០​នាក់​មកហើយ។ ឌី​ណា វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា យ៉េន ឌី​ណា ជួប​សំណាងល្អ​ នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​ថៃ Fanimit Viriyak Farm នេះឡើយ ? ព្រោះថា​ឌី​ណា ពេលខ្លះ​ក៏​វាយ​អន់​ដែរ ដូចជា​ពេល​ជួប​ប្រកួត​ជាមួយ Kalap Dam កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ​ ឆ្នាំ២០១៦ គឺ​គេ​វាយ​អត់​ចេញរួច​តែម្តង​ហើយ​គេ​បាន​សុំ​ចាញ់​ក្នុង​ទឹក​ទី​៥។ តែ​ការប្រកួត​ចុងក្រោយ​របស់គេ ឌី​ណា​ប្រកួត​ឈ្នះ​ថៃ​Lack Khuom ដោយ​ពិន្ទុ។
​ឌី​ណា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៦៦​លើក និង​ចាញ់​០៤ លើក​ប៉ុណ្ណោះ។ ចាំមើល​រវាង​យ៉េន ឌី​ណា និង Fanimit Viriyak Farm តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការជួប​ប្រកួត​គ្នា​លើក​ទី​១​នេះ​? ។​
​ចាន់ សំអាត អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​អប់រំ​កាយ​និង​កីឡា​ស្រុក​អន្លង់វែង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថៃ​ដែរ។ សំអាត គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Norng DongSitjeev ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។
​ ​
Norng DongSitjeev នេះ គេ​ជា​អ្នក​ប្រដាល់​មកពី​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ មាន​អាយុ​២២ ឆ្នាំ​ប៉ុណ្ណោះ ហើយ​គេ​ហ្វឹកហាត់​នៅ​ក្លិប​ស៊ីត ជេ​អេ​វ នៅ​ប្រទេស​ថៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥០​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក ដែលជា​ចំនួន​មួយ​គួរឲ្យកត់សម្គាល់។​
​ ​
គេ​មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ តែ​យ៉ាងណា បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹងថា Norng DongSitjeev នេះ គេ​វាយ​ខ្លាំង​និង​ល្អ​គ្រា​ន់ប់​ដែរ។ និយាយ​រួម Norng DongSitjeev ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​ល្បី​ប្រចាំ​នៅ​ប្រទេស​ថៃ។​
​ ​
ចាន់ សំអាត គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ។ ក្នុង​កំនត់ត្រា​ប្រកួត​៤៦​លើក សំអាត​វាយ​ឈ្នះ​២៨​លើក ចាញ់​១៧​លើក​និង​ស្មើ​០១​លើក។​ជាមួយគ្នានេះដែរ គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៥​លើក​។​គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Phit Nam Sor.Pakorn ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៤​មករា​២០១៦។ អ្នក​ប្រដាល់​រូបនេះ គេ​មាន​ជំនាញ​ពិតប្រាកដ​គឺ​វាយ​ក្នុង​ទ្រុង ដែល​ពូកែ​បោក ក្លេ តែ​សម្រាប់​ប្រដាល់សេរី គេ​មិនសូវ​ច្បាស់​ប៉ុន្មាន​ទេ។

​ទោះជា​យ៉ាងណា ចាន់ សំអាត មិនអាច​មើលស្រាល​ចំពោះ Norng DongSitjeev បានឡើយ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ។ ចាំមើល រវាង សំអាត និង Norng DongSitjeev តើន​រណា​ជា​អ្នកឈ្នះ ?៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684