ព័ត៍មានទាន់​ហេតុការណ៏
Search

វៀត ប៊ុន​ឌឿ​ន ជួប​ជប៉ុន,ឯ​ ចាន់ ស៊ី​ណាត​ ជួប​ ថៃ​ចំណូល​ថ្មី​នៅ ​SEA-TV

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប នឹង​ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន ​និង ​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​ Cambodia Beer នៅ​សង្វៀន​ SEA-TV ល្ងាច​ថ្ងៃអាទិត្យ​ ទី​២៦​ ខែកុ​ម្ភៈ ឆ្នាំ២០១៧​ នេះ​។ ក្នុងនោះ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន​ឈ្មោះ ​Chhun Tak ។

ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦០ គីឡូក្រាម។​Chhun Tak នេះជា​អ្នក​ប្រដាល់​ចំណូល​ថ្មី គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។បើតាម​លោក ញាណ សុធី អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន ​SEA-TV បាន​ប្រាប់​អោយដឹងថា Chhun Tak នេះ គេ​ជា​អ្នក​ប្រដាល់​ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ ហើយ​ជា​ជើង​ខ្លាំង​ម្នាក់ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គ​.​ក្រ ​នេះ ។អ្នក​ប្រដាល់​ជប៉ុន​រូបនេះគេ​វាយ​ខ្លាំង​ និង ​ល្អ។

​អ្នក​ប្រដាល់​ជប៉ុន​រូបនេះមានកំនត់​ត្រា​ប្រកួត​ចំនួន ​៥២ ​លើក ឈ្នះ​ ៤៧​ លើក ចាញ់​ ១៥ ​លើក និង មិនដែល​ស្មើ​ទេ។ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ជប៉ុន​រូបនេះមិន​ប្រាកដថា​អាច​ឈ្នះ ​វៀត ប៊ុន​ឌឿ​ន បាន​នោះឡើយ ព្រោះថា​ ប៊ុន​ឌឿ​ន​ ពេលនេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។​វៀត ប៊ុន​ឌឿ​ន ជា​អ្នក​ប្រដាល់​ជើងចាស់ ដែលមាន​ចិត្ត​អំណត់​ខ្ពស់ វាយ​មិន​ឆេវឆាវ ហើយ​កណ្តាប់ដៃ និង​ជើង​ទាត់ គឺជា​ស្នៀត​ប្រចាំត្រកូល​របស់គេ។ប៊ុន​ឌឿ​ន​ មាន​ប្រវត្តិ​ប្រកួត​ ៧៣​លើក ក្នុងនោះ​វាយ​ឈ្នះ ​៥៨​លើក ចាញ់​ ១៣​លើក និង ស្មើ ​០២​លើក ។

​សម្រាប់​ការប្រកួត​លើក​នេះ វៀត ប៊ុន​ឌឿ​ន មិនដឹងថា ​អាច​យកឈ្នះ Chhun Tak នេះ​បាន ​ឬ ​អត់​នោះទេ​ ព្រោះ​អ្នក​ប្រដាល់​ជប៉ុន​រូបនេះគេ​វាយ​ខ្លាំង​ ហើយ​ថែមទាំង​មាន​ផ្លែ​ល្អ​ផងដែរ។ដូច្នេះ ចាំមើល រវាង Chhun Tak និង វៀត ប៊ុន​ឌឿ​ន តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួប​ប្រកួត​គ្នា​នេះ?។សូមបញ្ជាក់ថា វៀត ប៊ុន​ឌឿ​ន គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ចំនួន ​៦នាក់​មកហើយ ​ ដោយ​ក្នុងនោះ​វាយ​ឈ្នះ​ជនជាតិ​ស្លូ​វ៉ា​គី​ក្នុង​ទឹក​ទី​ ៣ ឈ្នះ​ថៃ​ ៣​នាក់​ និង​ ចាញ់​ថៃ ​២​នាក់ ។ការប្រកួត​ចុងក្រោយ​នេះ ប៊ុន​ឌឿ​ន វាយ​ឈ្នះ​ថៃ​ Yorth Mongkul ដោយ​ពិន្ទុ ។

​ចំពោះ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Thing Phuothon ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៧ គ​.​ក្រ ។​ស៊ី​ណាត ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា​ជា​ជើងចាស់​ដែរ ព្រោះ​គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ​២៦​ លើក​ហើយ ហើយក៏​ជា​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍​ច្រើន។ចាន់ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជាង ​៨៨​ លើក ក្នុងនោះ​វាយ​ឈ្នះ​ ៧៥​លើក ចាញ់​ ១០​លើក ​និង ​ស្មើ​ ០៣​លើក។គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ស៊ី​ណាត អាច​យកឈ្នះ Thing Phuothon បាន​ ឬ ក៏​អត់​នោះទេ​។

​ ​Thing Phuothon ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ដែរ ដែល​តាម​អ្នក​ផ្គូផ្គង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះជា​ម្ចាស់​ខ្សែក្រវ៉ាត់ មាន​ស្នៀត​ទាត់​ និង​ កណ្តាប់ដៃ​ល្អ និង ​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​របស់គេ​ច្រើន​នាក់​មកហើយ។​អ្នក​ប្រដាល់​ថៃ​រូបនេះមាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៧២លើក ឈ្នះ​ ៦២​លើក ចាញ់​ ១០​លើក និង​ មិនដែល​ស្មើ។

​​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ត្រូវគេ​ផ្គូ​ផ្គងអោយ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​ គឹម វាសនា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​ ៩១១។​អ្នក​ប្រដាល់​ពីររូប​នេះមិន​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក។ពីរ​នាក់​នេះ មាន​កាយសម្បទា​ប្រហាក់ប្រហែលគ្នា ហើយ​ចិត្ត​ប្រដាល់​របស់​ពួកគេ​ក៏​ធំ​ដូចគ្នា​ដែរ។​គូ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៥ គីឡូក្រាម ។​តក់ សោ​ភ័​ណ្ឌ គេ​មាន​ផ្លែ​ល្អ ចិត្ត​ប្រដាល់​ធំ ហើយ​ទិច​និ​ច​ប្រកួត​ក៏​សំបូរបែប​ដែរ ព្រោះ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ។ការប្រកួត​ចុងក្រោយ តក់ សោ​ភ័​ណ្ឌ​ វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ ​Den Phechhit ។

​ចំណែក ​គឹម វាសនា គេ​វាយ​ក៏មាន​ផ្លែ​ល្អ​ដែរ និង​ ចង់​ខ្លាំង​ជាង​តក់​សោ​ភ័​ណ្ឌ​ផង។និយាយ​រួម គឹម វាសនា​ គេ​ល្អ​ និង​ ខ្លាំង​ជាង​សោ​ភ័​ណ្ឌ។គឹម វាសនា ​ប្រកួត​ចុងក្រោយ​នេះបាន​ផ្តួល​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ អោយ​សន្ល​ប់​ក្នុង​ទឹក​ទី​ ២ ។​ទោះជា​យ៉ាងណា សំរាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​គេ​មាន​ជំនឿ​ចិត្ត​លើ​ គឹម វាសនា ថា​អាច​ឈ្នះ​តក់ សោ​ភ័​ណ្ឌ ។

​គឿ​ម សុវណ្ណ​នឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ នឹង​ជួប​ប្រកួត​ជាមួយ ​ភី​រម្យ ភក្តី អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ភា​រម្យ​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម។ភី​រម្យ ភក្តី គេ​មិន​ខ្លាំង​ដូច​ពីមុន​នោះទេ គេ​វាយ​ចាញ់​ទាំង​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ផង។​ដូច្នេះ មិនដឹងថា​អាច​យកឈ្នះ​ គឿ​ម សុវណ្ណ​នឿ​ត បាន​ ឬ ​អត់​នោះទេ​?៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114