Connect with us

កីឡា

លោក Conor Nestor ក្លាយជាគ្រូជំនួយនៅក្លិបមួយ នៃលីគកំពូលឥណ្ឌា

បានផុស

នៅ

លោក Conor Nestor បាន​ផ្លាស់​ទៅ​ចូល​ជាមួយ​ក្លិប Hyderabad FC ដែល​នៅ​លីគ​កំពូល​ឥណ្ឌា (Indian Super League) ជា​ផ្លូវការ​ហើយ បន្ទាប់ពី​បាន​ចែក​ផ្លូវ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ប្រមាណ ២ ខែ​ជាង រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូលរួម​ជាមួយ​ក្លិប​ថ្មី​នៅ​លីគ​ឥណ្ឌា​នេះ លោក​នឹង​កាន់​តួនាទី​ជា​គ្រូ​ជំនួយ ដោយ​មាន​គ្រូ​ធំ​ជា​ជនជាតិ​ឥណ្ឌា​ផ្ទាល់ គឺ លោក Thangboi Singto។

និយាយ​អំពី​ការ​តែងតាំង​ថ្មី​នេះ ម្ចាស់​ក្លិប Hyderabad FC លោក Varun Tripuraneni បាន​និយាយ​ថា «យើង​រីករាយ​ក្នុង​ការ​ស្វាគមន៍ Conor Nestor មក​កាន់​ក្លិប Hyderabad FC។ បន្ទាប់ពី​បាន​ឃើញ​ការ​ដឹកនាំ ៣ រដូវ​កាល​ដ៏​ល្អ យើង​ដឹង​ថា យើង​ត្រូវការ​គ្រូ​ដ៏​ត្រឹមត្រូវ​បែបនេះ ដើម្បី​កសាង​ក្រុម​សម្រាប់​រដូវ​កាល​បន្ទាប់។ Conor គឺជា​គ្រូ​ដែល​យើង​បាន​កំណត់​អត្តសញ្ញាណ​ដំបូង ហើយ​ជា​អ្នក​ដែល​យល់ និង​សម​នឹង​ទស្សនវិជ្ជា​ក្លិប។ វិធីសាស្ត្រ​របស់​គាត់​ពិត​ជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ជាមួយ​នឹង Conor ក្លិប​នឹង​ឈាន​ទៅរក​ទិសដៅ​ថ្មី​មួយ​»។

លោក Conor Nestor បាន​ចូល​មក​ដឹកនាំ​ព្រះខ័នរាជ​ស្វាយរៀង នៅ​ឆ្នាំ ២០១៨ ប៉ុន្តែ​រដូវ​កាល​ដំបូង​បាន​ត្រឹម​នាំ​ក្រុម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ៦។ លុះ​ចូល​ដល់​ឆ្នាំ ២០១៩ អ្វីៗ​ប្រែប្រួល​ទាំងស្រុង លោក​បាន​នាំ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង នា​ឈ្នះ​ជើងឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ និង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ប៉ុន្តែ​បាន​ត្រឹម​រង​ជើង​ឯក។

សមិទ្ធផល​ផ្សេងៗ​ទៀត​របស់​លោក​រួមមាន​ដូចជា ឆ្នាំ ២០១៨ បាន​លេខ ៦, ២០១៩ ឈ្នះ​ជើងឯក​លីគ, ២០២០ រងជើង​ឯក​, ២០២១ រងជើង​ឯក​, ២០២២ លេខ ៣។ ដោយឡែក​ក្នុង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ដំបូង វគ្គ ៨ ក្រុម​ចុងក្រោយ​, ២០១៩ ជើងឯក​រង​, ២០២០ វគ្គ ៨ ក្រុម​ចុងក្រោយ, ២០២១ ជើងឯក​រង​, ២០២២ វគ្គ ៨ ក្រុម​ចុងក្រោយ ក្រៅពី​នេះ​លោក​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន​ឯកត្តជន គ្រូ​ល្អ​ជាងគេ​ប្រចាំ​ឆ្នាំ ២០១៩ នៃ​លីគ​កំពូល​កម្ពុជា ផង​ដែរ។

ចំពោះ​ក្លិប Hyderabad FC គឺជា​ក្លិប​ថ្មី​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៩ ដោយ​ទិញ​យក​ពី​ក្លិប Pune City ដែល​ត្រូវ​បាន​រំសាយ​ដោយសារ​បញ្ហា​ផ្ទេរ​កីឡាករ និង​ប្ដូរ​ឈ្មោះ​ទៅជា​ក្លិប Hyderabad FC នេះ។

ក្លិប​នេះ​ធ្លាប់​ឈ្នះ​លីគ​កំពូល​ឥណ្ឌា​ម្ដង​កាលពី​រដូវ​កាល ២០២១-២២។ ដោយឡែក​កាលពី​រដូវ​កាល​មុន ឈរ​នៅ​លេខ ៣ នៃ​លីគ​កំពូល​ឥណ្ឌា ខណៈ​នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ លីគ​គេ​នឹង​ចាប់ផ្ដើម​ខែ​កញ្ញា ឆ្នាំ ២០២៣៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម