Connect with us

ព័ត៌មានជាតិ

គម្រោង​ស្តារ​ផ្លូវជាតិលេខ ៣៣ ទៅ​ច្រក​ព្រំដែន​វៀតណាម សម្រេចបានជាង ៣៣%

បានផុស

នៅ

គម្រោង​លើក​កម្ពស់​និងស្តារ​ផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក​ព្រំដែន​វៀតណាម​សម្រេច​បាន ៣៣​ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ ​លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការនិងជាប្រធានគ្រប់គ្រងសម្របសម្រួល​គម្រោង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកលក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។

ការចុះត្រួតពិនិត្យដោយផ្ទាល់ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការ​សាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង​។

បើតាមលោក​រដ្ឋលេខាធិការ គិតមកត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពការងារនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៣,៣៩% ក្នុងនោះមានដូចជា៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាតសម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។

លោករដ្ឋលេខាធិការ​ក៏​បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

ក្នុង​ឱកាស​ដឹក​នាំ​ប្រតិភូ​ចុះពិនិត្យ​គម្រោង​​ស្តារ​ផ្លូវ​ជាតិ​លេខ ៣៣ មន្រ្តីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក៏បានចុះផ្ទាល់ទៅដល់ទីតាំងសាងសង់ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ ០៤+៧៩១ ដើម្បីពិនិត្យវឌ្ឍនភាពផងដែរ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២២។ ផ្លូវ​នេះ​មាន​ប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ ៣ ត្រង់ចំណុច​គ.ម​១៤៨+១០០​) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម