ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ ​

ភ្នំពេញ ៖ ​តប​តាម​ការអញ្ជើញ​របស់លោក U Myint Swe អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា រយៈពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧ ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​បាន​ប្រាប់​អ្នក​សារពត៌មាន​ឲ្យ​ដឹង​មុនពេល​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ ឆ្នាំ​២០១៧​ថា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​នាពេលនោះ​ ឯកឧត្តម នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​U Htin Kyaw​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក U Myint Swe អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​លោកស្រី Daw Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ផងដែរ​។ ​ក្រៅពីនោះ​ភាគី​ទាំងពីរ ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​វិស័យ​អប់រំ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​និស្សិត​ក្នុងការ​សិក្សា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។​

ក្រៅពី​វិស័យ​អប់រំ​ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​ផងដែរ​ផ្នែក​ពាណិជ្ជកម្ម ដោយសារតែ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​របស់​ខ្មែរ​ចំនួន​២៤ បាន​និង​កំពុង​ដាក់ទុន​វិនិយោគ​រកស៊ី​ផ្សេងៗ នៅក្នុង​នៅក្នុង ប្រទេស​ភូមា​(​មី​យ៉ាន់​ម៉ា​) ហើយ​នាពេលខាងមុខ​ធនាគារ​ឯកទេស​វីង​ក៏​នឹង​បង្កើន​សាខា​របស់ខ្លួន​នៅ​ភូមា។​ ប៉ុន្តែ​ក្រុមហ៊ុន​របស់​ប្រទេស​ភូមា មិនទាន់មាន​ការវិនិយោគ​ណាមួយ​នៅ​កម្ពុជា​នៅឡើយ​ទេ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា សំខាន់​លើ វិស័យ​ទេសចរណ៍ ព្រោះ​នៅ​ភូមា​មាន​មជ្ឈមណ្ឌល​វប្បធម៌​មួយ​ដ៏​ល្បី​ដែលមាន​ឈ្មោះថា​បា​ហ្គា​ន ដូច​ទៅនឹង​ប្រាសាទ អង្គ​វត្ត​របស់​ខ្មែរ​ដែលមាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​យ៉ាងច្រើន​។ ដើម្បី​ជំរុញ​អ្នក​ទេសចរណ៍​ចូល​ទស្សនា បា​ហ្គា​ន​ឲ្យ​មក​ទស្សនា​កម្សាន្ត នៅ​ប្រាសាទអង្គរវត្ត ហើយ​ភ្ញៀវ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​នឹង​ជំរុញ​ឲ្យ​ទៅ​កម្សាន្ត​នៅ​បា​ហ្គា​ន​ផងដែរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែម​ឲ្យ​ថា ក្នុងពេល​ឆាប់​ៗខាងមុខ នឹងមាន​ក្រុមហ៊ុន​អាកាសចរណ៍ ពី​ប្រទេស​អារ៉ាប់​រួម នឹង​ហោះ​ពី ប្រទេស​គេ​មក ទីក្រុង​យ៉ាង​ហ្គូ​ន ហើយនឹង​បន្ត​ហោះ​ត្រង់​មក​កម្ពុជា ដែល​ការហោះហើរ​ត្រង់នេះ នឹង​ជួយ​នាំ​ភ្ញៀវ​ទេសចរណ៍ បរទេស​មក​កម្ពុ​ជាកា​ន់​តែ​ច្រើនឡើង​មួយកម្រិត​ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684