ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ​ខេត្ត​ ចាប់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២៤​នាក់​ ក្នុង​ក្រុង​សៀមរាប

សៀមរាប ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ​បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ក្នុង​ក្រុង​សៀមរាប ឈានទៅដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២៤​នាក់​នៅ​ទីតាំង​ផ្សេងគ្នា​នៅ​ក្រុង​ទេសចរ​សៀមរាប ហើយ​ក្នុង​នោះ​ប្រុស​.​ស្រី ចំនួន​៨​នាក់ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​និង​ជនសង្ស័យ​១៦​នាក់ ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បានធ្វើឡើង​​​ចាប់ពី​ម៉ោង​៣​ទៅ​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​២៥​ខែកុម្ភៈ​ ស្ថិតនៅ​សង្កាត់​ស្លក្រាម​ និង ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បង្ក្រាប ករណី រក្សាទុក​ដឹកជញ្ជូន​ ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយមាន​សេចក្តី​រាយ​ការណ៍​ច្បាស់​ ទើប​កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប ករណី គ្រឿងញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស ស្រី ចំនួន​២៤​នាក់ រយៈពេល​១​ថ្ងៃ​ក្នុង​ថ្ងៃ​តែមួយ​នៅ​ទីតាំង​ផ្សេងគ្នា​ក្នុង​ក្រុង​សៀមរាប ​រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា ក្រោយពេល​ឃាត់ខ្លួន​បាន​ជនសង្ស័យ ខាងលើ​កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមាន​៖​ម្សៅ​គ្រើម ប្រភេទ(​ម៉ា​ទឹកកក​ចំនួន​២៥​កញ្ចប់​ស្មើនឹង​ទម្ងន់ ២៤,៤៥​ក្រាម ,​ទូរ​ស័ព្ទ ដៃ ចំនួន​១៩​គ្រឿង​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ ប្រុស ស្រី ចំនួន​២៤ នាក់ ក្នុង​នោះ ជនសង្ស័យ ប្រុស ស្រី​ចំនួន​៨​នាក់​(​ស្រី​២​នាក់​) កម្លាំង​ជំនាញ បញ្ជូន​ទៅ​មណ្ឌល​ស្តា​នីតិសម្បទា​ខេត្ត​។​ចំណែក​ជនសង្ស័យ ប្រុស ស្រី ចំនួន​១៦​នាក់​(​ស្រី​៤​នាក់​)​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114