ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ និង​ចាស់ជរា​គ្មាន​ទីពឹង នៅ​ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល​ទទួល​អំណោយ​មនុស្សធម៌​សាខា​កាកបាទ​ក្រហម​កម្ពុជា

កណ្តាល ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក អ៊ិន យ៉ុម អនុប្រធាន​កិត្តិយស​សាខា និង​ជា​តំណាង បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​កិត្តិយស​សាខា និង​លោក​ជាវ​តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​នា​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ បាន​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ និង​នាំ​យក​មនុស្សធម៌​របស់​កាកបាទ ក្រហម​កម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រង គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ ១ គ្រួសារ មាន​សមាជិក​ក្នុង​បន្ទុក​សរុប​ចំនួន ៣ នាក់ និង​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ៥ នាក់ នៅ​ភូមិ​ព្រែក​ផ្តៅ ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល។

អញ្ជើញ​រួម​ដំណើរ​រួមមាន​ភរិយា​ថ្នាក់ដឹកនាំ មន្ត្រី​ប្រតិ​ប​តិ្ត​ក្រុម​សាខា អនុសាខា​កាកបាទក្រហម​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ និង​អាជ្ញាធរ​ដែនដី​ជាច្រើនរូប​ទៀត។

មានប្រសាសន៍​សំណេះសំណាល​លោក អ៊ិន យ៉ុម អនុប្រធាន​កិត្តិយស​សាខា ក្នុងនាម​គណៈ​កិត្តិយស សាខា និង​ក្នុងនាម​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ទាំងអស់​ដោយ ក្តី​នឹករឭក​ជាទីបំផុត។

ជា​មួយ​គ្នា​នេះ​ដែរ លោក​បាន​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដល់​ក្រុមគ្រួសារ​រងគ្រោះ ដែល​បាន​រងគ្រោះ​ឆេះ​អស់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ដោយសារ​គ្រោះ​អគ្គិភ័យ​នាពេល កន្លងមក។ ក្នុង​ឱកាស​ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏បាន​លើក​ឡើង​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទ ក្រហម​កម្ពុជា ជានិច្ចកាល​សម្តេច​តែងតែ​បាន​យកចិត្តទុកដាក់​ជាប្រចាំ​និង​ណែនាំ​ដល់​គ្រប់​ស្ថាប័ន​នៅក្រោម​ឱវាទ​ទាំងអស់​ចាប់​តាំង​ពី​ថ្នាក់​ជាតិ​រហូតដល់​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ចុះ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រង គ្រោះ​ទាំងអស់ ដោយ​មិន​គិត​ពី​វណ្ណៈ ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ។

លោក​បាន​ផ្តាំផ្ញើ​ដល់ គ្រួសារ​រងគ្រោះ សូម​មេត្តា​កាត់ចិត្ត​ទប់​អារម្មណ៍​កុំ​អស់សង្ឃឹម ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ប្រកប​រកស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ​ជា ថ្មី​ឡើងវិញ​បន្តទៀត និង​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ពី​គ្រោះ​អគ្គិភ័យ ព្រោះថា​ប្រសិនបើ​យើង ម្នាក់ៗ​មានការ​ធ្វេសប្រហែស នោះ​វា​នឹង​អាច​កើតមាន​នូវ​គ្រោះមហន្តរាយ ដូច​ក្នុងករណី​ពេលនេះ​ជាដើម។

ម្យ៉ាងទៀត អំណោយ​មនុស្សធម៌ ដែល​ប្រតិភូ​សាខា​បាន​នាំ​យក​មក​ឧបត្ថម្ភ​ជូន​នា​ឱកាស​នេះ ថ្វី​ត្បិត​មាន​ចំនួន​តិច​តួចស្តួចស្តើង មិនបាន​សម​ទៅ​នឹង​ទំហំ​នៃ​ការ​រង​គ្រោះ​ខូចខាត​ក៏​ពិតមែន​ប៉ុន្តែ​វា​ក៏​អាចជួយ​សម្រាល​នូវ​ការ​លំបាក​ចំពោះមុខរ​បស់បង ប្អូន​បាន​មួយកម្រិត​ផងដែរ។

អំណោយ​មនុស្សធម៌ ដែល​បាន​ផ្តល់​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ ១​គ្រួសារ មាន​សមាជិក ៣​នាក់ នៅ​ក្នុង​បន្ទុក​ជា​រួម​មាន អង្ករ ៥០ គីឡូក្រាម មី​១​កេស ទឹកក្រូច​១​កេស ទឹក​សុទ្ធ​១​កេស នំ​ធុង​១​ធុង ត្រីខកំប៉ុង​១​យួរ សម្ភារ ដំណេក សម្ភារ​ផ្ទះបាយ​១​ឈុត ព្រមទាំង​គ្រឿង​បរិភោគ​មួយចំនួន និង​ថវិកា ៩៥ ម៉ឺន​រៀល។

ក្នុង​ពេល​ជាមួយ គ្នា​នេះ​ដែរ ប្រតិភូ​សាខា​ក៏បាន​បន្ត​ដំណើរ​ចុះទៅ​សួរសុខទុក្ខ​ដល់​ចាស់ជរា​គ្មាន​ទីពឹង​នៅ​តាម​ខ្នង​ផ្ទះ​ចំនួន​៥​នាក់​បន្តទៀត​ដែល​ពួកគាត់​សុទ្ធ​សឹង​មាន​ជីវភាព​លំបាក​ទីទ័លក្រ​ហើយ​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជូន​ក្នុង​ម្នាក់ៗ​រួមមាន អង្ករ ៥០ គីឡូក្រាម មី​១​កេស ទឹ​ក្រូច​១​កេស ទឹក​សុទ្ធ​១​កេស នំ​ធុង​១​ធុង ត្រីខកំប៉ុង​១​យួរ ព្រមទាំង​គ្រឿង​បរិភោគ​មួយចំនួនទៀត និង​ថវិកា ចំនួន ១៤ ម៉ឺ​ន​រៀល​៕