ព័ត៍មានទាន់​ហេតុការណ៏
Search

ខណ្ឌ​សែន​សុខ ប្រកាស​ល​ទ្ឋ​ផល​សរុប នៃ​យុទ្ធនាការ បង្ក្រាប​គ្រឿងញៀន “​នៅ​ភូមិ​ត្រពាំង​ឈូក​”

ភ្នំពេញ ៖ លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បានបើក​កិច្ច​​ប្រជុំ​ស្តីពី​ល​ទ្ធ​ផល នៃ​យុ​ទ្ធ​នា​ការ បង្ក្រាប​គ្រឿងញៀន តាម​បទបញ្ជា​របស់​រាជ​រដ្ឋាភិ​បាល​”​នៅ​ភូមិ​ត្រពាំង​ឈូក​”​ ក្នុង​រយៈពេល​២​ខែ​កន្លង​មក​នេះ​ គិត​ចាប់​តាំង​ពី​ដើម​ខែមករា រហូតមកដល់​ថ្ងៃទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ ​បន្ទាប់ពី​បាន​ចុះ​ប្រតិបត្តិ​ បង្ក្រាប​ដ៏​ក្តៅគគុក​កន្លង​មក​នេះ និង​ជា​ថ្ងៃ​ដល់​ទី​បញ្ចប់ ឱ​សាន​វា នៃ​ទ​បទបញ្ជា​របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

តាម​របាយការណ៍​រប​ស់ អាជ្ញាធរ​ខណ្ឌ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ជិត​២​ខែ​នេះ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ ដែល​រដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ទូទាំង​ប្រទេស​ ដែល​ក្នុង​នោះ​មាន​ទីតាំង​មួយ​កន្លែង​ដែល​ល្បីល្បាញ​ថា “​ទីផ្សារ​ជួញដូរ​ថ្នាំញៀន​” ធំ​ជាង​គេ​បំផុត នៅ​ក្រុងភ្នំពេញ បង្ក្រាប​មិនចេះ​អស់​ច្រើន​ឆ្នាំ​មកហើយ គឺ “​ភូមិ​ត្រពាំង​ឈូក​” មាន​ទីតាំងនៅ​ម្តុំ​មុខ​មន្ទី​ពេទ្យ​ព្រះកុសុមៈ (​អតីត​ពេទ្យ​លោកសង្ឃ​) ស្ថិត​ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឥឡូវ​យើង​បានធ្វើការ​បង្ក្រាបបាន​ជោគជ័យ​ស្ទើរ​ទាំងស្រុង​ហើយ។

លោក​អភិបាលខណ្ឌ បាន​បញ្ជាក់​ថា យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២៣១​នាក់​ ក្នុង​នោះ​មាន​មនុស្ស​ស្រី​ចំនួន​១៨​នាក់ រឹបអូស​ថ្នាំញៀន​បាន​ចំនួន​៧១​កញ្ចប់ និង២០​គ្រាប់ ដែល​ជនជាប់សង្ស័យ​ទាំងអស់​នោះ​សុ​ទ្ធ​តែមាន​ផ្ទុក​សារជាតិ​ថ្នាំញៀន​នៅ​ក្នុង​ខ្លួន ពួកគេ​មួយចំនួនធំ​ជា​អ្នកប្រើប្រាស់​(​សេព​)​និង​មួយចំនួនទៀត​ជា​អ្នកចែកចាយ​ឬ​ជួញដូរ ដែល​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ។

លោក​បន្ត​ថា នៅ​ក្នុង​យុ​ទ្ធ​នា​ការ​បង្ក្រាប គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក នោះ​ពិតជា​មាន​ភាព​ស្មុគស្មាញ ដោយសារ​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ផ្ទះ​ជួល បែប​សំណង់​អនាធិបតេយ្យ​រាប់រយ​ខ្នង ដែល​ផ្ទះជួល​ទាំងនោះ​កន្លងមក​ខាង​សមត្ថកិច្ច​បាន​រកឃើញ​ថា ធ្លាប់​បាន​ជួល​ឲ្យ​ដល់​ក្រុម​ជន​ដែល​ពាក់​ព័​ន្ធ ក្នុង​ការ​ផ្តល់​ទីតាំង ឲ្យ​សេព​(​ជក់​) និង​ចែកចាយ​ថ្នាំញៀន ដដែលៗ​។ ដោយ​រកឃើញ​ពី​មូលហេតុ យើង​បាន​ធ្វើ​ការ​រុះរើ​បន្ទប់​ផ្ទះ​ជួល​ទាំងនោះ​ ចោល​អស់​បាន​ចំនួន​៩៨​បន្ទប់​ក្នុងចំណោម​ផ្ទះ​ជួល​ទាំងអស់​១០៨​បន្ទប់​ នៅ​តំបន់​នោះ ដែល​ការ​រុះរើ​ដោយ​បង្ខំ​នេះ​ធ្វើឡើង​បន្ទាប់ពី​ជូនដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង​តែ​គេ​មិន​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​។

អាជ្ញាធរ​បាន​ធ្វើ​ការ​ស្រង់​ស្ថិតិ​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ភូមិ​ត្រពាំង​ឈូក នោះ​ឬ​ហៅ​ភូមិ​បូរី​កម្មករ ដែល​ជា​តំបន់​មាន​បញ្ហា​នេះ​រក​ឃើញ​ថា មាន​ប្រជាជន​សរុប​ចំនួន​២៩៨៤​នាក់ ក្នុង​នោះ​មាន​មនុស្ស​ស្រី​ចំនួន​១៤៤៦​នាក់ ចែក​ជា​៦៦៣​គ្រួសារ និង​មានផ្ទះ​ចំនួន​៣៩៨ ខ្នង​(​ឬ​ស្មើ ៣៩៨​ក្បាល​ដីឡូត៍​)។

សម្តេច ក្រឡាហោម ស ខេង ក្នុងនាម​តំណាង​ឲ្យ រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ដាក់​ឱសានវាទ ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ អាជ្ញាធរ​ប្រចាំ​មូលដ្ឋាន​នេះ ត្រូវតែ​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ថ្នាំញៀន “​នៅ​ភូមិ​ត្រពាំង​ឈូក​” នេះ​ឲ្យ​អស់​ជាដាច់ខាត​ក្នុង​រយៈពេល​តែ​១​ខែ មិនឲ្យ​ផុតពី​បំណាច់​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ នេះឡើយ។

មានការ​សង្ស័យ​ថា ទំនងជា​អាច​នឹង​ធ្វើ​ការដោះដូរ ដក​តំណែង​មន្ត្រី​កងកម្លាំង​មូលដ្ឋាន​ខ្លះ​ចេញ បើ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​”​នៅ​ភូមិ​ត្រពាំង​ឈូក​” នេះ​បរាជ័យ ឬ​មិន​អស់​ទេនោះ​។

ដោយសារ​ខ្លាច​បាត់​តំណែង គេ​សង្កេតឃើញ លោក ម៉ក់ ហុង អធិការ​នគរបាល​លោក ប៉ឹល កុសល អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដែល​គ្រប់គ្រង​កងកម្លាំង នគរបាល និង ប៉េអឹម ក្នុង​ខណ្ឌ​នេះ​បាន​ខិត​ខំ យកចិត្តទុកដាក់​បំផុត​ក្នុងការ​អនុវត្តតាម​បទបញ្ជា​នេះ រហូត​រុះរើ​បន្ទប់​ផ្ទះជួល ដែល​ធ្លាប់​ពាក់​ព័​ន្ធ​ថ្នាំញៀន ចោល​អស់​ចំនួន​៩៨​ខ្នង ហើយ​ដឹកនាំ​កម្លាំង​ចម្រុះ​របស់​លោក មក​ឆ្មក់​បង្ក្រាប​នៅ​ទីនោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​បង្កើត​ទីតាំង​ជម្រក ឬ ​ហៅថា​ “​ទីបញ្ជាការ​ស្រាល​”​នៅ​តំបន់​នោះ ដើម្បី​ឲ្យ​កងកម្លាំង​សម្រាក យាមកាម​នៅ​ទីនោះ​ប្រចាំការ​ទាំង​យប់​ថ្ងៃ ផ្លាស់ប្តូរ​វេន​គ្នា​រដឹក​យាមកាម​ទប់ស្កាត់​បង្ក្រាប​ការ​ជួញដូរ​ថ្នាំញៀន នៅ​ទីនោះ ឲ្យបាន​ជោគជ័យ​។

ស្ថានភា​ព​ផ្នែក​សន្តិសុខ ក៏បាន​ប្រសើរ​ឡើង បន្ទាប់ពី​បើក​យុ​ទ្ធ​នា​ការ​ដ៏​ក្តៅ​គគុក​នៅ​ទីនោះ ដោយសារ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពាក់​ព័​ន្ធ​ប្រហែល​កន្លះ​ពាន់​នាក់ ខ្លះ​យក​ទៅ​ដាក់គុក​ខ្លះ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន។

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា នៅ​តែ​មាន​ជនល្មើស​តិចតួច​យក​ថ្នាំញៀន​មក​លក់​ ឬ​ ចែក​ចាយ​នៅ​ទីនោះ តែ​មិន​អាច​គេចខ្លួន​រួច​ឡើយ​។ ប្រជាជន​ភាគច្រើន​លើសលប់​នៅ​តំបន់​នោះ ​ក៏ដូចជា​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ​មានការ​ត្រេកអរ​និង​អរគុណ​ចំពោះ​ចំណាត់​ការ របស់​រដ្ឋាភិបាល ដើម្បី​សុវត្ថិភាព​រស់នៅ​របស់​ពលរដ្ឋ​៕