ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​U-17 សាលា​បាល់ទាត់​ជាតិ ប្រកួត​មិត្តភាព​ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៣​ទល់​២

ក្រុម​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​ សាលា​បាល់ទាត់​ជាតិ (U-17) បាន​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែលជា​សមាជិក​ក្នុង​លីក​កំពូល​កម្ពុជា Metfone Cambodian League 2017 មុនពេល​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល​ខ្លូន ក៏ដូចជា​ត្រៀម​ទទួល​រដូវ​កាល​ថ្មី​នៃ​ពានរង្វាន់​លំដាប់​ទី​២។

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ក្រុមយុវជន​សាលា​បាល់ទាត់​ឈុត​នេះ​បាន​ប្រកួត​ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ៣​ទល់​២ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ថ្មីៗ​នេះ​។ កីឡាករ សៀង ច​ន្ធា រក​គ្រាប់​បាល់​បាន​២​គ្រាប់​ឲ្យ U-17​សាលា​បាល់ទាត់​ជាតិ ខណៈ​កីឡាករ សេត ម៉ាន់​ស៊ូ​ត រកបាន​១​គ្រាប់​។

​សូម​បញ្ជាក់​ថា ​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដូចជា​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ចាប់​ដៃ​គ្នា​បង្កើត​ឡើង​ដើម្បី​បណ្តោះ​បណ្តាល​ធនធាន​កីឡាករ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​។ ពេលនេះ​សាលា​មាន​បណ្តុះបណ្តាល​យុវជន​ចំនួន​២​ជំនាន់​គឺ​ក្រុមយុវជន​ក្រោម​អាយុ​១៥​ឆ្នាំ ចំនួន​១​ជំនាន់ និង​ជំនាន់​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U-17)​។

​តាម​គ្រោង​ក្រុម​យុវជន​ក្រោម​អាយុ​១៧ ឆ្នាំនេះ មាន​គម្រោង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ចំនួន​១០​ថ្ងៃ ដោយ​ក្រុម​ទាំងមូល​នឹង​ចេញដំណើរ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ ខាងមុខ​។ កីឡាករ​ចំនួន ២០​រូប​រួម​ទាំង​គ្រូ​បង្វឹក​ចំនួន​៥​រូប នឹង​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ទីក្រុង Kashima City​របស់​ប្រទេស​ជប៉ុន លើក​នេះ​ហើយ​ក្រុម​ទាំងមូល​ត្រូវ​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៧ ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​នេះ​។

កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ កន្លងទៅ​ក្រុម​យុវជន​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​ប្រកួត​ឈ្នះ​ក្រុមយុវជន​ក្រោម​អាយុ​១៧​ឆ្នាំ FC Vikings របស់​តៃវ៉ាន់ (​ឆាយ​នី​ស​តៃប៉ិ​) ដោយ​លទ្ធផល​១០-០ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​បាទី​។

​ក្រៅពីនោះ​ ក្រុម​យុវជន​សាលា​បាល់ទាត់​ក៏​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​លីក​លំដាប់​ទី​២ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ​ខែមីនា ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​១០​ប្រកួត​វិលជុំ​ចំនួន​២​ជុំ សន្សំ​ពិន្ទុ ខណៈ​រូបមន្ត​ប្រកួត​ក៏​មិន​ខុសពី​លីក​កំពូល​ដែរ ដោយ​តម្រូវឲ្យ​ក្រុម​ចំនួន​៤​ក្រុម​ដែល​ពិន្ទុ​ច្រើន​ជាង​គេ​ត្រូវ​ប្រកួត​ជម្រុះ​ជា​បន្ត​ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​។ ក្លិប​ទាំង​១០​នោះ​មាន​ដូច​ជា​៦​ក្រុម​ជា​ក្រុម​ចាស់​សល់​ពី​ឆ្នាំ​២០១៦ ដូចជា​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​,​សៀមរាប​អង្គរ​, ខេត្តស្វាយរៀង​, ខេត្តកំពង់ឆ្នាំង​, កំពង់ស្ពឺ និង​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។ ចំណែក​៤​ក្រុម​ទៀត​ជ្រើស​ចេញពី​ក្រុម​ដែល​ដាក់ពាក្យ​ចូលរួម​វគ្គ​ជម្រើស​ខេ​ម​បូ​ឌា​ន​លីក​ទី​២​ឆ្នាំ​២០១៧៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114