ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​២​ខ្សែ​ គឺ​ផ្លូវ​លេខ ១១៤​និង​លេខ ១៦៣ ខាងលិច​ផ្សារ​ទួល​ទំពូង

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរការ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី ចំនួន​២​ខ្សែ​គឺ​ផ្លូវ​លេខ ១១៤​និង​លេខ ១៦៣ ខាងលិច​ផ្សារ​ទួល​ទំពូង ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​និង​ទៅតាម​គម្រោង ដែល​បាន​គ្រោងទុក​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​ដំណើរការ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី ចំនួន​២​ខ្សែ​គឺ​គឺ ផ្លូវ​លេខ ១១៤ ចាប់ពី​មហាវិថី នេ​រុ​ហ៍ ដល់​ផ្លូវ​លេខ ១៦៩ ក្នុង​ខណ្ឌ​៧​មករា​និង​ផ្លូវ​លេខ ១៦៣ (​ផ្លូវ​ខាងលិច​ផ្សារ​ទួល​ទំពូង​) ចាប់ពី​មហាវិថី​ម៉ៅ​សេទុង​ដល់​ផ្លូវ​លេខ ២៧១។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​គម្រោង​យុទ្ធនា​ការជួសជុល​កែលំអ​ផ្លូវ​ឡើងវិញ សរុប​ចំនួន​៥៧​ខ្សែ នៅ​ក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​គម្រោង​ក្រោយពី​ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក។

\

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​នេះ ក៏​នៅមាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងត្រូវ​ស្ថាបនា​នៅក្នុង​ផែនការ​ឆ្នាំ​២០១៧​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ គ្រប់​ពិធី​បើកការដ្ឋាន​ជួសជុល និង​អ៊ុត​កៅស៊ូ​AC​កន្លងមក អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​ត្រូវ​ជួសជុល ជួយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ត្រួតពិនិត្យ​មើល​ពី​គុណភាព​ផ្លូវ ជៀសវាង​កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ​ថា ចាក់​ក្រាស​ស៊ី​ស្តើង ចាក់​ស្ដើង​ស៊ី​ក្រាស់ ស្ថាបនា​ផ្លូវ​គ្មាន​គុណភាព​៕