ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថ្កោលទោស​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​លី​យ៉ុង ប្រទេស​បារាំង ដែល​បាន​ជេរប្រមាថ

​ភ្នំពេញ​ ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដោយ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​សេចក្តី​អំពាវនាវ​ដ៏​អកុសល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តំបន់​រោ​ន អា​ល្ក ដែល​អាន​ដោយ​ឈ្មោះ លី ពឿ​ង ភេទ​ប្រុស ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​លី​យ៉ុង ប្រទេស​បារាំង ដោយមាន​វត្តមាន​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តព្រៃវែង ទូត យឿ​ត (​មកពី​គណបក្ស សង្គ្រោះ​ជាតិ​) កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ជេរប្រមាថ​ជា​សាធារណៈ​បែប​វិកលចរិត ចោទ ប្រកាន់​ដ៏​ខ្មៅ​ងងឹត​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ប្រជាជន កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស និង​សេចក្តីថ្លៃថ្នូរ​របស់ ក្រុម​គ្រួសារ​សំដៅ​ញុះញង់​ឲ្យ​មានការ​រើសអើង ស្អប់ ខ្ពើម​រវាង​ខ្មែរ និង​ខ្មែរ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម និង​បង្ក​ភាព​បែប​បាក់​សង្គម ដែល គំរាមកំហែង​ដល់​សន្តិភាព​នៅ​កម្ពុជា។

សេចក្តីថ្លែងការណ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​សេចក្តី​អំពាវនាវ របស់ ឈ្មោះ លី ពឿ​ង បាន​ប្រើ​ពាក្យ​អសុរោះ​គ្រប់​ម៉ាត់ និង​គ្មាន​មូលដ្ឋាន​ដូចជា​ការ​ប្រើ​ពាក្យ របប​តិរច្ឆាន សត្វ​តិរច្ឆាន ជនពាល ល្ងង់ខ្លៅ អាយ៉ង​វៀតណាម បំផ្លិចបំផ្លាញ​ជាតិ សម្លាប់​ប្រជាជន​ខ្មែរ​សាហាវ​ជាង របប​ខ្មែរក្រហម លួច​សន្លឹកឆ្នោត​ប្លន់​ប្រជាជន សម្លុត​បាញ់​ប្រហារ និង​ភ្នែក​ខ្វាក់​មួយ​ចំ​ហៀ​ជាដើម។

គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា យោង​តាម​ស្មារតី នៃ​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ កម្ពុជា​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ បក្ស និង​ជាពិសេស​ការ​គោរព​សិទ្ធិ​និង​សេរីភាព នៃ ការ បញ្ចេញមតិ ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់។

គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ចំពោះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ១-​ពន្យល់​ឲ្យ បាន​ច្បាស់លាស់​ចំពោះ​សេចក្តី​អំពាវនាវ​ដ៏​អកុសល មួយ​នេះ ២-​ត្រូវ​សុំទោស រាជរដ្ឋាភិបាល ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​សាធារណៈ ចំពោះ​ខ្លឹមសារ​នៃ​សេចក្តី​អំពាវនាវ និង​៣-​ត្រូវ​ចាត់វិធានការ​វិន័យ​ចំ​ពោះ​ឈ្មោះ​លី ពឿ​ង និង​ទួត យឿ​ត នេះ​ជាដាច់ខាត។

សេចក្តី​ថ្លែងការណ៍​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​អំពាវនាវ ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ជាបន្ទាន់ ស៊ើប​អង្កេត​លើ​ករណី​នេះ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114