ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​រយៈពេល​១​ខែកុម្ភៈ​នេះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បង្ក្រាប​គ្រឿងញៀន​បាន​៣០​ករណី ឃាត់ខ្លួន​៤២​នាក់

ភ្នំពេញ​ ៖ ក្នុង​រយៈពេល​១​ខែកុម្ភៈ​នេះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន​៣០​ករណី ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤២​នាក់ ក្នុងនោះ​ប្រុស​៣៥នាក់ ស្រី​៧​នាក់ ដោយមាន​អ​និតិ​ជន​៤​នាក់​ផងដែរ។

នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌទួលគោក ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៣ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក អាណត្តិ​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោកស្រី ញ៉ែម មុំ តំណាង​ឲ្យ​លោក ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ទួលគោក និង​លោក កូប ស្លេះ អភិបាលរង​ខណ្ឌទួលគោក។

តាម​របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ មាននៅ​ក្នុង​សង្កាត់​បឹងកក់​១ ចំនួន​១២​ករណី ,​បឹងកក់​២ ចំនួន​៦​ករណី ,​ផ្សារ​ដេប៉ូ​២ ចំនួន​៥​ករណី ,​បឹង​សាឡាង ចំនួន​៤​ករណី ,​ផ្សារ​ដេប៉ូ​៣ ផ្សារ​ដើម​គរ និង​សង្កាត់​ទឹកល្អក់​ទី​៣ ក្នុង​១​សង្កាត់ មាន​ចំនួន​១​ករណី​។

ក្នុង​នោះ​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា ១៥៥​កញ្ចប់ (​ធំ​២ តូច​១៥៣) ម៉ូតូ​៣​គ្រឿង ទូរ​សព្ទ​១២​គ្រឿង កាបូប​លុយ​២ លុយ​២៤​ម៉ឺន​៩​ពាន់​រៀល កូន​ពិល​១ កូនកាំបិត​១ និង​សម្ភារៈ​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត។

ក្នុង​ករណី​គ្រឿងញៀន​នេះ​ដែរ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សា​សា​ដំបូង​រាជធានី​ភ្នំពេញ ៣៩​នាក់ បញ្ជូន​ទៅ​មន្ទីរ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្តារ​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ៣នាក់​ជា​អនីតិជន។

ចំពោះ​ការងារ​រដ្ឋបាល និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ គឺ​វិធានការ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង បាន​៨​លើក ឃាត់ខ្លួន​មនុស្ស​២០​នាក់ ដកហូត​ម៉ូតូ​៤​គ្រឿង ទូរ​សព្ទ​១​គ្រឿង កាំបិត​ប៉័ងតោ​១ ពី​បទ​បង្ក​សកម្មភាព​អុកឡុក ធ្វើ​ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ដោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៣ នោះ​ដែរ ក៏​មាន​ការប្រកាស​នូវ​លិខិត​បង្គាប់​ការ​រប​ស់​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ស្តីពី​ការតែងតាំង​លោក គង់ កា​ម៉ាច មន្ត្រី​របស់ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ឲ្យ​មក​បម្រើកា​រងារ​នៅ​ការិយាល័យ​ព័ត៌មាន ខណ្ឌទួលគោក ដែល​នៅក្នុង​លិខិត​បង្គាប់ការ​នោះ គឺ​លោក គង់ កា​ម៉ាច មាន​ភារ​កិច្ចសហការ​អនុវត្ត​ការងារ​ក្រោម​ការដឹកនាំ​របស់​សាលាខណ្ឌ​ទួលគោក ឲ្យបាន​ល្អប្រសើរ។

លោកស្រី ញ៉ែម មុំ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នោះដែរ ក៏បាន​ជម្រាបជូន​សមាជិក​សមា​ជិ​កា​អង្គប្រជុំ ផងដែរ​ថា នៅ​សល់​តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទិវា​នារី​អន្តរជាតិ​៨​មិនា ខួប​លើក​ទី​១០៦ នឹង​មកដល់ ដែល​ឆ្នាំនេះ​មាន​ប្រធានបទ ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព។

នៅ​ក្នុង​ឱកាស​ទិវា​នេះ នារី​នៅ​តាម​អង្គភាព​ស្ថាប័ន​ផ្សេងៗ​តែងតែ​ត្រូវ​បាន​ការ​យក​ចិត្តទុកដាក់ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ក្នុង​នោះ​នៅ​សាលាខណ្ឌ​ទួលគោក​យើង​នេះ នារី ក៏ត្រូវ​បានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ផងដែរ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​លោកស្រី ក៏បាន​អំពាវនាវ​បន្ថែមទៀត សូម​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព បន្ត​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​នារី​យើង​បន្ថែមទៀត ដើម្បី​ឲ្យ​នារី បាន​ចូលរួម​នៅ​គ្រប់​កិច្ចការ​សង្គម​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114