ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ទី​ស្នា​ការ​អនុសាខា​កាកបាទក្រហម កម្ពុជា​ស្រុក​ជីក្រែង​ខេត្តសៀមរាប

សៀមរាប ៖ អគារ​ថ្មី​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ ដែល​សាងសង់​លើ​ទីតាំង​ថ្មី ស្ថិតនៅ​ភូមិ​កំពង់ក្តី​២​ ឃុំ​កំពង់ក្តី​ ស្រុក​ជីក្រែង ​ត្រូវ​បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ដោយ​ស្ថិត​ក្រោម​អធិបតីភាព លោក ឃឹម​ប៊ុន​សុង ប្រធាន​គណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ និង​ លោក នូ ផល្លា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា។

បើ​តាម​របាយការណ៍​បង្ហាញ​របស់លោក ស៊ុំ​ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា លើ​ការ​ចំណាយ​ទាំងអស់ សម្រាប់​ការ​កសាង​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង​នេះ ​គឺ បាន​សាងសង់​អស់​ថវិកា​សរុប​ចំនួន ២១,០០០​ដុល្លារ​អាមេរិក។

លោក ស៊ុំ សំអន បាន​បញ្ជាក់​ថា ដោយមាន​ការ​ឆ្លើយតប​ នឹង ​ការ​អំពាវនាវ​របស់​អនុសាខា​ស្រុក​ជីក្រែង ក្នុង​ស្មារតី​មនុស្សធម៌​ចូលរួម​ក្នុង​ការ​សាងសង់​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ជីក្រែង​នេះ​ដែរ ក៏​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សប្បុរសជន​ក្នុងស្រុក​និង​ក្នុង​ខេត្ត​បាន​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ចាក់​ដី​បំពេញ​ទីធ្លា និង​ទិញ​សម្ភារៈ​ការិយាល័យ សម្រាប់​បំពាក់ ក្នុង​អគារ​អនុសាខា​ស្រុក​ជីក្រែង ជាច្រើន​ផង​ដែរ។

លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការ​បើក​សម្ពោធ​អគារ​ថ្មី​របស់​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ស្រុក​ជីក្រែង​នា​ពេល​នេះ គឺ​ស្ថិត​ក្នុង​អត្ថន័យ ដើម្បី​អបអរសាទរ​ថ្ងៃ​ខួបកំណើត​៦២​ឆ្នាំ (១៨ កុម្ភៈ ១៩៩៥៥ ១៨ កុម្ភៈ ២០១៧ ) នៃ​ស្ថាប័ន​មនុស្សធម៌​ធំ​ជាង​គេ​ ក្នុង​ប្រទេស​គឺ​កាកបាទក្រហមកម្ពុជា ដែល​បានធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ជួយសង្គ្រោះ និង​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ស្របតាម​ប្រធានបទ​ជា​សាកល​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ( សង្គ្រោះ​ជីវិត ផ្លាស់ប្តូរ​ផ្នត់គំនិត )។

លោក​ ឃឹម ​ប៊ុន​សុង ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ឆ្នាំ​២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា ដែល​ក្នុង​នោះ​បានកំណត់​ទស្សនវិស័យ ( រួមចំណែក​ព​ន្លឿ​ន ការកាត់បន្ថយ​ភាព​ក្រីក្រ​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​មនុស្សជាតិ និង​ការពារ​តម្លៃ​មនុស្សធម៌​របស់​ជនរ​ង​គ្រោះ​)​ឲ្យ​បានសម្រេច​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​បាន​យកចិត្តទុកដាក់​បំពេញ​បេសកកម្ម​មនុស្សធម៌ ស្របតាម​វិស័យ​ស្នូល​ទាំង​៤ ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​សុខភាព និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ របស់​ចលនា ការអភិវឌ្ឍន៍​ស្ថាប័ន និង អភិវឌ្ឍន៍​ធនធានមនុស្ស។

លោក​ឃឹម ប៊ុន​សុង ក៍បាន​មាន​ប្រ សាសន៍ បញ្ជាក់បន្ថែម​ផងដែរ​ថា សមិទ្ធផល​ជា​អគារ​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ស្រុក​ជីក្រែង ​ដែល​កំពុងតែ​បើក​សម្ពោធ​នា​ពេល​នេះ​ គឺ​បាន​មក​ពី​ការឧបត្ថម្ភ​ជា​ថវិកា​របស់ លោក​បណ្ឌិត នឹង​លោកជំទាវ ដោយផ្ទាល់​គឺ​ដើម្បី​ចូលរួម​ចំណែក​បន្ថែម​ទៀត​លើ​បុព្វហេតុ​មនុស្សធម៌​ដ៏​ឧត្ដុង្គឧត្ដម​ក្នុង​អាណត្តិ​ទី​នៃ​គណៈ​ក​ម្មាធិ​ការ​សាខា​កាកបាទ​ក្រហមកម្ពុជា​ ខេត្ត​សៀមរាប​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114