ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​ឧបទ្ទវហេតុ​នៅ​ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី, ក្រសួង​ព័ត៌មាន​សន្និដ្ឋាន​​​ថា​វា​ជា​គ្រោះថ្នាក់​ចរាចរណ៍

ភ្នំពេញ ​៖ ​ក្រសួង​ព័ត៌មាន​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ ដោយ​ជម្រាប​ជូន​ដល់​សាធារណជន​ឲ្យបាន​ជ្រាប​ថា ក្នុង​ឧបទ្ទវហេតុ​នៅ​ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី វា​ជា​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាង គ្មាន​ហេតុផល​ណាមួយ​ដែល​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា មានការ​ប៉ុនប៉ង​ធ្វើឃាត​លើ​ក្រុម​អ្នកសារព័ត៌មាន​នោះឡើយ​។​

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​សូម​​ជម្រាប​ជូន​ថា ករណី​អ្នកសារព័ត៌មាន​ជួប​គ្រោះថ្នាក់​នៅ​ខេត្ត​រតនគីរី​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រសួងព័ត៌មាន​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែល​មាន​សមាសភាព​មក​ពី​សមាគម​កម្ពុ​ជា​ការពារ​អ្នកកាសែត ក្លឹប​អ្នកកាសែត​កម្ពុជា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សមាគម​ទូរទស្សន៍​កម្ពុជា សមាគម​វិទ្យុ​កម្ពុជា និង​មន្ត្រី​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ដឹកនាំ​ដោយ​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ចុះទៅ​ស្រាវជ្រាវ​ស្វែងរក​ការពិត​នៅនឹងកន្លែង​កើតហេតុ​ក្នុង​ឃុំ​កោះ​ពាក្យ និង​ឃុំ​កា​ចូ​ន នៃ​ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយ​គណៈកម្មការ​ចំពោះ​កិច្ច​បាន​រកឃើញ​ហេតុផល​ករណី​គ្រោះថ្នាក់​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ច្នៃ និង​រថយន្ត​(០១​គ្រឿង​)​របស់​អ្នករួមដំណើរ​០១​នាក់ ជាមួយ​អ្នកសារព័ត៌មាន អាចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាង​។ មូលហេតុ​ទី​១-​ទីតាំង​កើតហេតុ​ជា​ផ្លូវ​ចុះ​អូរ​ចោទ​ខ្លាំង រថយន្ត​រងគ្រោះ​ខូចខាត​តិចតួច (​ប៉ះ​ស្តុ​ប​ក្រោយ និង​ប្រះ​កញ្ចក់​មុខ​បន្តិច​ពីឆ្វេង​)​។ រថយន្ត​ច្នៃ​នោះ​អាច​នឹង​បុក​កម្ទេច​រថយន្ត​រងគ្រោះ​នោះបាន បើ​មាន​ចេតនា​មែន ហើយ​ម្យ៉ាងទៀត​ក្នុង​អូរ​ដ៏​ជ្រៅ​នោះ រថយន្ត​ច្នេះ​មិនអាច​គេច​ទៅណា​រួច​ទេ​។ នគរបាល​ក៏បាន​រកឃើញថា រថយន្ត​ច្នៃ​ខូចកា​ប៉ែន​ហ្វ្រាំង​មែន​។ ទី​២-​ករណី​វាយ​បំបែក​កញ្ចក់​រថយន្តរបស់​អ្នកសារព័ត៌មាន ពុំមាន​ភស្តុតាង​ដាក់បន្ទុក​ដូច​ការចោទប្រកាន់​នោះឡើយ ដោយហេតុថា ពុំមាន​សាក្សី​ក្រៅពី​ខ្លួនឯង ហើយ​គ្មាន​រូបថត​មួយ​សន្លឹក​ណា​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​អ្នក​វាយប្រហារ ឬ​ព្រនង់ ឬ​ដុំថ្ម ឬ​វត្ថុ​ផ្សេងទៀត នៅពេល​ក្រុម​អ្នកសារព័ត៌មាន​សុទ្ធ​តែមាន​ម៉ាស៊ីន​ថត​ដាក់​តាម​ខ្លួន​ទាំងអស់គ្នា​។ ទី​៣-​ការចូល​ក្នុង​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដោយ​ក្រុម​អ្នកសារព័ត៌មាន បាន​ធ្វើឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច ដោយសារ​ក្រុម​នេះ គំរាម​ចាប់​ដាក់​ខ្នោះ បើសិន​មិន​បើកទ្វារ​ឲ្យ​ពួកគាត់​ឆែកឆេរ ហើយ​នេះ​គឺជា​ការប្រើ​សិទ្ធិ​ហួស​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​។ ព្រោះថា ផ្ទះ​ពលរដ្ឋ​សុទ្ធតែ​ធ្វើ​ពី​ឈើ ហើយក៏​មាន​ឈើ​ក្តារ​បួនដប់​ដុំ​រៀងៗ​គ្រួសារ​ដែរ​។ ម្យ៉ាងទៀត​ដោយសារ​ផ្លូវថ្នល់​ពី​ក្រុង​បាន​លុង ទៅ​ស្រុក​វើ​ន​សៃ​មាន​លក្ខណៈ​ធម្មតា ជាពិសេស​កំណាត់​ផ្លូវ​ដែល​ពុំមាន​លក្ខណៈ​អំណោយផល​សម្រាប់​ការ​ពួនស្ទាក់​វាយប្រហារ និង​ដោយសារ​ការប៉ះទង្គិចរ​ថ​យន្ត​បន្តិចបន្តួច​នៅក្នុង​អូរ​នោះ គ្មាន​ហេតុផល​ណាមួយ​ដែល​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា មានការ​ប៉ុនប៉ង​ធ្វើឃាត​លើ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​ឡើយ​។​

ក្រសួង​ព័ត៌មាន​សូម​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យបាន​នូវ​គោលការណ៍​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​​​នៅ​កម្ពុជា ហើយក៏​ស្នើ​សុំឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រតិបត្តិ​ការងារ ដោយ​គោរព​សិទ្ធិ និង​សេរីភាព​សារព័ត៌មាន​ឲ្យបាន​ល្អប្រសើរ​បំផុត៕