ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​៨​នៃ​សហព័ន្ធ​អន្តរជាតិ​នៃ​អង្គការ​IMPAC(IFIO)

ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា​បានរៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​៨​នៃ​សហព័ន្ធ​អន្តរជាតិ​នៃ​អង្គការ​IMPAC(IFIO) រយៈពេល​២​ថ្ងៃ​(​ថ្ងៃទី​២៧​និង​២៨​កុម្ភៈ​)​ក្រោម​ប្រធានបទ​«​ការអនុវត្ត​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ការវាស់វែង​លទ្ធផល​យូរអង្វែង​»​នៅ​សណ្ឋាគារ​កាំបូឌី​ណា​យ៉ា​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

ចូលរួម​នៅក្នុង​សន្និសីទ​នា​ឱកាស​នោះដែរ​រួមមាន​លោក​ដេវីត​វ៉ក​ឃើ​ប្រធាន​មូលនិធិ​IMPAC​មកពី​ចក្រភព​អង់គ្លេស​លោកស្រី​ជូ​ឌី​ស្តា​ក​នាយក​ប្រតិបត្តិ​និង​តំណាង​មូលនិធិ​IMPAC​មកពី​ប្រទេស​បង់​ក្លាស​ដេ​ស ឥណ្ឌា កេ​ន​យ៉ា នេ​ប៉ាល់ ន័​រ​វ៉េ​ស ប៉ា​គី​ស្ថាន ស្វី​ស​ហ្សឺ​ឡង់ ចក្រភព​អង់គ្លេស ហ្សេ​ន​ហ្សី​បា​និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

លោកស្រី​ឈុន​ចិន្តា​សោភា​ប្រធាន​អង្គការ​IMPAC Cambodia​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សន្និសីទ​នា​ឱកាស​នោះ​ថា ​អង្គការ​IMPAC Cambodia​មាន​អាយុ​៨​ឆ្នាំ​ហើយ​ចាប់តាំងពី​អង្គការ​នេះ​បាន​បង្កើតឡើង​ និង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​។​

លោកស្រី​បាន​បន្តថា ​ក្នុងអំឡុងពេល​៨​ឆ្នាំ​នៃ​ប្រតិបត្តិការ​នៅ​កម្ពុជា​IMPAC Cambodia​មាន​គោលដៅ​បង្ការ​ពិការភាព​ដែល​អាចជៀ​សវា​បាន​តាមរយៈ​ការធ្វើសកម្មភាព​ទាំងអស់គ្នា​នៅថ្ងៃនេះ​ដើម្បី​បង្ការ​ពិការភាព​នៅ​ថ្ងៃស្អែក​។​

លោកស្រី​ឈុន​ចិន្តា​សោភា​បាន​បន្ថែមថា​IMPAC Cambodia​ផ្តល់​សេវា​ដើម្បី​បង្ការ​ពិការភាព​តាមរយៈ​ការពិនិត្យ​និង​ការព្យាបាល​ទាន់ពេល​លើ​ប​ញ្ហ​ត្រចៀក ច្រមុះ​និង​បំពង់ក​និង​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​មាតុភាព​និង​ការរស់រានមានជីវិត​របស់​ទារក​។ ​ការផ្តល់សេវា​វះកាត់​ក៏ត្រូវ​បានផ្តល់​ឲ្យ​ក្នុងករណី​ចាំបាច់​ដែរ​។ ​ក្រៅពី​ការ​ផ្តល់នូវ​អគារ​IMPAC Cambodia​បាន​កសាង​សាង​សមត្ថភាព​ដល់ដៃ​គូ​រដ្ឋាភិបាល​ផងដែរ​។​

លោកស្រី​ប្រធាន​អង្គការ​IMPAC Cambodia​បាន​បញ្ជាក់ថា​«​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​គឺជា​ដៃគូ​សំខាន់​របស់ IMPAC Cambodia​សម្រាប់​កម្មវិធី​ត្រចៀក ច្រមុះ និង​បំពង់ក​ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​»​។​

លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុន​ហេង រដ្ឋ​​​មន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​មូលនិធិ​IMPAC​នៃ​ចក្រភព​អង់គ្លេស​តាមរយៈ​អង្គការ​IMPAC Cambodia​បាន​និង​កំពុង​អនុវត្ត​កម្មវិធី​និង​គម្រោង​នានា​នៅ​កម្ពុជា​អស់​រយៈពេល​៧​ឆ្នាំ​មកនេះ។​

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«​ជំនួយ​ទាំងនេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការលើក​កំពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ក្នុងការ​បង្ការ​ពិការភាព​ដែល​អាច​ជៀសវាង​បាន​និង​ការកាត់បន្ថយ​ជំងឺ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​«​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានចាត់ទុក​សុខភាព​ប្រជាជន​ជា​កម្លាំង​ចលករ​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​»​។​

លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​បាន​បន្តទៀតថា ​ដើម្បី​សម្រេច​គោលដៅ​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកាជាតិ​បន្ថែម​លើ​វិស័យ​សុខាភិបាល​ក្នុង​គោលបំណង​ពង្រីក​បន្ថែម​នូវ​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​ស្របតាម​កម្មវិធី​បង្ការ​ការពារ​និង​ព្យាបាល​។​

លោក​រដ្ឋមន្ត្រី​មាន​សង្ឃឹមថា​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​នៅក្នុង​ស​ន្និសីទ​នេះ​នឹង​ផ្តល់​ចំណេះដឹង​ដ៏​មាន​តម្លៃ​បន្ថែមទៀត​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​សេវា​សុខភាព​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​និង​ប្រកបដោយ​ប្រសិទ្ធភាព៕

​ ​