ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ​ឧត្ដមសេនីយ៍ សួស អង្គារ៏ ៖​ មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​ទាំងអស់​ត្រូវ​អន្តរាគមន៍ ​ដោយ​មិន​រើសអើង

កំពង់ស្ពឺ​ ៖ នាយ​ឧត្ដមសេនីយ៍ សួស អង្គា​រ៏ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ ​​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្ដីពី​ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ថា មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​ទាំងអស់​ត្រូវ​អន្តរាគមន៍ ​ដោយ​មិន​រើសអើង ឬ​ប្រកាន់​បក្ខពួក​ដាច់​ខាត រាល់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នានា។

ពិធី​នេះ ​ធ្វើ​ឡើង​ក្រោម​ការចូលរួម​ពី​លោក ចូ​វ យ៉ុង​ណាន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TOP FIRE SEFEY (Cambdai)​ សិក្ខាកាម​មក​ពី​ស្នងការដ្ឋាន និង​អង្គភាព​នានា​ចំនួន​១៨​អង្គភាព​សរុប ៧៧​នាក់ ព្រម​ទាំង​គ្រូ​បង្គោល​មកពី​បរទេស​ ក៏​បាន​ចូលរួម​ក្នុង​វគ្គ​នេះ​ផង​ដែរ។
លោក​ឧត្ដមសេនីយ៍ឯក​ អ៊ំ អុន ​អនុប្រធាន​សេនាធិការ និង​ជា​នាយក​សាលា បាន​លើក​ឡើង​ថា សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា វៀតណាម ត្រូវបាន​បង្កើតឡើង​តាម​ប្រកា​ស​លេខ ២០៣៣​ប្រ​.​ក​ចុះ​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ​២០១០​របស់​ក្រសួងមហាផ្ទៃ។ បើ​គិត​មកទល់​នឹង​ពេលនេះ​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា វៀតណាម​​ ​បាន​ធ្វើការ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ ជូន​កងកម្លាំង​បាន​ចំនួន ០៧​វគ្គ​មក​ហើយ ក្នុង​នោះ​សិក្ខាកាម​បាន​ចូលរៀន ចំនួន​៩៧១ នាក់​ស្រី​៥៣​នាក់។

លោក​ឧត្ដមសេនីយ៍ឯក​ បន្ត​​ថា ​ថ្ងៃនេះ​សាលា​ក៏បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយទៀត​ដល់​នាយ​នគរបាល ​ស្ដីពី​ការ​បង្ការ​ ពន្លត់​ អគ្គិភ័យ និង​សង្គ្រោះ​ ដោយមាន​គ្រូ​បង្គោល​ជំនាញ ​ក្រោម​ការ​សហការ​នាយកដ្ឋាន បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ ហើយ​មាន​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​ពី​ក្រុមហ៊ុន TOP FIRE SEFEY (Cambdai)​ផងដែរ។

នាយ​ឧត្ដមសេនីយ៍ សួស អង្គា​រ៏ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​ដោយ​ស្នើ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការសិក្សា​នេះ ហើយ​យើង​ជា​នាយ​នគរបាល​ត្រូវ​ប្រឹងប្រែង​ក្រេប​ចំណេះដឹង​ពី​គ្រូឧទ្ទេស​ទាំង​ខ្មែរ និង​គ្រូ​បទេស​ឲ្យ​មាន​ប្រសិទ្ធភាព ងាយ​ចេញ​ទៅវិញ​ធ្វើជា​គ្រូបង្ហាត់​បង្ហាញ​ដល់​មន្ត្រី​របស់​អង្គភាព​យើង​រៀងៗ​ខ្លួន។

អគ្គ​ស្នងការ​រង​បន្ត​ថា មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​ទាំងអស់​ត្រូវ​អន្តរាគមន៍ ​ដោយ​មិន​រើសអើង​ឬ​ប្រកាន់​បក្សពួក​ដាច់ខាត​រាល់ ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នានា ហើយ​មិនត្រូវ​​ប្រតិបត្តិការ​ពន្លត់​ដោយមាន​លាភសក្ការៈ​ទើប​ធ្វើ​នោះ​ទេ។ មិនតែប៉ុណ្ណោះ​ត្រូវ​មើល​សម្ភារៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ប្រសើរ​ជាប្រចាំ មិន​ទុក​រថយន្ត​ចោល​នៅ​ពេលដែល​អគ្គិភ័យ​ស្ងប់ស្ងាត់​នោះទេ។

ចំពោះ​វគ្គ​សិក្សា​នេះដែរ​ដើម្បី​ពង្រឹងគុណភាព​សិក្ខាកាម​សាលា​បាន​តម្រូវ​ឲ្យ​មានការ​អនុវត្ត​ជាក់ស្តែង​លើ​ទីលាន​រហូត ៧០%​និង​៣០%​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​ជា​ទ្រឹស្ដី។ វគ្គ​បណ្ដុះបណ្ដាល​លើក​នេះដែរ សាលា​បាន​ចែកជា​ច្រើន​លំហាត់ មាន​លំហាត់​របៀប ២៧​ម៉ោង ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍​ ០៧​ម៉ោង ស្វែង​យល់​ទ្រឹស្ដី របៀប​ប្រើប្រាស់​រថយន្ត ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​មធ្យោបាយ​ផ្សេងៗ របៀប​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​មាន​ហានិភ័យ​កើតឡើង​ជាយថាហេតុ ១៤​ម៉ោង និង​របៀប​ប្រើប្រាស់​រថយន្ត ពន្លត់ ថែទាំ​ជួសជុល ការ​បូម​បាញ់ បាញ់​ពន្លត់ ការ​ពង្រាយ​ទុយោ​​ឡង់ A-B​ឡង់​ផ្កាឈូក មាន​រយៈ​រហូត​១០៥​ម៉ោង​ពេញ៕