ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ដាយ​យក​ប្លង់​ដី​ទៅ​ដាក់​បញ្ចាំ​រត់ការ​ដោះលែង, ​កូន​ចេញ​ពី​គុក​​​ជួញដូរ​គ្រឿងញៀន​ទៀត​ដើម្បី​​​ដោះ​បំណុល​ម្ដាយ ត្រូវ​ជាប់​គុក​វិញ​ដដែល

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​កន្លងមក​ធ្លាប់​ចាប់ខ្លួន​ចំនួន​២​ លើក​រួចមកហើយ​ ពីបទ​ចែកចាយ​គ្រឿងញៀននោះ ក៏​នៅតែ​មិន​រាងចាល​ដោយ​គេ​នៅតែ​ប្រព្រឹត្ត​វិញ​ដូចដើម នៅ​ទីបំផុត​ លើក​ទី​៣​នេះ ត្រូវ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ វ៉ៃខ្នោះដាក់​ទ្រុងវិញ​ដដែលនៅ​ក្នុងករណី​ជាក់ស្តែង។​

​តាម​ការអះអាង​ពី​លោក មួរ ឡាន អធិការរងផ្នែក​ព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយ​​ពី​ទទួលបាន​នូវ​ប្រវត្តិ​របស់​មុខសញ្ញា​យ៉ាងច្បាស់​ហើយ​នោះ លោក​បាន​ចាត់​កម្លាំង ដោយ​ប្រើប្រាស់​នូវ​វិធាន​ញុះញង់ដើម្បី​ជា​ធ្នាក់ ដោយ​ប្រតិបត្តិការ​នេះ​ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយបាន​ប្រើប្រាស់​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អន្លង់​វិល ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​នៅត្រង់ចំណុច​ក្រុមទី​១៤ ភូមិ​អន្លង់​វិល​ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​​ចំនួន​ ១​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ២៦ក្រាម ម៉ូតូ​ម៉ាក​ហ្សូ​ម័​រ ពណ៌​ក្រហម​ ១​គ្រឿង និង​​ទូរស័ព្ទដៃ​ ១​គ្រឿង​ផងដែរ ដែល​មុខសញ្ញា​សង្ស័យ​នោះ​មានឈ្មោះ អ៊ឹង វុទ្ធី ភេទ​ប្រុស អាយុ​ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​បើតាម​ការ​បង្ហើប​ឲ្យដឹងពី​លោក​អធិការរង​បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​ គឺ​ធ្លាប់ជាប់ពន្ធនាគារ​ចំនួន​ពីរដង​រួចមកហើយនាពេល​កន្លងមក ប៉ុន្តែ​និស្ស័យ​មនុស្ស​មិនចេះ​រាងចាល គឺ​គេ​នៅតែ​បន្តសកម្មភាព ​រហូត​ត្រូវ​កម្លាំងរបស់លោក​ចាប់ខ្លួនបាន​លើក​ទី​៣ ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ។​

​ដោយឡែក​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ថា កាលពី​អំឡុង ៦ ឆ្នាំមុន ខ្លួន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ព្រមទាំង​បាន​បញ្ជូនទៅ​ដាក់គុក​ម្តង​រួចមកហើយ ប៉ុន្តែ​បានតែ​ប្រមាណ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​ ខ្លួន​ក៏ត្រូវ​បាន​រួចខ្លួនមាន​សេរីភាព​មកវិញ​ដោយសារ​តែ​ម្តាយបាន​ប្រវេរ​ប្រ​វ៉ា​រកលុយ​រត់ការ​ ដើម្បីឲ្យ​កូន​បានមក​នៅក្រៅ​ឃុំ​វិញ ។​

​ជនសង្ស័យ​បាន​បន្តថា ដោយសារ​មានការ​អាណិតម្តាយ​ដែល​បាន​យក​ប្លង់ដី​ទៅ​ដាក់បញ្ចាំ​ដើម្បី​ដោះខ្លួន ទើប​រូបគេ​បានសម្រេច​ចិត្ត​ប្រកបមុខរបរ​នេះ​ឡើងវិញ​ដើម្បី​រកលុយ​ដោះ​បំណុល​ឲ្យ​ម្តាយ ប៉ុន្តែ​បានតែ​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ខ្លួន​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្តងទៀត ប៉ុន្តែ​លើក​ទី​ពីរ​នេះ​គេ​មិនបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ដូច​មុន​នោះទេ​ គឺ​គេ​បានទាមទារ​ប្រាក់​ចំនួន ២ ៥០០ ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះលែងខ្លួន​ឲ្យមាន​សេរីភាព​ ពេលនោះ​ហើយ​ដែលជា​បន្ទុក​របស់​ម្តាយ​ខ្លួន​ជា​លើក​ទី​២ ។​

​ចាប់ពីពេលនោះ​មក ​ខ្លួន​ក៏បាន​ទៅ​រស់នៅ​ក្នុងស្រុក​សំឡូត ដោយ​ដកខ្លួន​ឲ្យ​ឆ្ងាយ​
​ពី​គ្រឿងញៀន ដោយសារតែ​រយៈកាល​នៃ​ការរក​ស៊ី គឺ​ខ្លួន​ក៏​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែរ​ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ ដោយសារ​បញ្ហា​ជីវភាព​មានការ​ដុនដាប​ខ្លាំង ហើយ​ម្យ៉ាង​មាន​អ្នក​ណែ​នាំឲ្យ​ស្គាល់​ម៉ូយ​ធំ​មកពី​ភ្នំពេញ​ផង​នោះ ខ្លួន​ក៏​ចាប់ផ្តើម​សា​ជាថ្មី ព្រោះថ្នាំ​ដែល​ខ្លួន​ទិញ​មក​មួយកញ្ចប់​ធំ​នេះ​តម្លៃ ១ លាន​រៀល យកមក​រំលែក​បាន ៦កញ្ចប់​ ដោយ​ ១​កញ្ចប់​លក់​វិញ​បាន​តម្លៃ ៤០ម៉ឺន​រៀល តែ​ក៏ត្រូវ​ចាប់ខ្លួន​ជា​លើក​ទី​៣ ហើយ​ការចាប់ខ្លួន​ម្តងនេះ សូម្បីតែ​ប្រពន្ធ​ និង​ ម្តាយ​ក៏​មិន​បានដឹង​ដែរ​ដោយ​នៅថ្ងៃនេះ ​ខ្លួន​ គឺ​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​ខេត្តហើយ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114