ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ច្រកព្រំដែន​ចំនួន​៥ ​ក្នុង​ខេត្តបាត់ដំបង​ ត្រូវបាន​ផ្លាស់ប្តូរ​ ដោយ​ក្រសួងមហាផ្ទៃ​

​បាត់ដំបង​ ៖ ក្រសួងមហាផ្ទៃ​ បានសម្រេច​ជា​ផ្លូវ​ការប្រកាស​ផ្លាស់ប្តូរ ​ប្រធាន​ច្រកទ្វា​រព្រំដែន​ចំនួន​៥ ​ក្នុង​ខេត្តបាត់ដំបង ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​ថៃ​ និង​សម្រួលការ​ដោះដូរ​កសិផល​នានា​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ​

ពិធី​នេះ​ចូលរួម​ប្រកាស​ជា​អធិបតី​ដោយ ​លោក​ ងួន​ ​រតនៈ​ អភិបាលរង​ខេត្តបាត់ដំបង​ ដោយបានប្រគល់​ភារកិច្ច​ ដល់​មន្ត្រី​ជា​អតីត​ប្រធាន​ច្រក​ ចំនួន​០៣​រូប​ និង ​ប្រគល់​ភារកិច្ច​ថ្មី​ដល់​មន្ត្រី​ចំនួន​០២​រូប​ទៀត ​ជា​ប្រធាន​ច្រក។ ពិធីនេះ ប្រព្រឹត្តទៅនៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧​​​ នៅលើ​ទីតាំង​សាលាស្រុក​កំរៀង​ខេត្តបាត់ដំបង ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​ថៃ​សម្រួលការ​ដោះដូរ​កសិផល​នានា​ពិសេស​ការកែទម្រង់​សេវា​សា​ធា​រណៈ ឲ្យ​កាន់តែ​ល្អប្រសើរ​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រ​ទេស​ទាំង​២​។​

ការកែសម្រួល​នេះ​តម្រូវឲ្យ​លោក ​ហម​ ​សំខាន់​ ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់ភ្នំ​ដី​ស្រុក​សំពៅ​លូន​ឲ្យ​ទៅកាន់​គោលដៅ​ច្រក​ថ្មី​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​អន្តរជាតិ​ដូង​ស្រុក​កំរៀង​។ ​លោក​ ឃឹម ​ទិព្វ​មុនី ​ជា​ប្រធាន​ច្រក​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​ សួន​ ស៊ុំ ​ស្រុក​កំរៀង​ទៅកាន់​មុខតំណែង​ថ្មី​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​ភ្នំ​ដី​ក្នុងស្រុក​សំពៅ​លូន​។ ​លោក​ចែ​ត្រ​ សេ​ថា ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​​អន្ច្រកទ្វារព្រំដែនតរជាតិ​ដូង ​ស្រុក​កំរៀង​ ផ្លាស់ប្តូរ​ទៅ​គ្រប់គ្រង​ទីស្នាក់កា​រត្រួតពិនិត្យ​ច្រកទ្វារ​តំបន់ ​សួន​ ស៊ុំ​ ស្រុក​កំរៀង​វិញ​។

​ដោយឡែក​ចំពោះ​មន្ត្រី​០២​រូប ​ទៀត​ មាន​លោក​ នាង​ ច័ន្ទ​ថា​រ៉ា ​ជានា​យក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ ចូលកាន់​តំណែង​ថ្មី​ជា​ប្រ​ធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​អូរ​រំដួល​ក្នុងស្រុក​ភ្នំព្រឹក ​និង​លោក​ លួង​ ​ខន​ ប្រធានការិយាល័យ​របៀប​ និង​ឯកសារ​ចំណុះ​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​ទទួល​តំណែង​ថ្មី​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​៤០០​ក្នុងស្រុក​សំឡូត​។

​លោក​សង្ឃឹមថា​អស់លោក ​នឹង​ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន​ឲ្យ​បានល្អ​ប្រសើ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684