ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​កម្ពុជា ​នៅ​ប្រទេស​ជប៉ុន ​ជួយសង្គ្រោះ​កម្មសិក្សាការី​ខ្មែរ​ចំនួន​៥​នាក់​

​ភ្នំពេញ ​៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា បន្ទាប់ពី​មានការ​ស្នើសុំ​អន្តរាគមន៍​ពី​កម្មសិក្សាការី​ខ្មែរ​ចំនួន​៥​នាក់ តាមរយៈ​ទំព័រ Facebook របស់​ស្ថានទូត កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​Tochigi ដែលមានចម្ងាយ​ប្រមាណ​១១០​គីឡូម៉ែត្រ​ពី​ទីក្រុង​តូ​ក្យូ ដើម្បី​ចុះ​ដល់​កន្លែង​ដែល​មេខ្យល់​រៀបចំ​ឲ្យកម្មសិក្សាការី​ទាំង​៥​នាក់​ស្នាក់នៅ​។

តាម​លោក ជុំ សុន្ទរី ក្រោយពី​បាន​ផ្តល់ព័ត៌មាន​លម្អិតដល់​ក្រុមនគរបាល​រួច ស្ថានទូត​បាន​នាំ​ពួកគេ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្ថានទូត និង​បាន​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​កន្លែង​ការងារ និង​លក្ខខណ្ឌ​ការងារ​ដែល ពួកគេ​បានធ្វើការ​កន្លងមក និង​មូល​ហេតុដែល​ចាញ់បោក​មេខ្យល់​។ លោក​បន្តថា ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ ស្ថានទូត​បាន​ទាក់ទង​ទៅ​ថៅកែ​ក្រុមហ៊ុន (​ជា​លក្ខណៈ​គ្រួសារ​) នៅ​ខេត្ត​Tochigi ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់បៀវត្សរ៍ ដែល​ថៅកែ​បាន​កិបកេង​ប្រាក់​ម៉ោង និង​ចំនួន​ធ្វើការ​លើស​ម៉ោង​កន្លងមក​ជូន​កម្មសិក្សាការី​។​

កម្មសិក្សាការី​ទាំងនោះ​រួមមាន ១- កញ្ញា តូច សុធា អាយុ​៣១​ឆ្នាំ មកពី​ខេត្តស្វាយរៀង ទទួលបាន​សំណង​សរុប​ចំនួន ៤.៦៤០.៩៦៥ យ៉េន (​ប្រមាណ​ជា​៤០.៣៥៦ ដុល្លារ​អាមេរិក​) ២- កញ្ញា អឿន តុលា អាយុ​៣០​ឆ្នាំ មកពី​ខេត្តពោធិ៍សាត់ ទទួលបាន​សំណង​សរុប​ចំនួន ៣. ០៧១.៧៧៦ យ៉េន (​ប្រមាណ​ជា​២៦.៧១១ ដុល្លារ​អាមេរិក​) ៣- កញ្ញា ម៉ាប់ រ័ត្ន អាយុ​៣០​ឆ្នាំ មកពី​ខេត្តពោធិ៍សាត់ ទទួលបាន​សំណង​សរុប​ចំនួន ២.៧៣៧.៥៦២ យ៉េន (​ប្រមាណ​ជា​២៣.៨០៤ ដុល្លារ​អាមេរិក​) ៤- កញ្ញា ហ៊ុន់ ផា​ណា អាយុ​២៤​ឆ្នាំ មកពី​ខេត្តពោធិ៍សាត់ ទទួលបាន​សំណង​សរុប​ចំនួន ៦៦៧.៣០១ យ៉េន (​ប្រមាណ​ជា​៥៨០០ ដុល្លារ​អាមេរិក​) ៥- កញ្ញា គឹម អ៊ិ​ញ អាយុ​២៧​ឆ្នាំ មកពី​ខេត្តតាកែវ ទទួលបាន​សំណង​សរុប​ចំនួន​៦៦៧.៣០១ យ៉េន (​ប្រមាណ​ជា​៥៨០០ ដុល្លារ​អាមេរិក​)​។

អ្នកនាំពាក្យ​រូបនោះ​អះអាងថា ដោយសារ​ប្រាក់​សំណង​មាន​ចំនួន​ច្រើន ថៅកែ​ក្រុមហ៊ុន​បានស្នើ​សុំ​បង់​សង​ជា​ដំណាក់កាល និង​សន្យា​បង់​ឲ្យអស់​ក្នុងអំឡុង​ឆ្នាំ​២០១៧​។ ចំពោះ​ការសង​បន្ត​នេះ ក្រុមហ៊ុន​នឹង​ផ្ញើ​ប្រាក់​ចូល​គណនី​របស់​កម្មសិក្សា​ការី​ផ្ទាល់​តែម្តង ហើយ​ក្រុមហ៊ុន​នឹង​រាយការណ៍​ជូន​ស្ថានទូត ដើម្បី​ស្ថានទូត​អាច​តាមដាន​និង​ក្រើនរំលឹក​ដល់​ក្រុមហ៊ុន​រហូតដល់​សង​គ្រប់​ចំនួន​។ លោក​បន្តថា នគរបាល​ខេត្ត​Tochigi បាន​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​កម្មសិក្សាការី​នៅ​ស្ថានទូត ដើម្បី​មាន​វិធានការ ចំពោះ​មេខ្យល់​ចំនួន​៣​នាក់ ក្នុងនោះ​ក៏មាន​អតីត​កម្មសិក្សាការី​ខ្មែរ​ម្នាក់​(​នារី​) ដែល​បាន​រត់ចោល​ក្រុមហ៊ុន និង​ក្លាយជា​អ្នក​អូសទាញ​កម្មសិក្សាការី​ដ​ទៃទៀត អោយ​បោះបង់ចោល​កន្លែង​ការងារ​ចាស់ ទៅធ្វើ​ការ​នៅ កន្លែង​ថ្មី​ដែលមាន​ប្រាក់ចំណូល​ច្រើនជាង​។

លោក ជុំ សុន្ទរី អះអាងថា កម្មសិក្សាការី​ទាំង​៥​នាក់ បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩ និង​៣៥​នាទី តាម​ជើងយន្តហោះ Thai Airways លេខ ៥៨៤ ៕