ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រប់​អគារ ​ដែល​ធ្វើ​អាជីវកម្ម បើ​មិនមាន​ច្រក​សុវត្ថិភាព​គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នោះទេ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស បាន​បញ្ជាក់​ថា គ្រប់​អគារ​ដែល​ធ្វើ​អាជីវកម្ម បើ​មិន​មាន​ច្រក​សុវត្ថិភាព​ទ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ ដោយហេតុថា បើ​ទីកន្លែង​ទាំងនោះ​មិន​មាន​ច្រក​សុវត្ថិភាព​ទេ នៅ​ពេល​មាន​គ្រោះអាសន្ន​កើតឡើង វា​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ជាក់​ជាមិនខាន។

លោកប៉ា សុជាតិ​វង្ស បាន​បន្តថា គ្រប់​អគារ​អាជីវកម្ម ដូចជា ក្លឹប​កម្សាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន នានា​ដែល​មាន​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែមាន​ឧបករណ៍​សម្រាប់​បង្ការ​និង​​ពន្លត់​អគ្គិភ័យ​ជា​បឋម ដូចជា​បំពង់​ពន្លត់​អគ្គិភ័យ​ជាដើម។ ជាង​នេះ​ទៅទៀត​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន​ទាំងអស់នេះ ក៏ត្រូវ​តែ​ធ្វើ​ច្រក​សុវត្ថិភាព​ផងដែរ បើ​ក្រុមការងារ​របស់​រដ្ឋបាល​រាជធានី​និង​កម្លាំង​ជំនាញ​របស់​ប៉ូលិស​លើ​ផ្នែក​អគ្គិភ័យ នេះ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញថា មិនមាន​ច្រក​សុវត្ថិភាព​នោះទេ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​តែ​ម្តង ដោយហេតុថា កន្លង​មកនេះ អគារ​ធ្វើ​អាជីវកម្ម ទីកន្លែង​ធ្វើ​អាជីវកម្ម​ ដែល​មិន​មាន​ច្រក​សុវត្ថិភាព​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ដោយសារតែ​មិន​មាន​ច្រកចេញ​នៅ​ពេល​មាន​គ្រោះអាសន្ន​ម្តងៗ។

លោកប៉ា សុជាតិ​វង្ស បានលើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ ក្នុង​ទិវា​ជាតិ បង្ការ ពន្លត់​អគ្គិភ័យ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី មន្ត្រី កងកម្លាំងប្រដាប់អាវុធ​និង​សង្គម​ស៊ីវិល​មួយ​ចំនួនទៀត។

លោកនាយ​ឧត្ដមសេនីយ៍​ជួន សុវណ្ណ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន លើកឡើង​ដែរ​ថា គ្រោះថ្នាក់​អគ្គិភ័យ​ក្នុង​ឆ្នាំ​២០១៦​កន្លងមក​ ​បាន​កើតឡើង​៧១​លើក​លើ​៦៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់ របួស​៦​នាក់​និង​ឆេះ​ក្លឹប​កម្សាន្ត​ចំនួន​១ ឆេះ​តូប​ចំនួន​៧ ឆេះ​រោង​សិប្បកម្ម​ចំនួន​១០ ឆេះ​ផ្ទះ​ចំនួន​២៤៣​ខ្នង​ និង​១៥​បន្ទប់ ឆេះ​រថយន្ត​ចំនួន​១​គ្រឿង​ ឆេះ​រោង​សិប្បកម្ម​ចំនួន​២ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​មួយ​ចំនួនធំ​ដែល​បញ្ហា​នេះ​នៅតែ​ជា​ក្តីកង្វល់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នេះ រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែលមាន​តួនាទី​ធ្វើជា​សេនាធិការ បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​គ្រោះ​អគ្គិភ័យ សំដៅ​កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​អគ្គិភ័យ ជាមួយនឹង​ការលើកកម្ពស់​វិធានការ បង្ការ និង​ពន្លត់​អគ្គិភ័យ ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី បង្ការ​និង​ពន្លត់​អគ្គិភ័យ​ឲ្យ​ស្របតាម​ការ​អភិវឌ្ឍ​រីកចម្រើន នៅ​រាជធានី​ភ្នំពេញ សំដៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ​នូវ​គោលបំណង​សំខាន់​គឺ រក្សា​បាន​សន្តិភាព​សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ​រដ្ឋ ឯកជន អំពី​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​អគ្គិភ័យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគិន​គ្មាន​ការ​ព្រួយបារម្ភ ​កង្វល់​ពី​គ្រោះថ្នាក់​អគ្គិភ័យ និង​ស្ម័គ្រចិត្ត​​ ចូលរួម​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ដែល​បាន​ណែនាំ ដល់​កងកម្លាំង​អគ្គិភ័យ​ឲ្យ​ប្រកាន់ខ្ជាប់ នូវ​ទិសដៅ​និង​គោលការណ៍​ចំនួន​៤​យ៉ាង​គឺ​លឿន​រហ័ស ប្រសិទ្ធភាព យុត្តិធម៌ និង​តម្លាភាព​។​

លោក​បាន​បន្តថា ដើម្បី​អាច​ទប់ស្កាត់​ការឆេះ​រាលដាល​បាន​មុន​កម្លាំង​នគរបាល​បានរៀបចំ​ពង្រាយ​រថយន្ត​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​គោលដៅ​នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន​៨​គោលដៅ​ដែលមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤៨​គ្រឿង មាន​កម្លាំង​នគរបាល​ចំនួន​១៣៥​នាក់ និង​កម្លាំង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៤០​នាក់​។​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដែល​បាននិងកំពុង​តួនាទី​យ៉ាងសកម្ម​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​គេចផុត​គ្រោះ​អគ្គិភ័យ​ដែល​បានកើត​ឡើង​។​

លោក​បន្តថា ទន្ទឹមនឹង​ការខិតខំ​នេះ យើង​ក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ការខ្វះ​មធ្យោបាយ​សម្ភារៈ​ឧបករណ៍​សម្រាប់​សង្គ្រោះ ពេល​មាន​អគ្គិភ័យ​កើតឡើង នៅតាម​អគារ​សំណង់​ខ្ពស់ៗ ដែល​ទាមទារ​ឲ្យ​គ្រប់​ស្ថាប័ន​ជាតិ​ថ្នាក់ក្រោម​ជាតិ កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ការបង្ការ និង​ពន្លត់​អគ្គិភ័យ មន្ត្រីរាជការ​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ឯកជន​និង​សប្បុរសជន នានា ចូលរួម​គាំទ្រ​ការអនុវត្ត​ច្បាប់​ស្តីពី​ការបង្ការ​និង​ពន្លត់​អគ្គិភ័យ ពិសេស​ការរៀបចំ​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​អគ្គិភ័យ ការបង្កើត​ច្រកទ្វារ​សុវត្ថិភាព និង​ចូលរួម​ឧបត្ថម្ភ មធ្យោបាយ​សម្ភារៈ​ថវិកា ជូន​អង្គភាព បង្ការ​និង​ពន្លត់​អគ្គិភ័យ ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មា​នា​គ្រោះ​អគ្គិភ័យ​កើតឡើង៕