ព័ត៍មានទាន់​ហេតុការណ៏
Search

រាជបណ្ឌិត្យសភាកម្ពុជា​ និង​ សាកលវិទ្យាល័យ​កាន​ធឺ​ ចុះ​អនុស្សារណៈ​យោគយល់​លើ​កិច្ចសហប្រតិបត្តិការ​

​ខេត្ត​កាន​ធឺ ៖ លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូទៅ​បំពេញ​ទស្សនកិច្ច​ នៅ​សាកលវិទ្យាល័យ​កាន​ធឺ (Can Tho University) ប្រទេស​វៀតណាម ​កាលពី​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​សាកលវិទ្យាល័យ​កាន​ធឺ​។​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ លោកស្រី​ក៏បាន​បង្ហាញ​ពី​សាវតារ ​និង​ ដំណើរ​វិវត្តន៍ ព្រមទាំងរ​ចនាស​ម័​ន្ធ​ការងារ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ដែល​ក្នុងនោះ​មាន​វិទ្យាស្ថាន​ចំណុះ​ចំនួន​ ៦ មជ្ឈមណ្ឌល ចំនួន​ ៣ អគ្គលេខាធិការដ្ឋាន​ចំនួន​ ១ ក្រុមទី​ប្រឹក្សា និង​ ក្រុម​បណ្ឌិតសភា​ចា​រ្យ​។

ក្រោយពី​ជ្រាប​លើ​របាយការណ៍​នេះ លោក​សាស្ត្រាចារ្យ​រង​បណ្ឌិត HA THANH TOAN សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កាន​ធឺ ​បាន​បញ្ជាក់ថា សាកលវិទ្យាល័យ​កាន​ធឺ​ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ១៩៦៦ ដែល​បច្ចុប្បន្នសាកលវិទ្យាល័យ​នេះ​មាន​ផ្ទៃក្រឡា ១១១ ​ហិចតា ស្ថិតនៅក្នុង​ក្រុង​កាន​ធឺ ខេត្ត​កាន​ធឺ ប្រទេស​វៀតណាម និង ​មាន​និស្សិត​កំពុង​សិក្សា​មាន​ចំនួន​ជាង ៦​ ម៉ឺន​រូប​។សាកលវិទ្យាល័យ​នេះ​មាន​ទីតាំង​ចំនួន​ ៤ ​កន្លែង​ ដែល​ក្នុងនោះ​រួមមាន​សាលា​បច្ចេកទេស​ចំនួន​ ៧ មាន​មហាវិទ្យាល័យ​ចំនួន​ ៨ មាន​វិទ្យាស្ថាន​ចំនួន​ ៣ មាន​មជ្ឈមណ្ឌល​ចំនួន​ ៤ មាន​គ្រឹះស្ថានបោះពុម្ពផ្សាយ​ចំនួន​ ១ គ្រឹះស្ថាន​បណ្តុះបណ្តាល​ភាសា​មាន​ចំនួន ​៣​ ភាសា និង​គ្រឹះស្ថាន​ប្រឹក្សា ​និង ​ផ្តល់យោបល់​ការសិក្សា​ និង​ ការស្រាវជ្រាវចំនួន​ ៣​។

​ក្រោយពី​កិច្ចពិភាក្សា​យល់ដឹង​ពីគ្នា​ទៅវិញទៅមក ភាគី​ទាំង​ពីរបាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​ និង សាកលវិទ្យាល័យ​កាន​ធឺ ដោយ​ផ្តោតលើ​បញ្ហាសំខាន់​ចំនួន​ ៣ ​គឺ ១-​ការបណ្តុះបណ្តាល​ជំនាញ​ជូន​មន្ត្រី​ និង​បុគ្គលិក ២-​ការសិក្សា​ស្រាវជ្រាវ ការបោះពុម្ពផ្សាយ ​និង​ ការរៀបចំ​សិក្ខាសាលា សន្និសីទ​អន្តរជាតិ​លើ​គម្រោង​វិទ្យាសាស្ត្រ​នានា និង​ ៣-​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​អ្នកសិក្សា និង​ អ្នកស្រាវជ្រាវ​។លើសពីនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​លើ​ការ ជួយ​គ្នា​ទៅវិញទៅមក ​ដើម្បី​ដោះស្រាយ​បញ្ហា​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​ និង​ តម្រូវការ​ចាំបាច់ ព្រមទាំង​ការជួយ​សម្របសម្រួល​លើ​ការផ្តល់ជូន​នូវ​ទិន្នន័យ​នៃ​បណ្ណាល័យ​អេឡិចត្រូនិក និង ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​របស់បណ្ណាល័យ​អេឡិចត្រូនិក​ផងដែរ​។

ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​លើ គម្រោង​រៀបចំ​សន្និសីទ​រួមគ្នា​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ លើ​បញ្ហា​ការ​សន្សំសំចៃ​ទឹក​ក្នុង វិស័យ​កសិកម្ម​ សម្រាប់​កសិករ​នៅតាម​ដង​ទន្លេមេគង្គ​។ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​រង​បណ្ឌិត HA THANH TOAN បាន​ឯកភាព​លើ​ការផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ទាំងស្រុង​ ក្នុងការ​រៀបចំ​សន្និសីទ​នេះ​។

សន្និសីទ​នេះគ្រោង​រៀបចំ​រយៈពេល​ ១​ ថ្ងៃ នឹង​អញ្ជើញ​វាគ្មិន​មកពី​ប្រទេស​តាម​ដង​ទន្លេមេគង្គ និង​ពី​ស្ថាប័ន​អង្គភាព​ដែល​ពាក់ព័ន្ធ នឹង​ការផ្តល់​ផលប្រយោជន៍ និង​ ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេមេគង្គ​។លទ្ធផល​នៃ​អង្គ​សន្និសីទ​នេះ ភាគី​ទាំងពីរ​នឹង​យកទៅ​បោះពុម្ព​ជា​សាធារណៈ ព្រមទាំង​គ្រោង​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​បន្ថែមទៀត​ ដើម្បីស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា ដែល​អង្គ​សន្និសិទ​បាន​រកឃើញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114